(09-08-2016) ប៉ៃលិន៖ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ មានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយពីបញ្ហាប្រឈមនៃការនាំចេញកសិផលខ្មែរទាំង៦ខេត្ត នៅភាគពាយព្យ នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ឯកឧត្តម ហឿង សុគុណ អភិបាលរងខេត្តបាត់ដំបង លោក សាន ភិរុណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ លោកជំទាវ ស៊ុំ ហៀងប្រធានសភាពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្ម មកពីខេត្តទាំង៦ នៃភាគពាយព្យ មានខេត្តព្រះវិហារ ឧត្តមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និងខេត្តប៉ៃលិន ព្រមទាំងមានតំណាងក្រុមហ៊ុន អាជីវករ និងឈ្មួញនាំចេញកសិផលខ្មែរជាច្រើននាក់ទៀតបានចូលរួមផងដែរ។
លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនបានមានប្រសាសន៍ថា កន្លងមកភាគីថៃតែងតែដាក់របាំងបច្ចេកទេសជាមួយភាគីកម្ពុជា ក្នុងការនាំចេញកសិផលមួយចំនួនដែលបានហាម ពិសេសគឺពោតក្រហម។ ក្រៅពីនោះមានកសិផលខ្មែរ១៨មុខទៀតដែលភាគីថៃហាមមិនអោយនាំចូលពីកម្ពុជា លុះត្រាតែភាគីកម្ពុជាធ្វើការវិចខ្ចប់អោយបានត្រឹមត្រូវ និងបញ្ជាក់ពីទីតាំងអោយបានច្បាស់លាស់ ទើបអាចនាំចូលបាន។ កសិផលទាំងនោះមានដូចជា ស្វាយ ស្នៀតពោត ម្នាស់ មៀនប៉ៃលិន ល្ពៅ ល្ហុង ននោង ជ័រកៅស៊ូ ស្រូវ អង្កាំ ក្រូចពោធិសាត់ ស្រការនាគ ត្រប់ចង្កោម ក្រូចឆ្មា ប៉េងប៉ោះ ធុរ៉េន ចំប៉ាដក និងឪឡឹក។
លោកប្រធានមន្ទីរទាំង៦ខេត្ត នៅភាគពាយព្យ និងអាជីវករ ក្រុមហ៊ុននាំចេញកសិផលខ្មែរ បានលើកឡើងថា កន្លងមកការនាំចេញកសិផលខ្មែរយើងគឺពឹងផ្អែកលើទីផ្សារប្រទេសថៃ និងវៀតណាម ហើយប្រទេសទាំងនោះ តែងមានរបាំងបច្ចេកទេស បញ្ជាក់ពីគុណភាព ទីកន្លែងផលឹត មានក្រុមហ៊ុនច្បាស់លាស់ ។ ប្រទេសថៃមានឯកសារច្បាប់ស្មុគ្រស្មាញ ហើយត្រូវទៅបំពេញនៅទីក្រុងបាងកក ចំណាយពេលវេលា និងថវិកា ។ ម្យ៉ាងទៀត មធ្យោបាយដឹកជញ្ជូនក៏មានការលំបាក ដោយពីមុនអាច ដឹកកសិផលដោយប្រើរថយន្តធន់ធំ, ដឹកបានច្រើន, តែពេលនេះគេកំណត់អោយដឹកតែរថយន្តកង់៦ តែការបង់សេវាផ្សេងៗ គឺនៅមានតម្លៃ ដដែល។ នៅខេត្តព្រះវិហារ ការទំនាក់ទំនងទ្វេរភាគីជាមួយថៃមិនសូវបានល្អ ការនាំចេញកសិផលរបស់ប្រជាពលរដ្ឋរឹតតែមានការលំបាក ហើយកសិផលជាច្រើនរបស់ប្រជាកសិករមិនមានទីផ្សារ។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តរួចហើយ ក្នុងការកសាងស្ពាន ផ្លូវ មធ្យោបាយដឹកជញ្ជូន ទៅកំពង់ផែ ក៏ដូចជាការរទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសទី៣ដោយផ្ទាល់ មិនបាច់នាំចេញតាមរយៈប្រទេសថៃ ឬវៀតណាមទៀតទេ។ ដូច្នេះ យើងលែងពិបាកលើបញ្ហាទីផ្សារកសិផលរបស់យើងទៀតហើយ។ ប៉ុន្តែសំរាប់រយៈពេលបច្ចុប្បន្ននេះ យើងត្រូវពឹងលើទីផ្សារប្រទេសទាំងនោះ ហើយយើងចាំបាច់ត្រូវមានការជួបពិភាក្សានូវកិច្ចសហប្រតិប័ត្តការរវាងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធប្រទេសទាំងពីរធ្វើយ៉ាងណាដើម្បីសំរួលលើរការងារពាណិជ្ជកម្មដឹកជញ្ជូនរបស់ប្រជាពលរដ្ឋយើងអោយបានល្អ រកទីផ្សារលក់ផលឹតផលប្រជាកសិករខ្មែរយើង។ ទន្ទឹមនេះប្រជាកសិករយើងក៏ត្រូវសំរិតសំរាំងផលឹតផលរបស់ខ្លួនអោយបានល្អ មានគុណភាព ស្តង់ដាកំណត់ផងដែរ។ សមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជាយើង ក៏ត្រូវខិតខំសំរួលការងារអោយបានល្អប្រសើជូនអាជីវករ ក្រុមហ៊ុននាំចេញកសិផលរបស់ប្រជាពលរដ្ឋខ្មែរ លើកទឹកចិត្ត ក្នុងការនាំកសិផលខ្មែរយើងទៅកាត់ទីផ្សារ, បើភាគីថៃលំបាកហើយ សូមកុំ អោយខាងខ្មែរលំបាកថែមទៀត។ ឯកឧត្តម បានមានប្រសាសន៍បន្តថា យើងក៏ត្រូវយកចិត្តទុកដាក់លើ ការជំរុញអោយមានវិន្និយោគក្នុងស្រុក ក៏ដូចជាវិន្និយោគពីខាងក្រៅ បង្កើតកន្លែងកែច្នៃកសិផលក្នុងស្រុក ដែលជាទីផ្សារមួយរបស់ប្រជាកសិករខ្មែរយើងផងដែរ។ ឯកឧត្តម កើត សុធា ក៏បានស្នើសុំរាជរដ្ឋាភិបាលបង្កើតកន្លែងត្រួតពិនិត្យគុណភាព អនាម័យ មួយកន្លែងនៅនឹងខេត្តជាប់ព្រំដែនភាគពាយ័ព្យនេះដើម្បីសំរួលដល់អាជីវករ ក្រុមហ៊ុន សំរាប់បញ្ជាក់ពីគុណភាព អនាម័យសំរាប់នាំចេញទៅក្រៅប្រទេសផងដែរ៕
[youtube id= “emVzdV2qfww”]