(15-05-2015) ប៉ៃលិន៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ លោក សាំង វុទ្ធី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា បានជួបប្រជុំជាមួយប្រធានក្រុមបក្សសង្កាត់ និងក្រុមបក្សភូមិទាំងអស់ក្នុងសង្កាត់បយ៉ាខាដើម្បីផ្សព្វផ្សាយសេចក្តីថ្លែងការណ៍រួមរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ស្តីពីការអនុវត្តវប្បធម៌សន្ទនា ដែលបានចុះហត្ថលេខារួមគ្នារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយឯកឧត្តមសម រង្សី ប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥កន្លងទៅ។
លោក សាំង វុទ្ធី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខាបានមានប្រសាសន៍ថា សេចក្តីថ្លែងការណ៍រួមរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ស្តីពីការអនុវត្តវប្បធម៌សន្ទនាមាន៧ចំណុចដូចជា ទី១-ស្មោះត្រង់នឹងគ្នា យក វប្បធម៌សន្ទនាធ្វើជាមូលដ្ឋាន ក្នុងការពិភាក្សាដោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាជាតិ និងសង្គម ដែលភាគីទាំងពីរអាចមានទស្សនៈមិនទាន់ស្របគ្នា។ ទី២ គោរព និងអោយតំលៃ គ្នាទៅវិញ ទៅមក ។ ទី៣ ជៀសវាងអោយខាងតែបាននូវការញោះញង់ ការលាបពណ៌គ្នា ការប្រើពាក្យអសុរោះ និងការជេប្រមាថគ្នា ដូចជាប្រើពាក្យ អាក្បាលយួនខ្លួនខ្មែរ អាក្បត់ជាតិ អាលក់ជាតិ អាមេចោរ អាកូនចោរជាដើម។ ទី៤ ជៀសវាងការគំរាមកំហែង ការបំភ័យតាមគ្រប់រូបភាពដូចជាប្រើពាក្យចាប់ដាក់គុក សង្រ្គាមនឹងកើតឡើងជាដើម។ ទី៥ លុបបំបាត់ ចោលនូវគំនិតនៃការគុំគួន សងសឹកគ្នា បញ្ចប់នូវនយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី។ ទី៦ លុបបំបាត់ចោលនូវនយោបាយប្រកាន់ពូជសាសន៍ និងនយោបាយជ្រុលនិយម។ទី៧ អប់រំណែនាំជាប្រចាំដល់មន្រ្តីគណបក្ស សមាជិក សមាជិកា និងអ្នកគាំទ្របក្សរៀងៗខ្លួនចាប់តាំងពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន អោយអនុវត្តខ្លឹមសារខាងលើនេះអោយមានប្រសិទ្ធភាពខ្ពស់។ លោកសាំង វុទ្ធី បានបន្តថា កន្លងមកតែងមានពាក្យមិនសមរម្យ ការជែប្រមាថ ការលាបពណ៌គ្នារវាងគណបក្សទាំងពីរ ដែលបញ្ហានេះថ្នាក់ដឹកនាំនៃគណបក្សទាំងពីរយល់ថា មិនបាននាំមកនូវផលល្អសំរាប់សង្គមជាតិឡើយ តែនាំមកនូវការបែកបាក់គ្នា ការស្អប់ខ្ពើមគ្នា ការចងកំហឹងនឹងគ្នាទៅវិញ។ ដូច្នេះថ្នាក់ដឹកនាំគណបក្សទាំងពីរ បានឯកភាពគ្នាធ្វើសេចក្តីថ្លែងការណ៍រួម បញ្ចប់នូវអំពើមិនល្អទាំងនោះ ហើយនាំមកនូវសេចក្តីសុខ ភាពរីកចំរើនសំរាប់សង្គមជាតិរបស់យើង។ លោកបានណែនាំដល់សមាជិក សមាជិកាគណបក្សសង្កាត់ និងគណបក្សភូមិទាំងអស់ ត្រូវយកខ្លឹមសារសេចក្តីថ្លែងការណ៍រួមនេះណែនាំបន្តដល់សមាជិកក្រុមបក្សរបស់ខ្លួន និងត្រូវណែនាំចង្អុលបង្ហាញដល់សមាជិកគណបក្សសង្គ្រោះជាតិដែលនៅមិនទាន់បានយល់ដឹង ឬនៅតែរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមនេះ អោយងាកមកអនុវត្តអោយបានត្រឹមត្រូវទាំងអស់គ្នា។
[youtube id= “ZhGJmXmW-YU”]