ប៉ៃលិន៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ លោកជំទាវ ជា លាភ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រួមដំណើរដោយ ប្រធានក្រុមបក្សឃុំ បក្សភូមិ និងសមាជិកក្រុមការងារមួយចំនួនទៀត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក កង ថេង ប្រធានគណបក្សឃុំស្ទឹងកាច់បានអោយដឹងថា ភូមិផ្សារព្រំត្បូងគឺជាភូមិឧបសម្ព័ន្ធមួយ ក្នុងឃុំស្ទឹងកាច់ ហើយក្នុងភូមិនេះ អាជ្ញាធរខេត្តបានរៀបចំអោយមានផ្លូវថ្នល់ ប្រព័ន្ធទឹក ភ្លើង និងមានផ្សារលក់ដូរ និងប្រជាពលរដ្ឋរស់នៅមានអនាម័យ និងសណ្តាប់ធ្នាប់ល្អ។ បច្ចុប្បន្ននេះមានប្រជាពលរដ្ឋចំនួន១៧០គ្រួសារបានទទួលយកការដោះដូររបស់អាជ្ញាធរខេត្តមករស់នៅក្នុងភូមិផ្សារព្រំត្បូងនេះ និងនៅសល់ចំនួនជាង១០០គ្រួសារទៀតមិនទាន់ទទួលយកការដោះដូររបស់អាជ្ញាធរខេត្តនៅឡើយទេ។
លោកជំទាវ ជាលាភអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្ទឹងកាច់ បានមានប្រសាសន៍សួរសុខទុក្ខ ការលំបាក ការងាយស្រួលរបស់បងប្អូនប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅ ពីកន្លែងចាស់មករស់នៅក្នុងភូមិអភិវឌ្ឍថ្មីនេះ។ លោកជំទាវបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន មានការគិតគូខ្ពស់ពីសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់។ ជាក់ស្តែង ឯកឧត្តម កើត សុធា បានរៀបចំអោយមានភូមិករ មានទឹក មានភ្លើង មានកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋដែលបានសំរេចចិត្តផ្លាស់ប្តូរការរស់នៅពីតំបន់សំបុកចាប មករស់នៅក្នុងភូមិផ្សារព្រំត្បូងនេះ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវ គិតស្វែងយល់អោយបានច្បាស់លាស់ចំពោះថ្នាក់ដឹកនាំដែលល្អ យល់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង ត្រូវផ្តល់ការលើកទឹកចិត្ត និងគាំទ្រដល់ថ្នាក់ដឹកនាំរបស់យើង។
[youtube id= “T80SNMUUYCg”]