គណកម្មាការទី៥នៃព្រឹទ្ធសភាចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់អន្តោប្រវេនិងការផ្សព្វផ្សាយ ព័ត៌មាននៅក្នុងខេត្តប៉ៃលិន


(05-05-2016) ប៉ៃលិន៖ ថ្ងៃទី៥​ ខែឧសភា ​ឆ្នាំ២០១៦​ គណប្រតិភូ​ គណ​កម្មាការ​ទី៥នៃ​ព្រឹទ្ធសភា​ ដឹក​នាំដោយ​ ឯកឧត្តម​ ឈិន​ គឹមយាត​ អនុ​ប្រធាន​គណ​កម្មាការ​ទី៥នៃ​ព្រឹទ្ធសភា ​បាន​អញ្ជើញ​ចុះសិក្សា​ស្វែង​យល់​ពីការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នៅក្នុង​ខេត្តប៉ៃលិន​។ ការ​ប្រជុំ​សិក្សា​ស្វែង​យល់​នេះ​បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពីសំណាក់​ឯកឧត្តម​ កើត​ សុធា​ អភិបាល​ នៃគណ​អភិបាល​ខេត្ត​ប៉ៃលិន​ ឯកឧត្តម ​ឡី ​ចាន់ឆាយ​  ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ អភិបាល​រងខេត្ត​ ស្នងការ​នគរបាល​ខេត្ត ​ លោក​ប្រធាន​ អនុ​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​និង​មន្រ្តី​រាជការ​ជុំវិញ​ខេត្ត​ផងដែរ​។

ឯកឧត្តម​ កើត ​សុធា ​អភិបាល ​នៃ​គណ​អភិបាល​ខេត្តប៉ៃលិន​បាន​លើក​ឡើង​ថា វត្ត​មាន ​របស់​គណប្រតិភូ​ព្រឹទ្ធសភា​នាពេល​នេះ ​បាន​បង្ហាញ​យ៉ាងច្បាស់​ពីការ​យក​ចិត្តទុក​ដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​  កងកំ​លាំង​ប្រដាប់​អាវុធ​ និង​មន្រ្តី​រាជការ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំងមូល។​ ឯកឧត្តម​បាន​បន្ត​ថា ​តាម​រយៈ ​បេស​កម្មគណ​ប្រតិភូ​ គណ​កម្មាការ​ទី៥​នៃព្រឹទ្ធ​សភា​ពេលនេះ​ រដ្ឋបាល​ខេត្ត​នឹង​ទទួល​បាន​នូវ​អនុសាសន៍​ល្អៗ ​ពីថ្នាក់​ដឹក​នាំ​គណ​ប្រតិភូ​ ដើម្បី​ជួយ​អោយ​រដ្ឋបាល​ខេត្ត​ធ្វើ​ការ​កែលំអ ​សកម្មភាព​ការងារ​របស់​ខ្លួន​ សំដៅ​អោយ​មាន​វឌ្ឍន​ភាព​នៃកា​រអភិ​វឌ្ឍន៍​តាម​បែប​ប្រជា​ធិបតេយ្យ​។ ឯកឧត្តម​បានបន្ត​ទៀតថា​ ក្រោម​ការ​ដឹកនាំ​ប្រកប​​ដោយគតិបណ្ឌិត​ ប្រាជ្ញា​ឈ្លាស​វៃ​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ដែល​តែងតែ​បូជា​អស់​កំលាំង​កាយ​ចិត្ត​ ប្រាជ្ញា​ ស្មារតី​ ដាក់​ចេញនូវ​កម្ម​វិធីន​យោបាយ​យុទ្ធ​សាស្រ្ត​ចតុកោណ​តំណាក់​កាលទី៣​  ដើម្បី​ធានា​អោយ​បាន​នូវកំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​។ ឯកឧត្តម​បាន​បញ្ជាក់ថា​ សភាព​ការថ្មីៗ​នៅដើម​ឆ្នាំ២០១៦​នេះ ​ខេត្ត​ប៉ៃលិន​ទទួល​រងនូវ​គ្រោះរាំង​ស្ងួត​ ធ្វើ​អោយ​ប្រជា​ពល​រដ្ឋខ្វះ​ទឹក​ប្រើប្រាស់​ ទាំងទឹក​ស្អាត​ និង​ទឹកហូប​ និង​ការ​ធ្វើស្រែប្រាំង​ខូចខាត​ជា​បន្ត​បន្ទាប់។​ ជា​មួយ​គ្នានេះ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទទួលរង​នូវខ្យល់​កន្រ្តាក់​ជាហូ​ហែរ​ ធ្វើអោយ​ខូច​ខាត​ផ្ទះ​សំបែង​ជា​ច្រើន​ខ្នង​ និង​ប៉ះពាល់​ផល​ដំណាំ​ជាច្រើន​ហិចតា​ ។ ឆ្លើយ​តប​ទៅ​នឹង​សភាព​ការណ៍​នេះ ​រដ្ឋបាល​ខេត្ត​បាន​ពុះពារ​ប្រមែ​ប្រមូល​ធន​ធាន​ផ្ទាល់ខ្លួន​ ធន​ធាន​សប្បុរស​ជន​នានា ​និង​ធនធាន​ពីរដ្ឋភិបាល​ មក​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ទាន់​ពេល​វេលា​។ក្នុង​កិច្ច​ប្រជុំ​ ក៏បាន​អនុញ្ញាត​អោយមន្ទីរ​ ស្ថាប័ន​ពាក់ព័ន្ធ​រាយការណ៍​ការ  ​អំពី​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន។​

