(20-05-2016) ប៉ៃលិន៖ នៅរសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការជុំវិញខេត្ត និង ពុទ្ធបរស័ទ្ធ បានអញ្ជើញចូលរួមបុណ្យវិសាខបូជាដែលប្រារព្ធធ្វើឡើងនៅវត្តពោធិមារាម ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ព្រះភិក្ខុ សាត វីរៈ មានសង្ឃដីកាប្រកាសពីបុណ្យវិសាខបូជាគឺជាបុណ្យទំនៀមទំលាប់ប្រពៃណីជាតិខ្មែរមួយដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកបាននាំគ្នាប្រារព្ធធ្វើបុណ្យដ៏សំខាន់មួយនេះ ហើយក៏ជាបុណ្យដ៏ធំដែលមានមហាជន ប្រជាជនចាស់ ក្មេង ប្រុស ស្រី ជួបជុំគ្នាអ៊ូអរ ដោយនាំទៅជាមួយ គ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលាតូចធំ អុជបំភ្លឺព្រោងព្រាតនៅគ្រប់វត្តអារាមដើម្បីរំលឹកដល់ថ្ងៃដែលជាមហាមង្គលអភិលក្ខិតកាលទាំង៣។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ បុណ្យវិសាខបូជាជាបុណ្យដ៏មានសារៈសំខាន់ដែល ព្រះពុទ្ធទ្រង់បានផ្តល់ឲ្យមនុស្សជាតិ នូវការអប់រំស៊ីជំរៅ ដែលអាចដឹកនាំនូវរាល់កិច្ចការប្រឹងប្រែងទាំងឡាយដើម្បីដោះស្រាយរាល់បញ្ហាផ្សេងៗ ហើយប្រជាជនទាំងអស់អាចទាញយកគុណតម្លៃរបស់ព្រះពុទ្ធសាសនាជាសកលដោយធ្វើសកម្មភាពជាសាមគ្គីភាពគ្នាដោយក្តីមេត្តា ករុណា ។ ការឲ្យតម្លៃនិងការប្រារព្ធឡើងនូវបុណ្យវិសាខបូជាជារៀងរាល់ឆ្នាំនេះក៏ព្រោះតែគេឃើញគុណតម្លៃនៃពាក្យអប់រំដ៏ជ្រាលជ្រៅ កាត់ថ្លៃមិនបានរបស់ព្រះសម្មាសម្ពុទ្ធហើយគុណប្រយោជន៍របស់ព្រះពុទ្ធសាសនា ទី១ ជាសាសនាដែលមានចំនាស់យូរ ២៥៦២ឆ្នាំទៅហើយ ទី២/ ជាសាសនាមានគោលការណ៍សន្តិភាពមិនកាប់សម្លាប់គ្នា គោរពសិទ្ធិគ្នាក្នុងការរស់នៅទៅវិញទៅមក ទី៣/ ពុំដែលមានសង្រ្គាមដែលកើតឡើងក្នុងព្រះពុទ្ធសាសនា ហើយមានប្រជាជនដល់ទៅជាង៥រយលាននាក់នាបច្ចុប្បន្ននេះនៅលើពិភពលោកទាំងមូល បានកាន់ព្រះពុទ្ធសាសនា។ កត្តាទាំងអស់នេះហើយដែលប្រជាជនបានលើកតម្លៃព្រះពុទ្ធសានា ថា បានចូលរួមចំណែកដ៏ធំធេងណាស់ក្នុងសន្តិភាពពិភពលោកនិងការរួមរស់ជាមួយគ្នាដ៏សុខស្ងប់។
[youtube id= “8btYHjyHUlQ”]