ឯកឧត្តម អ៊ី ឈាន នាំយកទៀនព្រះវស្សា និងទេយ្យទាន បច្ច័យ វេរប្រគេនចំពោះព្រះសង្ឃ ទាំង៣២វត្ត ក្នុងខេត្តប៉ៃលិន


(18-07-2016) ប៉ៃលិន៖ ​ថ្ងៃទី​១៨​ ខែកក្កដា ​ឆ្នាំ​២០១៦ ​ឯក​ឧត្តម ​អ៊ី ​ឈាន ​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ ​ចុះ​ជួយ​ខេត្ត​ប៉ៃលិន ​និង​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​ បាន​នាំយក​ទៀន​ព្រះ​វស្សា ​និង​ទេយ្យ​ទាន ​បច្ច័យ ​វេរ​ប្រគេន​ព្រះ​សង្ឃ ​ដែល​គង់ចាំ​ព្រះ​វស្សា ​ចំនួន​៣២វត្ត​ ក្នុង​ខេត្ត​ប៉ៃលិន​។ ​ពិធី​ប្រគេន​ទៀន​ព្រះ​វស្សា​នេះ​បាន​ធ្វើ​ឡើង ​នៅ​វត្ត​ព្រះពុទ្ធ​ត្រៃ​រតន៍​មង្គល ​ហៅវត្ត​អូរប្រើស​ ស្ថិត​ក្នុង​សង្កាត់​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ អ្នក​ឧកញ្ញា ​មន្រ្តី​រាជ​ការ​ ពុទ្ធ​បរិស័ទ​ ជា​ច្រើន​នាក់​ទៀត​ផង​ដែរ​ ។

​តាម​ទំនៀម​ទំលាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា ​ ព្រះ​សង្ឃ​ទាំង​ឡាយ​គ្រប់​អារាម​ក្នុង​ព្រះ​រាជា​ណាចក្រ​ កម្ពុជា​ត្រូវ​និមន្ត​ចូល​កាន់​ព្រះ​វស្សា​អស់​ថេរ​វេលា ​៣ខែ ​ចាប់​តាំង​ពីថ្ងៃ ​១រោច​ខែអាសាធ​តទៅ ​។​  ក្នុង​រយៈ​វេលា៣ខែ​នេះ​នៅ​គ្រប់​ព្រះ​វហារ​នៃ​ទី​វត្ត​ទាំង​ឡាយ​ គេ​តែង​រក្សា​ភ្លើង​ទៀន​ព្រះ​វស្សា​ឲ្យ​នៅ​ឆេះ​ជា​និច្ច ​។​ ទៀន​វស្សា​ និង​បរិក្ខា​ផ្សេងៗ​មាន​សារៈ​សំខាន់​ណាស់​ សំរាប់​ព្រះ​សង្ឃ​គង់​នៅ​វត្ត​អារាម​នីមួយៗ​ នៅ​ទូទាំង​ប្រទេស ​នា​រដូវ​កាល​នៃ​ពិធី​បុណ្យ​ចូល​ព្រះ​វស្សា​នេះ ​ព្រោះថា ​នៅ​រដូវ​កាល​នៃ​ការ​ចូល​ព្រះ​វស្សា​ មាន​ភ្លៀង​ធ្លាក់​ច្រើន​ បង្ក​រការ​លំបាក​ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ  ​និង​សាម​ណេរ​ក្នុង​ការ​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​ នៅ​តាម​តំបន់​ផ្សេងៗ​ នា​ភូមិ​ដ្ឋាន​ប្រជា​ពល​រដ្ឋ ​ហើយ​នា​ពេល​នេះ​ទៀត​ ពុទ្ធ​បរិស័ទ​ជើង​វត្ត​ក៏​មាន​ភាព​មមាញឹក​នឹង​ការ​ធ្វើ​ស្រែ​ចំការ​ នារដូវ​វស្សា​ សំរាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ​។​

​ក្នុង​ឱកាស​នោះ ​ឯក​ឧត្តម​ អ៊ី ​ឈាន ​បាន​មាន​ប្រសាសន៍​ថា ​ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​នាំ​មក​នូវ​សុខ​សន្តិភាព​ ស្ថិរ​ភាព​នយោបាយ ​និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ​ទាំង​ខាង​ពុទ្ធ​ចក្រ ​និង​អាណា​ចក្រ ​, ប្រជា​ពល​រដ្ឋ​កម្ពុជា​ បាន​រស់នៅ​បាន​សុខ​ស្រួល ​សប្បូរ​សប្បាយ ​មាន​សិទ្ធិ​សេរី​ភាព​ ។​

​ឯក​ឧត្តម ​បាន​បន្តថា ​បើ​យើង​ក្រលេក​មើល​ពី​អតិត​កាល ​ចាប់​តំាង​ពី​ក្រោយ​ថ្ងៃ​រំដោះ​ ៧ មករា​ ឆ្នាំ​១៩៧៩ ​និង​ក្រោយ​សមា​ហរណ​កម្ម ​១៥ ​មិថុនា ​ឆ្នាំ​១៩៩៦ ​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​កសាង​ ស្តារ ​និង​អភិវឌ្ឍន៍​ឡើង​វិញ​វត្តអារាម​ទាំង​អស់​នៅ​ទូទំាង​ប្រទេស​ ត្បិត​អី​នៅ​ក្នុង​របប៣ឆ្នាំ​ ទីអារាម​ទូទំាង​ប្រទេស​ ត្រូវ​បាន​វាយ​កម្ទេច ​និង​បោះ​បង់​ចោល ​។ ​ចំណែក​វត្ត​ទាំង​អស់​ក្នុង​ខេត្ត​ប៉ៃលិន ​កាល​ពី​អតិត​កាល​គឺ​មាន​ត្រឹម​តែ៦វត្ត​ប៉ុណ្ណោះ ​ហើយ​ឆ្លង​កាត់​រយៈ​កាល​ជាង​១០ឆ្នាំ ​មក​នេះ ​វត្តមាន​រហូត​ដល់​ទៅ ​៣២វត្ត​។​

​ទៀន​ព្រះ​វស្សា ​និង​សម្ភារៈ​បរិក្ខា​ដែល​បាន​យក​ទៅ​ប្រគេន​ដល់​ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​នា​ពេល​នោះ​មាន​៖​ ទៀន​ព្រះ​វស្សា​ចំនួន​៣២គូរ,​ អង្ករ​៤០ការ៉ុង,​ ទឹក​សុទ្ធ​អង្គរ​ពូរ៉ូ​ចំនួន​៦០កេះ,​ ទឹក​ក្រូច​៤០កេះ,​ ទឹក​ដោះ​គោ ​៣២យួរ,​ មី៤០កេះ ​ស្លាដក៣២ ​ប្រេង​ម៉ាស៊ូត ​៣០ប៊ីដុង ​ និង​ថវិកា ​ ១៣.​២៥០.០០០រៀល ​(​១៣​លាន​ ពី​រសែន​ ប្រាំ​ម៉ឺន​រៀល)​។ ​ដោយ​ឡែក​ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​ ​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​ចូល​រួម​ជា​ថវិកា​ចំនួន​៥លាន​រៀល​ផង​ដែរ​។​

cpp-18-07-2016-001 cpp-18-07-2016-002 cpp-18-07-2016-003 cpp-18-07-2016-004 cpp-18-07-2016-005 cpp-18-07-2016-006vv

[youtube id= “QtCAuhHZANc”]