(17-07-2016) ប៉ៃលិន៖ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិនល្ងាចថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៦ មានការរៀបចំពិធីបើកមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរ ជាសកលលើកទី៤ឆ្នាំ២០១៦ ក្រោមអធិបតីយភាព ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិន លោកជំទាវ ស៊ុម ហៀង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃ លិន ព្រមទាំងមានការអញ្ចើញចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។
លោក លឹម ប៉ុនហេង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិនបានអោយដឹងថា៖ការបើកមហាស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសកលលើកទី៤ឆ្នាំ២០១៦គឺជាផ្តល់ឱកាសដល់បេក្ខជន បេក្ខនារីគ្រប់ស្រទាបអោយបានបញ្ចេញសមត្ថភាព និងទេព្យកោសល្យ ក្នុងន័យការថែរក្សាការពារអភិរក្ស និងអភិវឌ្ឍន៏វប្បធម៌ សិល្បៈមិនអោយបាត់បង់ និងធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទៅតាមគ្រប់មូលដ្ឋានអោយបានយល់ជ្រាប និងបង្កើតការយកចិត្តទុកដាក់នូវប្រពៃណីទំនៀមទំលាប់មរតកដែលបុព្វបុរសយើងបានបន្សល់ទុកជាច្រើនគណនា។លោកបន្តថា៖ការបើកមហោស្រពសិល្បៈកំពាព្យ និងចម្រៀងខ្មែរ ជាសកលលើកទី៤ឆ្នាំ២០១៦នេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី១៨ខែកក្តដា ឆ្នាំ២០១៦ដែលបេក្ខជន បេក្ខនារីប្រឡងចំនួន២៨នាក់ ស្រី១០នាក់ មានចំនួន៤ផ្នែកគឺ ទី១/ផ្នែកចំរៀងសម័យចំនួន១៣នាក់ ទី២/ផ្នែកចំរៀងប្រពៃណីចំនួន១១នាក់ ទី៣/ផ្នែកស្មូតចំនួន៣នាក់ ទី៤/ផ្នែកបាសាក់ចំនួន០១នាក់។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ការរៀបចំបើកមហាស្រពក្រោមប្រធានបទសិល្បៈកំណាព្យ និងចំរៀងខ្មែរសកលដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងការពង្រឹងពង្រីងធនធានវប្បធម៌ជាតិអោយមានការរីកចំរើនជាបន្តបន្ទាប់ ហើយជាពិសេសគឺការថែរក្សាការពារកុំអោយបាត់បង់។ឯកឧត្តមបន្តថា៖មហាស្រពថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់សំរាប់ខេត្តប៉ៃលិនរបស់យើង ដែលផ្អែកទៅលើមូលដ្ឋានធនធានមនុស្សដែលមានស្រាប់នៅខេត្តតែម្តង ជាពិសេសដើម្បីរំលឹកដល់គុណនុបការៈ ដ៏សំបូរបែបរបស់បុព្វបុរសខ្មែរយើងគ្រប់ជំនាន់ ព្រមទាំងលើកកម្ពស់នៃការបណ្តុះស្មារតីកូនខ្មែរគ្រប់រូបអោយចូលរួមសកម្មភាពថែរក្សាការពារមរតកវប្បធម៌អរូបីយអោយបានគង់វង្ស រុងរឿង ថ្កើងថ្កានជាឧត្តមដើម្បីជាប្រយោជន៏យើងជារៀងរហូត។ ឯកឧត្តម សំណូមដល់បេក្ខជនបេក្ខនារីត្រូវខិតខំបញ្ចេញអោយអស់ពីសមត្ថភាពដើម្បីទទួលបានលំដាប់ថ្នាក់ទៅប្រកួតប្រជែងនៅថ្នាក់ជាតិបន្តទៀត ។
[youtube id= “KX5Ujk4rM6w”]