គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា ចុះសិក្សាស្វែងយល់ពីវិធាននៃការដោះស្រាយទំនាស់វិវាទក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនិងការអនុវត្តច្បាប់នៅខេត្តប៉ៃលិន


​(10-06-2016) ប៉ៃលិន៖ នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត ​ ព្រឹក ​ថ្ងៃទី១០ ​ខែមិថុនា  ​ឆ្នាំ២០១៦​គណៈ​ប្រតិភូ​គណៈ​កម្មការ​នីតិ​កម្ម ​និង​ យុត្តិ​ធម៌​នៃ​ព្រឹទ្ធ​សភា​ដឹកនាំ​ដោយ ​ឯក​ឧត្តម  ​អ៊ុក ​ប៊ុន​ឈឿន ​ប្រធាន​គណៈ​កម្មការ​នីតិ​កម្ម ​និង​យុត្តិធម៌​នៃ​ព្រឹទ្ធ​សភា ​បាន​អញ្ជើញ​ជួប​ជា​មួយ ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​ ឯក​ឧត្តម​ ឡី ​ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​និង​មន្ត្រី​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ជា​ច្រើន​នាក់​ទៀត​ ដើម្បី​សិក្សា​ស្វែង​យល់​ពី​វិធាន​ទាំង​ឡាយ​នៃ​ការ​ដោះ​ស្រាយ​ទំនាស់​វិវាទ​ក្នុង​ប្រព័ន្ធ ​និង​ក្រៅ​ប្រព័ន្ធ​តុលាការ​ និង​ការ​អនុវត្ត​ច្បាប់​នៅ​ខេត្ត​ប៉ៃលិន​។​

​បន្ទាប់​ពី​ឯក​ឧត្តម ​ធូ ​ភា ​អភិបាល​រង​ខេត្ត ​រាយការណ៏​សង្ខេប​ស្តីពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ច្បាប់​ចូល​ជា​ធរមាន ​និង​របៀប​ដោះ​ស្រាយ​វិវាទ​ដីធ្លី​របស់​គណៈ​កម្មាការ​សុរិយោដី​ខេត្ត​រួច​មក​ ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​លើក​ឡើង​ពី​បញ្ហា​ការ​ដោះស្រាយ​ទំនាស់​ផ្សេងៗ​ដែល​កើត​មាន​នៅ​ខេត្ត​ប៉ៃលិន ​ ជាពិសេស​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ មាន​ការ​ស្មុគ​ស្មាញ​ច្រើន​ ហើយ​ ការ​ដោះស្រាយ​នៅ​មាន​កំរិត ​ព្រោះ​ថា​ប្រជា​ពល​រដ្ឋ​មិន​ទាន់​មាន​ការ​យល់​ដឹង​ពី​នីតិ​វិធី​នៃ​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលា​ទេ​ច្រើន​តែ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ផ្ទាល់​តែម្តង ​។​ឯក​ឧត្តម​បន្ត​ទៀតថា​៖​ បន្ទាប់​ពី​ខេត្ត​ប៉ៃលិន​សាមារណកម្ម​ជា​មួយ​រាជ​រដ្ឋា​ភិបាល ​អាជ្ញាធរ​ខេត្ត ​បាន​ធ្វើ​ប័ណ្ណ​សម្គាល់​អចលន​ទ្រព្យ​តាម​រយៈ​ចលនា​បង្រួប​បង្រួម​ជាតិ​ ហើយ​បាន​ផ្លាស់​ប្តូ​មក​បណ័្ណ​កម្ម​សិទ្ធិ​តាម​ច្បាប់​ភូមិ​បាល ​និង​លិខិត​បទដ្ឋាន​ គតិ​យុត្តិ​នានា​ ដែល​ពាក់​ព័ន្ធ​និង​ដីធ្លី​នេះ​។​ជា​ទូទៅ​ដី​កម្ម​សិទ្ធិ​ស្ថិត​នៅ​ក្នុង​ភូមិ ​ពុំ​សូវ​មាន​បញ្ហា​ទំនាស់​វិវាទ​ទេ​។​ដោយ​ឡែក​ក្រោយ​ពី​សមា​ហរណ​កម្ម ​ដីព្រៃ​ជា​ច្រើន​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ពី​ខេត្ត​ផ្សេងៗ ​មក​តាំង​ទីលំនៅ​ដែល​ពុំ​មាន​ព្រំ​ប្រទល់​ជាក់​លាក់​ទេ​ធ្វើ​អោយ​មាន​កើត​វិវាទ​ដីធ្លី​ជា​ច្រើន ​។​ជាក់​ស្តែង​ដោយ​មាន​ការណែនាំ​របស់​ថ្នាក់​ជាតិ​គណៈ​កម្មការ​សុរិយោដី​ខេត្ត​បាន​ចាត់​វិធាន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជូន​ភាគី​ទំនាស់ ​បាន​ជា​បន្ត​បន្តាប់​។​