ទាក់​ទង​នឹង​វិស័យ​ព័ត៌មាន​ ឯកឧត្តម ​គង់ ​ដួង ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​ខេត្ត​ប៉ៃលិន​  មាន​ប្រព័ន្ឋ​ផ្សព្វ​ផ្សាយ​ជាវិទ្យុរដ្ឋ​១ស្ថានីយ៏ ​ទូរទស្សន៏​រដ្ឋ១ស្ថានីយ៏ ​  និង​វិទ្យុឯក​ជន២​ស្ថានីយ៍ ​ដែល​មាន​លទ្ឋភាព​បញ្ជ្រាប​ព័ត៌មាន​ទៅ​ដល់គោល​ដៅ​មូលដ្ឋាន​ភូមិឃុំ​/ស្រុក​ក្រុង​ក្នុង​ភូមិសាស្រ្ត​ខេត្ត​ប៉ៃលិន​ និង​ភូមិឃុំ​មួយចំនួន​នៃ​ខេត្ត​បាត់ដំបង​ដែល​ជា​ខេត្ត​ជាប់​ជិត​ខាង​ផងដែរ​។ វិទ្យុជាតិ​ ប៉ៃលិន​FM​90.5​Mhz​ និងទូរ​ទស្សន៏​ជាតិ​កម្លាំង​ផ្សាយ​១គីឡូវ៉ាត់​ បាន​គ្រប់​គ្រង​ និង​ដំណើរ​ការងារ​ដោយ​មន្រ្តី​រាជការ​រដ្ឋ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត ​។ វិទ្យុ​អូរតង​ប៉ៃលិន​FM97.5​Mhz ​ និង​វិទ្យុ​ជំនោ​ប៉ៃលិន​FM92​Mhz​ជាវិទ្យុ​ឯក​ជន​ មាន​ច្បាប់​អាជ្ញាប័ន​ត្រឹម​ត្រូវ​ពីក្រសួង​ព័ត៌មាន​ និង​ធ្វើ​កិច្ចសន្យា​ទទួល​ខុស​ត្រូវ​ចំពោះ​កម្មវិធី​ផ្សាយ​របស់​ខ្លួន​ និង​អនុវត្ត​គោរព​តាម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ ដោយ​តាម​ដាន​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ពីមន្ទីរព័ត៌​មានខេត្ត​។ ​ទូរទស្សន៏​ខេត្ត​ប៉ៃលិន​បាន​ភ្ជាប់​ជា​មួយ​ទូរទស្សន៏​ខ្សែ​កាប​អ៊ុប​ទីច​ឯកជន​ ដែល​ប្រជា​ពលរដ្ឋ​អាច​ ទស្សនា​តាម​គេហដ្ឋាន​ក្នុង​ក្រុង​ប៉ៃលិន​ ស្រុក​សាលា​ក្រៅ ​និង​នៅ​ព្រំដែន​ច្រក​ទ្វាអន្តរ​ជាតិ​ព្រំផង​ដែរ​។ខេត្ត​ប៉ៃលិន ​ ក៏​មាន​ភ្នាក់ងារ​ និង​បណ្តាញ​ព័ត៌មាន​កាសែត​ គេហទំព័រ​ វិទ្យុ ​ទូរទស្សន៏​រដ្ឋ​ និង​ឯក​ជន​ នៅ​ប្រចាំការ​យក​ព័ត៌មាន​ និង​ចែក​ចាយ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ផង​ដែរ​ដូចជាៈ​ ភ្នាក់​ងារ​ ទទក/TVK​ – ភ្នាក់ងារ​ទូរទស្សន៏​បាយ័ន -​ ភ្នាក់ងា​រANN​អប្សរា​ – ភ្នាក់ងារ​ទូរទស្សន៏​ហង្សមាស​ – ភ្នាក់ងារ​ទូរទស្សន៏​ប៉ុស្តលេខ៥​ -ភ្នាក់ងារ​សារព័ត៌​មាន​រស្មី​កម្ពុជា ​-ភ្នាក់​ងារ​ សារព័ត៌​មាន​កោះសន្តិភាព​ –  ភ្នាក់ងារ​សារព័ត៌មាន​៧មករា ​- ភ្នាក់ងារ​សារព័ត៌​មាន​នគរ​វត្ត – ភ្នាក់ងារ​សារព័ត៌​មាន​កម្ពុជា​ថ្មី -​ ភ្នាក់​ងារ​សារព័ត៌​មាន​ខ្មែរ​ម្ចាស់​ស្រុក​ – ភ្នាក់ងារ​សារព័ត៌​មាន​កម្ពុជា​អភិវឌ្ឍន៏ ​។ គ្រប់​ព័ត៌មាន​ដែល​មន្រ្តី​មន្ទីរ​ព័ត៌​មាន​បាន​ចុះយក​ តាម​មូល​ដ្ឋាន​ភូមិឃុំ ​សហគមន៏​ ជា​សកម្មភាព​តាម​បណ្តាម​ន្ទីរវិស័យ​ សកម្មភាព​ថ្នាក់​ដឹក​នាំ​ខេត្ត​ទាំង​ការងារ​រដ្ឋបាល ​ការងារ​មនុស្ស​ធម៌ ​ការងារ​សង្គម ​។ល។​ មន្ទីរ​ព័ត៌​មាន​បាន​ចាត់​ចែង​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​FM​ជាតិ​ និង​វិទ្យុ​ឯក​ជន​គ្រប់​ស្ថានីយ៏ ​តាម​កម្ម​វិធី​ទូរទស្សន៏​ខេត្ត​ តាម​ទូរទស្សន៏​ឯក​ជន​នៅ​រាជ​ធានី​ភ្នំពេញ​មួយ​ចំនួន​តាម​រយៈ​ភ្នាក់​ងារ​ប្រចាំ​ការ​នៅ​ប៉ៃលិន​ និង​ផ្សាយ​តាម​បណ្តាញ​ព័ត៌​មាន​សង្គម​របស់​មន្ទីរ​ មាន​គេហទំព័​រ  ហ្វេស​ប៊ុក​ ផេក​ឡាច​ តេ​លេក្រាម​ វ័តអាប់​ ជា​ដើម​។ល។​

