(21-05-2016) ប៉ៃលិន៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅសាលាខេត្តប៉ៃលិន មានប្រារព្ឋ មិទ្ទេញអបអរសាទរ ខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៦ ក្រោមប្រធានបទ “ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ” ក្រោមអធិបតីភាពឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម កើត សុធាអភិបាលនៃគណអភិបាលខេត្តប៉ៃលិន ឯកឧត្តមឡីចាន់ឆាយប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោកឧញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស ក្នុង និងក្រៅស្រុក លោកប្រធានអនុប្រធានមន្ទីរ មន្រ្តីរាជការ អង្គភាពជំនាញជុំវិញខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តយ៉ាងច្រើនកុះករ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បាននាំបណ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គមិទ្ទេញទាំងអស់។ឯកឧត្តមបានមានប្រសាសន៍ថាការប្រារព្ធ មិទ្ទេញ ៨ ឧសភា នេះ គឺដើម្បីធ្វើការអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិ ចូលរួមបរិច្ចាគនូវធនធានហិរញ្ញវត្ថុដោយស្ម័គ្រចិត្ត ដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងន័យ លើកកម្ពស់នូវវប្បធម៌ចែករំលែក និងដើម្បីឱ្យប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” នេះ ទទួលបានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត ។ ឯកឧត្តម អ៊ី ឈាន បានកោតសសើរ ដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត យុវជនស្ម័គ្រចិត្តទាំងអស់ ដែលកន្លងមក បានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ដោយបានធ្វើការឆ្លើយតបទាន់ពេលវេលាចំពោះប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ និងកុមារកំព្រា គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ ពិសេស បានធ្វើសកម្មភាពជួយសង្រ្គោះ ផ្តល់ទឹកជូនប្រជាពលរដ្ឋ ឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ ដោយបានជីកស្រះ និងខួងអណ្តូងស្នប់ ព្រមទាំងបានចែកទឹកជូនប្រជាពលរដ្ឋបានប្រើប្រាស់ ។ កត្តាទាំងនេះបានឆ្លើយតបទាន់សភាពការណ៍ដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការការចែកចាយទឹកជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ខ្វះទឹកប្រើប្រាស់ និងទទួលទានឡើយ ។ឯកឧត្តមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា មន្រ្តីរាជការ ក្នុងខេត្ត អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែង និងចូលរួមក្នុងអង្គមិទ្ទេញ នាពេលនេះ ជាពិសេស ចំពោះការចូលរួមចំណែកចែករំលែកថវិកាផ្ទាល់ខ្លួនសម្រាប់ជាប្រយោជន៍ទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌នៃកាកបាទក្រហមកម្ពុជា សាខាខេត្តប៉ៃលិន ទាំងមូល។
អង្គមិទ្ទេញបានប្រព្រឹត្តទៅពេញមួយព្រឹក ដោយទទួលបានថវិកាឧបត្ថម្ភពីសប្បរស់ជនសរុបចំនួន ២៥៥,៩៦៨ ដុល្លាអាមេរិច។
[youtube id= “-HLCCBuwiwI”]