(23-07-2016) ប៉ៃលិន៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្នាក់ការបក្សសង្កាត់អូរតាវ៉ៅ លោក ស៊ុន យី ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ៃលិន រួមជាមួយក្រុមការងារ បានជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាជិការបក្សភូមិទាំងអស់ នៅក្នុងសង្កាត់អូរតាវ៉ៅ ដើប្បីពង្រឹងការងារបក្ស និងផ្សព្វផ្សាយផែនការថ្មី ក្នុងការចុះឈ្មោះបោះឆ្នោតសម្រាប់រៀបចំបញ្ជីបោះឆ្នោតថ្មី២០១៦ ។
លោក ស៊ុន យី បានមានប្រសាសន៍ថា៖ ការអភិវឌ្ឍន៍ កសាងប្រទេសជាតិ ឲ្យមានការរីកចម្រើន មកដល់បច្ចុប្បន្ននេះ គឺសុទ្ធសឹងជាការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីកម្ពុជា ដែលបានខិតខំស្តារកសាងប្រទេស មានការវិវត្តរីកចំរើនគ្រប់វិស័យ ហើយបាន រួមសុខរួមទុក្ខ ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋយើងជារៀងរហូតមក និងបានខិតខំថែរក្សាការពារ សុខសន្តិភាពជូនប្រទេសជាតិ ប្រជាជនយើងរស់នៅបានសុខសាន្ត។ លោកបានបន្តថា៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ មានការចុះឈ្មោះអ្នកបោះឆ្នោត សម្រាប់រៀបចំបញ្ជីបោះឆ្នោតថ្មី ២០១៦ ដើម្បីត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ ។ ដូចនេះប្រជាពលរដ្ឋយើងដែលមានអាយុចាប់ពី១៨ឆ្នាំឡើងត្រូវអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ហើយដើម្បីចុះឈ្មោះបាន ទាល់តែប្រជាពលរដ្ឋយើងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដូចនៅតាមភូមិនីមួយៗ លោកមេភូមិ ទាំងអស់ត្រូវពិនិត្យមើល តើប្រជាពលរដ្ឋយើង តើមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គ្រប់គ្នាហើយឬនៅ បើបងប្អូនណាមិនទាន់បានធ្វើ ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាត់ ឬ ខូចត្រូវជួយ សម្របសម្រួលឲ្យគាត់បានទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា។ ម្យ៉ាងទៀតត្រូវពិនិត្យ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលចំណាកស្រុកទៅរកស៊ីនៅក្រៅខេត្ត ឬ ទៅរកស៊ីនៅក្រៅប្រទេសជិតខាងក្តី ត្រូវជួយផ្សព្វផ្សាយឲ្យពូកគាត់បានមកធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានឆាប់គ្រប់គ្នា ព្រោះថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មិនមែនមានសារៈសំខាន់ តែចំពោះការចុះឈ្មោះបោះឆ្នោតនោះទេ គឺបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋយើងគ្រប់បែបយ៉ាង ទាំងការដាក់ពាក្យរកការងារធ្វើជាដើមផងដែរ។
ទទឹមនេះត្រូវយកចិត្តទុកដាក់ ដោះស្រាយរាល់នូវបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋយើងឲ្យបានឆាប់ ពិសេសសេវាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ឲ្យបានឆាប់បំផុត។ លោកបានបន្តទៀតថា៖ តាមភូមិនីមួយៗបើមានបញ្ហាអ្វីកើតឡើងមិនប្រក្រតីត្រូវរាយការណ៍ជូនមេឃុំ/ចៅសង្កាត់ជាបន្ទាន់ ដើម្បីយើងរួមគ្នា មានវិធានការទប់ស្កាត់និងដោះស្រាយឲ្យបានទាន់ពេលវេលា។ ព្រមជាមួយនេះ លោកក៏បាន ស្នើរឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួម អនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពដោយរួមគ្នាទប់ស្កាត់កុំឲ្យមានក្រុមក្មេងទំនើង ការសេពគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងភូមិឃុំ ហើយនិងចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ត្រូវពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ។
ក្នុងឱកាសនេះផងដែរ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវជ្រើសរើសយកពូជដំណាំណា ដែលធ្វើឲ្យយើងទទួលបានផលចំណេញ សំខាន់ការជ្រើសរើសពូជ ។ហើយនៅរសៀល ថ្ងៃដដែលនោះ លោក ស៊ុន យី ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ៃលិន បានចុះជួបសំណេះសំណាល ជាមួយក្រុមការងារបក្សនៅភូមិតាង៉ែនលើផងដែរ៕
[youtube id= “FxjGGH2mTYM”]