ទាក់​ទង​នឹង​ការ​ងារ​ ជន​អន្តោ​ប្រវេសន៍​ លោក​ វរៈ​សេនីយ៍​ឯក ​សៀង​ ណាំ ​ស្នង​ការ​រង​នគរ​បាល​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថា ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​ជន​បរ​ទេស​ស្នាក់​នៅ​ចំនួន​៤៦​គ្រួសារ​ មានចំនួន​មនុស្ស​សរុប ​១៨៤​នាក់ ​ស្រី​៤៦​នាក់​ និង​មាន​៩សញ្ជាតិ​  មាន​៖ ជន​ជាតិ​ថៃ ​វៀត​ណាម​ ស្លូវើ​នៀ​ ឥណ្ឌា​ ជន​ជាតិ​ អ៊ុយ​ក្រែន​ ជន​ជាតិ​បារាំង​ ជន​ជាតិ ​កូរ៉េ​ និង​ជន​ជាតិ​ហ្វីលី​ពីន​ ។ ជន​បរទេស​ជា​អ្នក​ទេសចរណ៍​ មាន​ចំនួន​៨២៦៧​ នាក់​ ស្រី​២៦៩៩​នាក់ ​មាន​២៣ ​សញ្ជាតិ ​ជន​ជាតិថៃ​ ជន​ជាតិ​កូរ៉េ​ អូស្រ្តាលី ​បារាំង​ ជប៉ុន​ អាមេរិក​ កាណាដា​ អង់គ្លេស​ អាល្លឺម៉ង់​ ម៉ាឡេស៊ី ​ទួគី,​ អ៊ុយ​ក្រែន,​ហូឡង់​,ស៊ុយ​អែត​, រុស្សី​, ញូសឺ​ឡែន​,កូឡំប៊ី​,ណាយ​ដឺឡែ,​ ចិន​, អាហ្គា​នីស្ថាន​, ប្រេស៊ីល​, អេស្បាញ​,និង​ អ៊ីស្រ្តាអែល​។ លោក​បានបន្ត​ថា ​សកម្ម​ភាព​ល្មើស​ច្បាប់​អន្តោ​ប្រវេសន៍​មាន​៤លើក​ ចាប់​បញ្ជូន ​មនុស្ស​ចំនួន​២៦​នាក់​ ស្រី៨​នាក់ ​មាន ​៤សញ្ជាតិ​។

