(04-08-2016) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានរៀបចំកិច្ច ប្រជុំសាមញ្ញលើកទី២៧ អាណត្តទី២ ដែលកិច្ចប្រជុំនេះស្ថិតក្រោមវត្តមាន ឯកឧត្តមឡី ចាន់ ឆាយ ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត អភិបាលស្រុក /ក្រុង លោកប្រធាន អនុប្រធានមន្ទីរ លោកមេបញ្ជាការ បញ្ជាការរង កងកំលាំងប្រដាប់អាវុធ និងមន្ត្រីស្ថាប័នជំនាញនានាជុំវិញខេត្តផងដែរ ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងអនុម័តរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២៧ ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ ពិនិត្យ និងអនុម័តរបាយការណ៏ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០១៦ និង បញ្ហាផ្សេងៗ។
កិច្ចប្រជុំក៏បានពិភាក្សា និងលើកឡើងលើបញ្ហាប្រឈមមួយចំនួននៅសេសសល់ដែលរដ្ឋបាលខេត្តមិនទាន់ដោះស្រាយ ដូចជា៖ទី១/បញ្ហាការធ្វើរបាយការណ៏នូវតែយឺតយ៉ាវ។ទី២/បញ្ហាសំនង់ អាគារធ្វើការសាងសងអត់ទាន់មានច្បាប់ត្រឹមត្រូវ។ទី៣/បញ្ហាការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុនៅមានកំរិត។ទី៤/បញ្ហាគ្មានអ្នកមកប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារ។ទី៥/បញ្ហាមន្រ្តីមកធ្វើការងារអត់ទៀងទាត់ និងបញ្ហាអវត្តមាន។ទី៦/ការធ្វើផែនការវិនិយោគនៅតាមភូមិ/ឃុំ/ក្រុង/ស្រុកនិងមន្ទីរស្ថាប័នទាំងអស់នៅយឺតយ៉ាវ។និងទី៧/ប្រជាពលរដ្ឋមួយចំនួនមិនចូលរួមគោរពច្បាប់ចរាចរណ៏។
ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ណែនាំដល់អង្គភាពមន្ទីរនិងមន្រ្តីជំនាញដែលជាប់ពាក់ព័ន្ធអោយខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាទាំងអស់ដែលកើតមានឡើងអោយបានឆាប់រហ័ស។ឯកឧត្តមបន្តថា៖ គ្រប់អង្គភាពមន្ទីរស្ថាប័នជំនាញទាំងអស់បានយកចិត្តទុកធ្វើការបំរើសេវាជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានបានល្អ ជាពិសេសត្រូវសហការ សាមគ្គីផ្ទៃក្នុងអោយបានល្អ ដើម្បីអនុវត្តគោលនយោបាយយុទ្ធសាស្រ្តដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាអោយ មានប្រសិទ្ធិភាព។គ្រប់អង្គភាពមន្ទីរជំនាញទាំងអស់ត្រូវចូលរួមប្រជុំបានជាប់ជាប្រចាំ ព្រោះប្រជុំមានសារៈសំខាន់ណាស់ដើម្បីចូលរួមមតិយោបល់ ព្រមទាំងធ្វើបកស្រាយបំភ្លឺជូនសមាជិកក្រុមប្រឹក្សាខេត្ត និងដោះស្រាយបញ្ហាដែលលើកឡើងក្នុងន័យបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងរក្សាសណ្តាប់ធ្នាប់សុខសុវត្តិភាពអោយល្អផងដែរ។
ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍សំដែងការកោតសរសើរដល់ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពមន្ទីរស្ថាប័នទាំងអស់ដែលបានខិតខំអនុវត្តការងាររបស់ខ្លួនបានល្អប្រសើរ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍រីកចំរើននៅក្នុងខេត្តប៉ៃលិន។ឯកឧត្តមបានសំណូមពរដល់គណៈអភិបាលខេត្តត្រូវពង្រឹងសមត្ថភាព ក្នុងការគ្រប់គ្រងរដ្ឋបាលអោយបានរឹងមាំ ដើម្បីឆ្លើយតបបំរើសេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធិភាព។ពាក់ព័ន្ធចំពោះសន្តិសុខសណ្តាប់ចរាចរណ៏លើផ្លូវសាធារណៈនៅខេត្តប៉ៃលិន ឯកឧត្តមបានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវមានកិច្ចសហការគ្នាឲ្យបានល្អដើម្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋមានការយល់ដឹងគ្រប់ៗគ្នា។ទន្ទឹមនេះថ្នាក់ដឹកនាំទាំងអស់ត្រូវចុះជួបប្រជាពលរដ្ឋនៅមូលដ្ឋានអោយបានជាប្រចាំដើម្បីធ្វើការដោះស្រាយរាល់ការលំបាករបស់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ។
[youtube id= “6jMG1hz6E1c”]