(26-04-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៦ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន អមដំណើរដោយក្រុមប្រឹក្សាក្រុង និងអធិការក្រុង បានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ ២៥៤ គ្រួសារ នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ដើម្បីផ្សព្វផ្សាយស្តីពីការផ្តល់ សេវាសាធារណៈរបស់រដ្ឋបាលក្រុងជូនដល់ប្រជាពលរដ្ឋ។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានមានប្រសាសន៍ថាៈរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់កែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះក៏បានជំរុញអោយរដ្ឋបាល នៅមូលដ្ឋានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានងាយស្រួលផងដែរ។ជាក់ស្តែង អាជ្ញាធរក្រុងប៉ៃលិនបានយកចិត្តទុកដាក់ក្នុងការផ្តល់សេវានានាអោយមានភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។លោកបានបន្តថាៈ អត្តសញ្ញាណប័ណ្ណ បញ្ជីអត្រានុកូលដ្ឋាន រឺសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ វាមានសារៈសំខាន់ណាស់ ដើម្បីយកទៅប្រើ ប្រាស់ក្នុងជីភាពរស់នៅ និងការបំពេញការងារផ្សេងៗផងដែរ។ដូច្នេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋកម្ពុជា ដោយនាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណ បញ្ជីអត្រានុកូលដ្ឋាន រឺសៀវភៅគ្រួសារ សៀវភៅស្នាក់នៅអោយបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនាពេលខាងមុខ ។រីឯ ការផ្តល់សេវាសាធារណៈនានាអាជ្ញាធរក្រុងនឹងជួយសម្រួលដល់បងប្អូនអោយមានភាពងាយស្រួលនិងបានឆាប់រហ័ស ។
[youtube id= “JhmTqiN2DVc”]