ឯក​ឧត្តម​ ឈិន​ គឹម​យាត ​អនុ​ប្រធាន​គណ​កម្មាការ​ទី៥​នៃព្រឹទ្ធ​សភា​បាន​មាន​ប្រសាសន៍​ ពាំនាំ​ការ​សា​សួរសុខ​ទុក្ច​ពីសំណាក់​សម្តេច​វិបុល​សេនា​ភក្តី​សាយ ​ឈុំ​ ប្រធាន​ព្រឹទ្ធសភា ​ចំពោះ​ថ្នាក់​ដឹក​នាំ ​មន្រ្តី​រាជការ​ កង​កំលាំង​ប្រដាប់​អាវុធ​ និង​ប្រជា​ពលរដ្ឋ​ទាំង​អស់​ក្នុង​ខេត្ត​ប៉ៃលិន​ និង​បាន​សំដែង​ការ​កោត​សរសើ​ចំពោះ​ខេត្ត​ប៉ៃលិន​ដែល​មាន​ការរីក​ចំរើន​ប្រែមុខ​ប្រែមាត់​គួអោយ​ស្ងើច​សរសើរ​។ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា ​ទាំង​ផ្នែកការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ក្នុង​ខេត្ត​ ក៏ដូច​ជា ​ការ​គ្រប់​គ្រង​ជន​អន្តោ​ប្រវេសន៍​ គឺ​ខេត្ត​ប៉ៃលិន​ អនុវត្ត​បាន​ល្អ​ប្រសើរ​ ជូន​ជាតិ ​ប្រជា​ជន​។ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្តថា ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​មាន​ក្រុម​អ្នក​សារព័ត៌​មាន​ខ្លះ​បាន​ដើរ​គៀប​សង្កត់​ប្រជា​ពលរដ្ឋ​ក្រីក្រ ​ទាប្រាក់​ជាថ្នូរ​នឹង​ការ​លាក់​បាំង​មិន​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​រសើប​របស់​ពួកគាត់។​ ចំណែក​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មិន​មាន​បញ្ហា​នេះ​កើត​ឡើង​ជារឿង​ល្អ​ណាស់ ​ ហើយ​ត្រូវ​បន្ត​ការ​ពារ​កុំ​អោយ​មានអំ​ពើ​បែប​នេះ​ក្នុង​ខេត្ត​ប៉ៃលិន​យើង។ ​ចំណែក​ការងារ​គ្រប់​គ្រង​ជន​អន្តោ​ប្រវេសន៍​ ទាំង​សមត្ថ​កិច្ចន​គរបាល​ ក៏​ដូច​ជាមន្ទីរ​ការងារ​ ត្រូវ​គ្រប់​គ្រង​អោយ​បាន​ណែន​ក្នុង​ដៃ ​និង​ត្រូវ​ធ្វើ​សៀវភៅ​ការងារ​  អោយ​ជន​បរទេស​ដែល​មក​ស្នាក់​នៅ​ធ្វើ​ការ​ក្នុង​ខេត្ត​ប៉ៃលិន​អោយ​បាន​គ្រប់​គ្នា ​រក​ចំណូល​ជូន​រដ្ឋ​អោយ​បាន​ល្អ ​ប្រសើ៕​

cpp-05-05-2016-011 cpp-05-05-2016-012 cpp-05-05-2016-013 cpp-05-05-2016-014 cpp-05-05-2016-015 cpp-05-05-2016-016vv

[youtube id= “J2sc0iVwLwk”]