(31-05-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោកឌិន គឹម ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកស្រីសោ មុន្នីរ័ត្ន ប្រធានមន្ទីរអភិវឌ្ឍន្នជនបទ និងលោក លោកស្រីមន្រ្តីជំនាញមួយចំនួនទៀត បាន អញ្ជើញចុះពិនិត្យការកសាងផ្លូវលំ ក្រាលគ្រួសក្រហមមួយខ្សែប្រវែង១៤. ២៥០ម៉ែត្រចាប់ពីផ្លូវបំបែកសាលារៀនពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទៅដល់ភូមិអូរចិតប្រាំ ស្ថិតនៅឃុំអូរអណ្តូង ស្រុកសាលាក្រៅ ដែលជាគម្រោងកសាងបន្ទាន់ របស់មន្ទីរសាធារណការដឹកជញ្ជូនខេត្តប៉ៃលិន ។
លោក ឌិន គឹម ប្រធានមន្ទីរសាធារណការនិងដឹកជញ្ចូនខេត្ត បានអោយដឹងថា៖បងប្អូនប្រជាពលរដ្ឋយើងរស់នៅតំបន់នេះ មានការលំបាកខ្លាំងណាស់ក្នុងការធ្វើដំណើរ ពិសេសការដឹកជញ្ជូនកសិផលព្រោះផ្លូវលំមួយខ្សែរនេះរងការខូចខាតធ្ងន់ធ្ងរដោយទឹកភ្លៀងនៅ រដូវស្សា។ ដូច្នេះហើយមន្ទីរសាធារណការនិងដឹកជញ្ជូន បានលើក គម្រោងកសាងឡើងវិញ ដែលកម្រោងកសាងបន្ទាន់ ត្រូវចំណាយថវិកាអស់ជាង ៣០០ លានរៀល ដើម្បីធ្វើអោយផ្លូវនេះឲ្យបានស្អាតល្អ បំរើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋយើង ទាំងក្នុងការ ធ្វើដំណើរឆ្លងកាត់ផង និងទាំងការដឹកជញ្ជូនកសិផលយកទៅលក់នៅទីផ្សារបានឆាប់រហ័សផង ។ លោកបន្តថា៖ ផ្លូវលំមួយខ្សែនេះគឺបានតភ្ជាប់ សរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ ពីសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទៅ ឃុំស្ទឹងកាច់ និងឃុំអូរអណ្ដូង ស្រុកសាលាក្រៅ។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ កោតសសើរដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដែលបានខិតខំប្រឹងប្រែងធ្វើផែនការ រកកញ្ចប់ថវិការ មកកសាងផ្លូវមួយខ្សែនេះឡើងវិញ ដើម្បីបំរើដល់ផលប្រយោជន៍របស់បងប្អូន ប្រជាពលរដ្ឋយើងនៅតំបន់នេះ ។ផ្លូវនេះពិតជាបានធ្វើឲ្យជីវភាព ប្រជាពលរដ្ឋយើងទាំងអស់ល្អប្រសើរថែមទៀត ដែលបានកាត់បន្ថយ ក្នុងការចំណាយ ទៅលើការដឹកជញ្ជូនផលកសិកម្មទៅទីផ្សារបានយ៉ាងច្រើន ហើយក៏បានសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស ជាពិសេស ផ្លូវនេះក៏បានតភ្ជាប់ពីឃុំមួយទៅឃុំមួយ និងពីទីជនបទ ទៅទីប្រជុំជនក្រុងផងដែរ។ផ្លូវនេះវាសម្រួលបានច្រើនដល់ប្រជាពលរដ្ឋយើង ក្នុងការទំនាក់ទំនងរកស៊ីលក់ដូរគ្រប់យ៉ាងផងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើនមួយកំរិតថែមទៀត ហើយក៏ធានារក្សាបាននូវសន្តិសុខសុវត្ថភាពជូនប្រជាពលរដ្ឋយើង។ឯកឧត្តម ក៏បានផ្តាំផ្ញើរដល់មន្រ្តី មន្ទីរសាធារណការ ដែលកំពុងដំណើរការស្ថាបនាផ្លូវនេះ បន្តខិតខំធ្វើឲ្យបានល្អតាមលក្ខណ បចេ្ចកទេស ដើម្បីឲ្យប្រជាពលរដ្ឋយើងប្រើប្រាស់បានយូរអង្វែង។
បន្ទាប់ពីបានពិនិត្យការកសាងផ្លូវនេះហើយ ឯកឧត្តម ព្រមទាំងមន្ទីរជំនាញទាំងអស់បានបន្តចុះត្រួតពិនិត្យមើលស្ថានភាពទឹកនៅតាមប្រឡាយទឹក សំណង់ស្ទាក់ទឹកស្ថិតនៅភូមិ ផ្ទះស្បូវ និងទំនប់អូរដូនតា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយះប៉ុន្មានថ្ងៃកន្លងមកនេះ ហើយក៏បានបន្តដំណើរ មកពិនិត្យមើលទីតាំង គម្រោងស្ថាបនាស្ពានបេតុងមួយកន្លែងទៀត ជំនួសស្ពានឈើចាស់ខូចទ្រុឌទ្រោមនៅភូមិភ្នំក្រិញឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
[youtube id= “ZaGRsVet9v8”]