សមាគមន៍អតីតយុទ្ធជនខេត្តប៉ៃលិន ប្រារព្វទិវាខួបលើកទី៩ ២១មិថុនា ឆ្នាំ២០១៦


​(13-06-2016) ប៉ៃលិន៖ ថ្ងៃ​ទី១៣ ​ខែមិថុនា ​ឆ្នាំ២០១៦​សមាគមន៍​អតីត​យុទ្ធ​ជន​ខេត្ត​ប៉ៃលិន​បាន​ប្រារព្វ​ទិវា​ខួប​លើក​ទី៩ ​ឆ្នាំ២០១៦​ ដើម្បី​រំលឹក​ដល់​គំរូ​វីរភាព ​និង​គុណ​បំណាច់​ដ៏​ធំធេង​របស់​វីរ​យុទ្ធ​ជន ​យុទ្ធ​ នារី​ នៃ​កង​កំលាំង​ប្រដាប់​អាវុធ ​ប្រជា​ពល​រដ្ឋ​ដែល​បាន​ពលីកម្ម​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វ​ហេតុ​ជាតិ ​មាតុ​ភូមិ។​ ទិវា​នេះ​បាន​ធ្វើ​ឡើង​នៅ​ទី​បញ្ជាការ​តំបន់​ប្រតិប័ត្ត​ការ​សឹង​រង​ខេត្ត ​ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​ជា​ប្រធាន​កិត្តិ​យស​សមាគមន៍​អតីត​យុទ្ធជន​ខេត្ត​ប៉ៃលិន ​និង  ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ ​និង​មន្រ្តី​រាជ​ការ​មួយ​ចំនួន​ទៀត​។​

​លោក  ​សាក់ ​សាមឿន ​ប្រធាន​មន្ទីរ ​សង្គម​កិច្ច ​អតីត​យុទ្ធជន ​និង ​យុវនិតិ​សម្បទា​ខេត្ត ​និង​ជា​អនុ​ប្រធាន​ប្រចាំ​ការ​សមាគមន៍​អតីត​យុទ្ធជន​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថា​បច្ចុប្ប​ន្ន​នេះ​អតីត​យុទ្ធ​ជន​មាន​សរុប​ចំនួន​១៣៨៨នាក់ ​ក្នុង​នោះ​មាន ​គ្រួសារ​ពលី​ចំនួន ​២០០គ្រួសារ ,​ជន​មរណៈ​ចំនួន​៧១នាក់ ​, ជន​ពិការ​ចំនួន​៦៩៦នាក់ ​,​និវត្តន៍​ជន​មាន​ចំនួន​៤១៤នាក់, ​និង​ជន​បាត់​បង់​សម្បទា​ចំនួន​១៧នាក់ ។​ លោក​បាន​បន្តថា ​ អតីត​យុទ្ធជន​ទាំង​អស់​កំពុង​ទទួល​បាន​ប្រាក់​របប​គោល​នយោបាយ​ពី​រដ្ឋ ​ដែល​ត្រូវ​បាន​កែ​សម្រួល​ជា​បន្ត​បន្ទាប់​ ស្រប​តាម​ការ​តម្លើង​ប្រាក់​បៀវត្សន៍ ​មន្រ្តី​រាជ​ការ ​និង​កង​កំលាំង​ប្រដាប់​អាវុធ​ដែល​គិត​បក​ដល់​ឆ្នាំ​២០១៦​នេះ​ ស្មើនឹង ​២៣៥% ​លើ​ប្រាក់​បៀវត្ស​មូល​ដ្ឋាន​។ ​ក្រៅ​ពី​នោះ​រដ្ឋា​ភិបាល​បាន​បន្ត​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ពង្រឹង​ក្រប​ខ័ណ្ឌ​ច្បាប់ ​និង ​លិខិត​បទ​ដ្ឋាន​សំខាន់ៗ​មួយ​ចំនួន​រួមមាន ​៖ ​ ច្បាប់​ស្តីពី​កិច្ច​ការ ពារ ​និង​ លើក​កំពស់​សិទ្ធ​ជន​ពិការ​,​ព្រះ​រាជ​ក្រឹត្យ​ស្តីពី​របប​សន្តិ​សុខ​សង្គម​, អនុ​ក្រឹត្យ​ស្តីពី​បង្កើត​បេឡាជាតិ​អតីត​យុទ្ធជន ​សំដៅ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​ផ្តល់​សេវា​ដល់​អតីត​យុទ្ធ​ជន​។​

