(15-08-2016) ប៉ៃលិន៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកការដ្ឋានជួសជុលកំណាត់ផ្លូវមួយខ្សែប្រវែង ៤៨៥០ម នៅក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
កំណាត់ផ្លូវលំមួយខ្សែនេះ គឺជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយ សំរាប់ដឹកកសិផល ក៏ដូចជាការធ្វើដំណើរទៅមក របស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលផ្លូវនេះមានប្រវែង ៤៨៥០ម, ទទឹង៧ម, មានសំណង់លូ ៧កន្លែង, ចាប់ផ្តើមពីចំណុចគល់ស្ពានបេឡេ ផ្លូវបំបែកភូមិអូរតាវ៉ៅ រហូតដល់ ផ្លូវបំបែកពេជ្រគិរី ចំនុចខ្ទមអ្នកតា ស្ថិតក្នុងភូមិអូរតាវ៉ៅ ដែលចំណាយកញ្ចប់ថវិកាជួសជុលរបស់សាលាខេត្តប៉ៃលិន។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាពក្នុងរយៈពេលជាង១០ឆ្នាំមកនេះ យើងមានឱកាសកសាង អភិវឌ្ឍន៍ខេត្ត-ក្រុងរបស់យើងអោយមានការរីកចំរើន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរបស់ប្រជាពលរដ្ឋយើង។ ផ្លូវលំជាច្រើនខ្សែ ទាំងនៅក្នុងទីក្រុង និងនៅជនបទ យើងបានរៀបចំបាតគ្រិះផ្លូវ រួចរាល់ សំរាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋជាបណ្តើរៗ ហើយមានផ្លូវជាច្រើនខ្សែទៀតយើងបានសំរេចការកសាងជាស្ថាពរផងដែរ។ ជាក់ស្តែងសំរាប់ឱកាសពេលនេះយើងបានបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែបន្ថែមទៀត សំរាប់បំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលផ្លូវនេះយើងធ្លាប់បានកសាងពីមុនរួចមកហើយ តែត្រូវបានខូចខាតទៅវិញមួយចំនួនធំ។ ឯឧត្តមបានបន្តថា យើងពិតជានៅមានតម្រូវការផ្លូវថ្នល់ច្រើនសំរាប់ប្រជាពលរដ្ឋធ្វើដំណើរ ដឹកជញ្ជូនកសិកម្ម ប៉ុន្តែយើងត្រូវធ្វើដោយសន្សឹមៗ ពីមួយឆ្នាំទៅមួយឆ្នាំ ទៅតាមលទ្ធភាពរបស់យើង , អោយតែយើងនៅមានសន្តិភាព មានការឯកភាពជាតិ យើងនឹងនៅតែមានឱកាស កសាង អភិវឌ្ឍន៍ខេត្ត ក្រុងរបស់យើងអោយរីកចំរើនជាលំដាប់។ ឯកឧត្តម បានមានប្រសាសន៍ណែនាំសូមអោយប្រជាពលរដ្ឋត្រូវចេះជួយថែរក្សា ចេះសំអាតផ្លូវថ្នល់របស់យើងអោយបានល្អ ធានាការប្រើប្រាស់បានយូរអង្វែង ព្រោះវាជាផ្លូវរបស់យើងទាំងអស់គ្នា ហើយយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផ្លូវនេះ ដូចទៅនឹងមនុស្សយើងអញ្ចឹងដែរ បើស្អាត មានសោភ័ណភាព មានអនាម័យ យើងនឹងមានលាភ មានរាសី ទៅតាមនោះដែរ។ ឯកឧត្តម ក៏បានណែនាំសូមអោយប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់មានសំបុត្របញ្ជាក់កំណើរ និងអត្តសញ្ញាណប័ណ្ណ ត្រូវប្រញាប់ធ្វើអោយបានរូសរាន់ ព្រោះអត្តសញ្ញាណ ប័ណ្ណមានសារៈសំខាន់ណាស់សំរាប់ប្រជាពលរដ្ឋគ្រប់រូប , អត្តសញ្ញាណប័ណ្ណ ជាអ្នកបញ្ជាក់ថាយើងជានណា? មកពីណា? ។ ការស្នាក់នៅ ការលក់ដូរផ្ទេរកម្មសិទ្ធ ការធ្វើដំណើរ ការធ្វើការងារ ការរៀនសូត្ររបស់កុមារ គឺត្រូវការអត្តសញ្ញាណប័ណ្ណទាំងអស់ ពិសេសគឺការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ សំរាប់ប្រើសិទ្ធរបស់ខ្លួនក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្ត៕
[youtube id= “3_XTVSFAaFM”]