រដ្ឋបាលខេត្តប៉ៃលិន រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា ក្នុងការសាងសង់អាគាររដ្ឋបាលសាលាខេត្តថ្មី ដើម្បីបម្រើសេវារដ្ឋបាលខេត្តអោយបានកាន់តែល្អប្រសើរ


(09-06-2016) ប៉ៃលិន៖ ​ព្រឹក​ថ្ងៃទី០៩ ​ខែមិថុនា ​ឆ្នាំ២០១៦ ​នៅ​សាលា​ខេត្ត​ប៉ៃលិន​មាន​រៀប​ចំ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សិលា​គ្រឹះ​ក្នុង​ការ​សាង​សង់​អាគារ​រដ្ឋ​បាល​សាលា​ខេត្ត​ថ្មី ​ដែល​ស្ថិត​នៅ​បរិវេណ​សាលា​ខេត្ត​ចាស់​ ដោយ​ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​ខេត្ត​ប៉ៃលិន​និង​លោក​ជំទាវ ​ព្រម​ទាំង​លោក​ជំទាវ​ ជា​ លាភ​ អភិបាល​រង​ខេត្ត ​ប៉ៃលិន​ ឯក​ឧត្តម​ លោក​ជំទាវ ​អស់​លោក-​លោក​ស្រី ​ប្រធាន​ អនុ​ប្រធាន​មន្ទីរ ​ស្ថាប័ន ​សមត្ថកិច្ច ​អង្គភាព​ជុំវិញ​ខេត្ត​ ក្រុង​ ស្រុក​ ជា​ច្រើន​អ្នក​ទៀត​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍ថា​៖​ ការ​សាង​សង់​នូវ​អាគារ​រដ្ឋ​បាល​សាលា​ខេត្ត​ថ្មី​នេះ​ឡើង​គឺ​ក្នុង​គោល​បំណង​សម្រួល​សេវា​រដ្ឋ​បាល​សាលា​ខេត្ត​អោយ​បាន​កាន់​ទូលំ​ទូលាយ​ជាង​មុន​ និង​រហ័ស​ជាង​មុន ​ព្រោះ​អាគារ​ចាស់​ក៏​មាន​ភាព​ចាស់​ទ្រុឌ​ទ្រោម ​និង​ចង្អៀត​បន្តិច​ហើយ​ដែរ​ ម្យ៉ាង​បច្ចុប្បន្ន​នេះ​តម្រូវ​ការ​សេវា​រដ្ឋ​បាល​មាន​បរិមាណ​ច្រើន​ផង​ដែរ​ ដូច្នេះ​ការ​សាង​សង់​អគារ​រដ្ឋ​បាល​សាលា​ខេត្ត​ថ្មី​នេះ​នឹង​ជួយ​សម្រួល​ការងារ​ថ្នាក់​ខេត្ត​បាន​ច្រើន​។​លើស​ពី​នោះ​ក៏​មាន​ការ​បំពាក់​នូវ​ជណ្តើរ​យន្ត ​ប្រព័ន្ធ​សុវត្ថភាព​ ប្រព័ន្ធ​ត្រួត​ពិនិត្យ​ការងារ​ដែល​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ផង​ដែរ​។​ ចំពោះ​គម្រោង​សាង​សង់​អគារ​រដ្ឋ​បាល​សាលា​ខេត្ត​ថ្មី​នេះ​ក៏​នឹង​គ្រោង​ត្រូវ​ចំណាយ​ថវិការ​អស់ ​៣ពាន់​លាន​រៀល ​នឹង​ត្រូវ​សាង​សង់​រួចរាល់​នៅ​ដើម​ឆ្នាំ​ ២០១៨ ​ផង​ដែរ​។​ ឯក​ឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា​៖​ យើង​ដឹង​ហើយ​ថា​អតីត​កាល​ខេត្ត​ប៉ៃលិន​ជា​ខេត្ត​មួយ​ដែល​ពី​មុន​ជា​តំបន់​សមរភូមិ​ក្តៅ​និង​បាត​ដៃ​ទទេ ​តែ​ដោយ​បច្ចុប្បន្ន​មាន​ការ​យក​ចិត្ត​ទុក​ខ្ពស់​ពី​រាជ​រដ្ឋា​ភិបាល​ទើប​ខេត្ត​ប៉ៃលិន​របស់​យើង​បាន​មាន​ការ​អភិវឌ្ឍន​ស្ទើរ​គ្រប់​វិស្ស័យ ​នេះ​ជា​មោទន​ភាព​សម្រាប់​ខេត្ត​ប៉ៃលិន​ទាំង​មូល ​ហើយ​សមិទ្ធផល​ថ្មី​ដែល​យើង​នឹង​ទទួល​បាន​ថ្មី​មួយ​ទៀត​គឺ​អគារ​រដ្ឋ​បាល​សាលា​ខេត្ត​។​  ឯក​ឧត្តម​បាន​កោត​សសើរ​និង​ជម្រុញ​មន្រ្តី​សាលា​ខេត្ត​ទាំង​មូល​ត្រូវ​ប្រឹង​ប្រែង​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ការងារ​បន្ថែម​ទៀត ​ ផ្តល់​សេវា​រដ្ឋ​បាល​អោយ​មាន​ភាព​រហ័ស​ជាង​មុន​ ក្នុង​សេចក្តី​ថ្លៃថ្នូរ​ មាន​ក្រម​សីល​ធម៌​ វិជ្ជា​ជីវៈ ​មាន​កិច្ច​សហការ ​និង​ទំនាក់​ទំនង​ល្អ ​ជា​មួយ​ថ្នាក់​ដឹកនាំ​ និង​អាជ្ញាធរ​ដែន​ដី​ គ្រប់​លំដាប់​ថ្នាក់ ​ដើម្បី​អោយ​សេវា​រដ្ឋបាល​ថ្នាក់​ខេត្ត​ មាន​ការ​អភិវឌ្ឍន៍​ ទាំង​រចនា​សម្ព័ន្ធ ​បច្ចេក​ទេស​ និង​គុណ​ភាព ​។ ​ហើយ​សូម​អោយ​នៅ​តាម​បណ្តា​អង្គភាព ​មន្ទីរ​ជំនាញ​នៅ​ជុំវិញ​ខេត្ត​ត្រូវ​ពង្រឹង​ការងារ​ មន្រ្តី​របស់​ខ្លួន​ ជា​ពិសេស​វត្ត​មាន ​ហើយ​អោយ​មាន​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការងារ​ និង​វត្តមាន​ជា​ប្រចាំ​ផង​ដែរ​៕​

cpp-09-06-2016-001 cpp-09-06-2016-002 cpp-09-06-2016-003 cpp-09-06-2016-004 cpp-09-06-2016-005 cpp-09-06-2016-006vv

[youtube id= “1QpYcIFgA0w”]