​         លោក​ ឧត្តម​សេនីយ៍ត្រី ​ព្រំ ​ប៉ាត់ ​មេ​បញ្ជា​ការ​តំបន់​ប្រតិប័ត្ត​ការ​សឹង​រង​ខេត្ត ​និង​ជា​ប្រធាន​សមាគមន៍​អតីត​យុទ្ធ​ជន​ខេត្ត​ប៉ៃលិន​បាន​អាន​សារ​លិខិត​របស់​សម្តេច​អគ្គ​មហា​សេនាបតី ​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដោយ​មាន​ខ្លឹម​សារ​ថា ​​  សង្គ្រាម ​និង​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត ​បាន​បំផ្លិច​បំផ្លាញ​សង្គម​ជាតិ​ខ្ទេច​ខ្ទី​ដល់​ឬស​គល់ ​ថែម​ទាំង​បន្សល់​ទុក​នូវ​អតីត​យុទ្ធ​ជន​ដែល​ជា​ជន​ពិការ ,​  និវត្តន៍​ជន  ​និង​  ជន​បាត់​បង់​សមត្ថ​ភាព​ការងារ​  ព្រម​ទាំង​គ្រួសារ​ជន​ពលី​មរណៈ​ជាច្រើន ​។ ​ចាប់​តាំង​ពី​ថ្ងៃ​រំដោះ ​៧មករា ​១៩៧៩ ​រាជ​រដ្ឋា​ភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​នានា ​សំដៅ​លើក​កំពស់​សុខ​មាលភាព​ និង​ជីវភាព​រស់នៅ​របស់​បងប្អូន ​អតីត​យុទ្ធជន​អោយ​បាន​ប្រសើរ​ឡើង​ជា​បន្ត​បន្ទាប់​។  ​ ក្រសួង​សង្កម​កិច្ច ​អតីត​យុទ្ធ​ជន ​និង​យុវ​និតិសម្បទា​ក៏​ដូច​ជា​ស្ថាប័ន​ពាក់​ពាន់​នានា​បាន​ផ្តល់​អាទិភាព​ដល់​បងប្អូន​អតីត​យុទ្ធ​ជន ​និង ​ ក្រុម​គ្រួសារ ​ក្នុង​ការ​ទទួល​បាន​នូវ​សេវា​សាធារណៈ​ផ្សេងៗ ​ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​។​

​         ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន  ​និង ​ ជា​ប្រធាន​កិត្តយស​សមាគ​មន៍​អតីត​យុទ្ធ​ជន​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា ​អតីត​យុទ្ធ​ជន​កម្ពុជា ​ជា​សក្ខី​ភាព​នៃ​វីរភាព​របស់​ប្រជា​ជន​កម្ពុជា ​ហើយ​គុណូបការៈ​របស់​អតីត​យុទ្ធ​ជន ​ចាំបាច់​ត្រូវ​មាន​សកម្ម​ភាព​ឆ្លើយ​តប ​និង​ត្រូវ​ផ្តល់​កិត្តិយស់​ដ៏​ខ្ពង់ខ្ពស់ ​អោយ​បាន​សក្តិ​សម​។​ឯក​ឧត្តម​បន្ត​ថា ​ការ​​ប្រារព្វ​ខួប​លើក​ទី៩ ​ទីវា​អតីតយុទ្ធ​ជន​នេះ ​គឺ​ជា​ការ​រំលឹក​ ដាស់​តឿន​ស្មារតី ​យើង​គ្រប់គ្នា ​អោយ​អនុវត្ត​ការងារ​សម្រេច​បាន​ជោគជ័យ ​និង​ប្រសិទ្ធ​ភាព​ខ្ពស់ ​ព្រម​ទាំង​រក្សា​បាន​នូវ​និរន្តរ​ភាព​នៃ​កិច្ច​ការ​លើក​កំពស់​កំរិត​ជីវភាព ​និង​សុខ​មាល​ភាព​របស់​បងប្អូន​អតីត​យុទ្ធ​ជន  ​  ព្រម​ទាំង​ក្រុម​គ្រួសារ ​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល  ​ដែល​បាន​ដាក់​ចេញ​កន្លង​មក​។​ឯក​ឧត្តម​បាន​បន្តថា ​រាជ​រដ្ឋា​ភិបាល​បាន​បង្កើត​សំណាញ់​សុវត្ថភាព​សង្គម​ប្រកប​ដោយ​ចីរភាព ​សំដៅ​ធានា​ដល់​កម្រិត​ជីវភាព​រស់នៅ​របស់​បងប្អូន​អតីត​យុទ្ធជន​ប្រកប​ដោយ​សុខ​ដុម​រមនា ​ជា​មួយ​គ្រួសារ​និង​សហគមន៍​។ ​កិច្ចការ​ទាំង​នោះ​រួម​មាន ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​  ការ​ដោះស្រាយ​ការងារ ​មុខ​របរ​ ការ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច ​ការ​ជួយ​សាង​សង់​លំនៅ​ដ្ឋាន ​ការ​ដោះស្រាយ​ជីវភាព​ចំពោះ​យោធិន​រំសាយ ​ចូល​និវត្តន៍​ បាត់​បង់​សមត្ថ​ភាព​ការងារ ​ពិការ​  និង​ពលី​មរណៈ ​ដែល​បាន​ផ្តល់​ឱកាស​អោយ​អតីត​យុទ្ធជន ​កង​កំលាំង​ប្រដាប់​អាវុធ ​ព្រម​ទាំង​ក្រុម​គ្រួសារ ​មាន​ធន​ធាន​ដីធ្លី​សម្រាប់​សាង​សង់​លំនៅ​ដ្ឋាន ​និង​ប្រកបរបរ​ធ្វើ​ស្រែ​ចំការ​បង្ក​បង្កើន​ផល​កសិ​កម្ម​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ ​និង​រួម​ចំណែក​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ​។​

cpp-13-06-2016-001 cpp-13-06-2016-002 cpp-13-06-2016-003 cpp-13-06-2016-004vv

[youtube id= “mP4d2o2QvrQ”]