​           ឯក​ឧត្តម ​អ៊ុក​ ប៊ុន​ឈឿន ​ប្រធាន​គណៈ​កម្មការ​នីតិ​កម្ម ​និង​យុត្តិធម៌​នៃ​ព្រឹទ្ធ​សភា​បាន​មាន​ប្រសាសន៏ថា​៖​កិច្ច​ប្រជុំ​ពិភាក្សា​នៅ​ពេល​នេះ​ដើម្បី​សិក្សា​ស្វែង​យល់​ពី​វិធាន​ទាំង​ឡាយ​នៃ​ការ​ដោះ​ស្រាយ​ទំនាស់​វិវាទ​ក្នុង​ប្រព័ន្ធ ​និង​ក្រៅ​ប្រព័ន្ធ​តុលាការ ​ព្រម​ទាំង​ការ​អនុវត្ត​ច្បាប់ ​ និង ​ការ​ដោះស្រាយ​ទំនាស់​ដែល​ថ្នាក់​ស្រុក​ ក្រុង​បញ្ជូន​មក ​ព្រម​ទាំង​ ការ​ផ្សព្វ​ផ្សាយ​ច្បាប់ ​និង​ការងារ​នីតិ​កម្ម ​ព្រម​ទាំង​ការ​ចូលរួម​អនុវត្ត​ក្រម​ព្រហ្ម​ទណ្ឌ​ និង​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ ​និង​ការ​ទប់​ស្តាត់​បទ​ល្មើស​ព្រហ្ម​ទណ្ឌ ​ផ្សេងៗ  ​ ​ជា​ពិសេស​ការ​ ប្រមូល​ព័ត៌​មាន​ដែល​ជាប់​ពាក់​ព័ន្ធ ​និង​បញ្ហា​ផ្សេង ​ដើម្បី​យក​ទៅ​ដាក់​ជូន​គណៈ​កម្មាធិការ ​អចិន្ត្រៃយ៏​ព្រឹទ្ធ​សភា ​  ធ្វើ​ការ​ដោះ​ស្រាយ​ជូន​ ។​ដូច្នេះ​ថ្នាក់​ដឹកនាំ​គ្រប់​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​លើក​ឡើង​ពី​បញ្ហា​ដែល​កើត​មាន​ឡើង​កន្លង​មក ​ដូច​ជា​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​អោយ​បាន​ត្រឹម​ត្រូវ​យុត្តិ​ធម៌​ក្នុង​ន័យ​បំរើ​សេវា​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ល្អ​និង​ទាន់​ពេល​វេលា​ និង​ធ្វើ​អោយ​ពួក​គាត់​ជឿ​ទុក​ចិត្ត​មក​លើ​ថ្នាក់​ដឹកនាំ​របស់​យើង​។​ឯក​ឧត្តម​ក៏​ផ្តាំផ្ញើរ​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត​ប៉ៃលិន​ទាំង​អស់​ត្រូវ​ខិតខំ​បំពេញ​ភារៈ​កិច្ច​អោយ​បាន​ល្អ ​ដើម្បី​ថែរក្សា​ការពារ​សន្តិ​សុខ​សណ្តាប់​សាធារណៈ​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ល្អ​ប្រសើរ​ ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​នានា​អោយ​បាន​ទាន់​ពេល​វេលា​។​ទន្ទឹម​នេះ​ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​អោយ​បាន​យល់​ដឹង​និង​ការ​អនុវត្ត​ច្បាប់​នានា​របស់​រដ្ឋ​អោយ​បាន​ល្អ  ​ហើយ​ត្រូវ​ជំរុញ​ការ​ផ្តល់​សេវា​សាធាណៈ​ជូន​ពួក​គាត់​អោយ​បាន​ឆាប់​រហ័ស​ដូច​ជា ​ការ​ធ្វើ​សំបុត្រ​កំណើត ​ធ្វើ​អត្រា​កូល​ដ្ឋាន ​ធ្វើ​សៀវភៅ​គ្រួសារ ​ស្នាក់​នៅ ​សំបុត្រ​អាពាហ៏​ពិពាហ៏ ​សំបុត្រ​ទទួល​មរណៈភាព​និង​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ ​អោយ​ គ្រប់ៗ​គ្នា​ដើម្បី​យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​។​

cpp-10-06-2016-001 cpp-10-06-2016-002 cpp-10-06-2016-003 cpp-10-06-2016-004vv

[youtube id= “sctmYhoSgzc”]