(02-05-2016) ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិនកាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៦ថ្មីៗកន្លងទៅនេះ អយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានបើកកិច្ចប្រជុំស្តីពីកិច្ចសហការរវាងតុលាការ អយ្យការ និងនគរបាល យុត្តិធម៌ ក្នុងការអនុវត្តច្បាប់ ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ស៊ិន រឹទ្ធ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការ អមសាលា ឧទ្ធរណ៍ និង ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន និងដោយមានការ អញ្ជើញចូលរួមពីសំណាក់លោកប្រធាន អនុប្រធានមន្ទីរ លោកមេបញ្ជាការ កងរាជអាវុធហត្ថ កងកំលាំងកងរាជអាវុធហត្ថ លោកស្នងការរងនគរបាលខេត្ត និងកងកំលាំងនគរបាលខេត្តជាច្រើននាក់ទៀតផងដែរ។
លោក ជុំ សែន សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិនបានអោយដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង លើកកំពស់សមត្ថភាពរបស់មន្រ្តីនគរបាលយុត្តិធម៌ ក្នុងខេត្តប៉ៃលិនទាំងអស់ក្នុងការអនុវត្តច្បាប់ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ។ លោកបានបន្តថា មន្រ្តីនគរបាលយុត្តិធម៌ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ។ ក្នុងករណីមន្រ្តីនគរបាលយុត្តិធម៌ ធ្វើការកសាងសំណុំរឿងមន្រ្តីនគរបាលយុត្តិធម៌ត្រូវគោរពទៅតាមគោលការណ៍ក្រមព្រហ្មទណ្ឌ និងក្រមនិតិវិធីព្រហ្មទណ្ឌ និងច្បាប់ផ្សេងៗទៀត ហើយមន្រ្តីនគរបាលយុត្តិធម៌ត្រូវរាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តាំងពីតំណាក់កាលនៃការទទួលពាក្យបណ្តឹង ការឃាត់ខ្លួនជនសង្ស័យ ការឆែកឆេរ និងការដកហូតវត្ថុតាងជាដើម។
ក្នុងកិច្ចប្រជុំនេះក៏បានលើកជាសំនួរ បញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់ក្រមព្រហ្មទណ្ឌ ដូចជា សំណុំរឿងមានរយៈពេលយូមិនទាន់បានដោះស្រាយការដោះលែងជនល្មើស ដោយមន្រ្តីនគរបាលមូលដ្ឋានមិនបានដឹងមុន,ការដាក់ពាក្យបណ្តឹងហើយ មានការលំបាកក្នុងការដកពាក្យបណ្តឹងវិញ,ការមិនមានចាត់វិធានការតាមផ្លូវច្បាប់លើសំណុំរឿងមួយចំនួនទៀតជាដើម។ហើយឯកឧត្តម ស៊ិន រឹទ្ធ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការ អមសាលា ឧទ្ធរណ៍និង លោកជុំ សែន សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏បានធ្វើការស្រាយបំភ្លឺនិងណែនាំបន្ថែមទៀតដល់មន្រ្តីនគរបាលយុត្តធម៌ក្នុងខេត្តប៉ៃលិន ក្នុងការអនុវត្ត និតិវិធីក្រមព្រហ្មទណ្ឌ។
ឯកឧត្តម ស៊ិន រឹទ្ធ និង លោកជុំ សែន សុធា បានធ្វើបទបង្ហាញពីនិតិវិធី និងក្រមព្រហ្មទណ្ឌអោយនគរបាលយុត្តិធម៌បានយល់ច្បាស់ និងបានបកស្រាយជូនអង្គប្រជុំបានជ្រាបលើករណីចម្ងល់មួយចំនួនដែលអង្គប្រជុំបានលើកឡើង។ ឯកឧត្តម ស៊ិន រឹទ្ធ បានមានប្រសាសន៍ថា ករណីដើមចោទដាក់ពាក្យបណ្តឹងរួចហើយ តែចង់ដកពាក្យបណ្តឹងវិញ ដោយមានការឯកភាពគ្នា មានសំណងដល់ជនរងគ្រោះ ឬដោយប្រការអ្វីផ្សេងនោះ គឺមានន័យថា ដើមចោទ ឬជនរងគ្រោះបានទទួលសំណងស៊ីវិល តែជនត្រូវចោទនៅតែជាប់បណ្តឹងអាជ្ញាដដែល។ ចំពោះពាក្យបណ្តឹងលើករណីល្បែងស៊ីសង គឺតុលាការមិនចាត់វិធានការផ្លូវច្បាប់ទេ។
ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ឆ្លងតាមកិច្ចប្រជុំនេះ មន្រ្តីនគរបាលយុត្តិធម៌ នឹងទទួលបានចំណេះដឹង បន្ថែមទៀតទាក់ទងនឹងការអនុវត្តច្បាប់ទប់ស្កាត់ បង្រ្កាបបទល្មើសព្រហ្មទណ្ឌ និងបានយល់គ្នាកាន់តែច្រើនថែមទៀត រវាងមន្រ្តីនគរបាលយុត្តិធម៌ ជាមួយស្ថាប័នសាលាដំបូងខេត្តប៉ៃលិន ដើម្បីឈានទៅរកការសហការគ្នាបានល្អ និងនាំមកនូវភាពងាយស្រួល ល្អប្រសើជូនប្រជាពលរដ្ឋ។ឯកឧត្តមបានបន្តថា មន្រ្តីនគរបាលយុត្តធម៌ទាំងអស់ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនអោយបានល្អ គោរពតាមគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ការពារផលប្រយោជន៍ប្រជាជន និងមិនមានប៉ះពាល់ដល់ការឯកភាពនៅរដ្ឋបាលដ្នាក់ក្រោមជាតិឡើយ ។ឯកឧត្តមបានសំណូមពរដល់សាលាដំបូងខេត្ត និងនគរបាលយុត្តិធម៌ទាំងអស់ត្រូវមានការយោគយល់ អធ្យាស្រ័យ និងមានការបត់បែនក្នុងការអនុវត្តជាក់ស្តែង ទាក់ទាញការគាំទ្រពីប្រជាជន មហាជន រួមចំណែក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលអោយទទួលបានជោគជ័យ៕
[youtube id= “5cdZRn_NcFA”]