រដ្ឋបាលខេត្តប៉ៃលិនសហការជាមួយមន្ទីរសុខាភិបាលខេត្តប្រារព្ធទិវាជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់


​(25-04-2016) ប៉ៃលិន៖ ថ្ងៃទី២៥​ ខែមេសា ​ឆ្នាំ​២០១៦ ​ឯក​ឧត្តម ​ម៉ម​ ប៊ុន​ហេង ​រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល ​និង​ឯក​ឧត្តម​ កើត​ សុធា​អភិ​បាល ​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុន​ចាញ់​ ក្រោម​ប្រធាន​បទ ​បញ្ចប់​ជម្ងឺ​គ្រុន​ចាញ់​ អភិវឌ្ឍ​សហ​គមន៍ ​ដែល​បាន​ប្រារព្វ​ឡើង​នៅ​វិទ្យា​ល័យ​ ហ៊ុន​សែន​ក្រុង​ទេព​និម្មិត​ខេត្ត​ប៉ៃលិន ​។ ​ទិវា​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ លោក​ប្រធាន​ អនុ​ប្រធាន​មន្ទីរ​ មន្រ្តី​រាជ​ការ ​កង​កំលាំង​ប្រដាប់​អាវុធ ​អង្គការ​ដៃគូ ​ប្រជា​ពល​រដ្ឋ ​និង​សិស្សា​នុសិស្ស ​សរុប​ជិត​៧០០នាក់។​

​         លោក​វេជ្ជ​បណ្ឌិត ​សេង ​រ៉ន​ ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ប៉ៃលិន ​បាន​អោយ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ​យើង​បាន​និង​កំពុង​អនុ​វត្ត​គោល​ការណ៍​ធ្វើ​រោគ​វិន្និច្ឆ័យ​រហ័ស ​ និង​ព្យាបាល​គ្រុន​ចាញ់​ទាន់​ពេល​វេលា ​ នៅ​សេវា​សុខ​ភាព​សាធារណៈ ​ដែល​មាន​៦មណ្ឌល​សុខ​ភាព ​និង​មន្ទីរ​ពេទ្យ​បង្អែក​មួយ​ ផ្តល់​នូវ​ការ​ថែទាំ​ដោយ​មន្រ្តី​ដែល​ទទួល​ការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវ ​មាន​ឧបករណ៍​ធ្វើ​រោគ​វិន្និច្ឆ័យ ​និង​ឱសថ​មាន​គុណ​ភាព​ខ្ពស់​ ។​ ការ​អនុ​វត្ត​សកម្ម​ភាព​អ្នក​ស្ម័គ្រ​ចិត្ត​ព្យាបាល​គ្រុន​ចាញ់​តាម​សហគមន៍ ​  ដែល​បច្ចុប្បន្ន​បាន​ពង្រីក​អោយ​មាន​នៅ​គ្រប់​ភូមិ​នៅ​ទូទាំង​ខេត្ត  ​ហើយ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​ធ្វើ​រោគ​វិន្និច្ឆ័យ ​និង​ព្យាបាល​គ្រុន​ចាញ់​ទាន់​ពេល​មុន​ជម្ងឺ​នេះ​វិវត្ត​ទៅ​រក​ភាព​ធ្ងន់ធ្ងរ ​និង​បាន​រួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ស្វែង​រក​ការ​ព្យាបាល​។​ លោក​បាន​បន្តថា ​ជា​លទ្ធ​ផល​យើង​ទទួល​បាន​ ករណី​ជម្ងឺ​គ្រុន​ចាញ់​ធ្ងន់ធ្ងរ​ថយ​ចុះ​ពី​៨១​ករណី ​នៅ​ឆ្នាំ២០០៨ ​មក​នៅ​ត្រឹម ​១១ករណី​ក្នុង​ឆ្នាំ​២០១៥​។​ គ្មាន​ករណី​ស្លាប់​ដោយ​សារ​គ្រុន​ចាញ់​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក​។​ បើ​ប្រៀប​ធៀប​៣ខែ​ដើម​ឆ្នាំ​២០១៥ ​និង​២០១៦ ​ចំនួន​ករណី​គ្រុន​ចាញ់​ថយ​ចុះ​ពី​១៣៨​ករណី ​ក្នុង​៣ខែ​ដើម​ឆ្នាំ​២០១៥ ​មក​នៅ​ត្រឹម​៦១​ករណី​ក្នុង​៣ខែ​ដើម​ឆ្នាំ​២០១៦ ​និង​មាន​អត្រា​អាំង​តង់​ស៊ី​តេ​ជម្ងឺ​គ្រុន​ចាញ់​ធ្លាក់​ចុះ​គួរ​កត់​សំគាល់​។ ​ប៉ុន្តែ​សមា​មាត្រ​មេរោគ​គ្រុន​ចាញ់​ប្រភេទ​ ហ្វាល់​ស៊ី​ប៉ារ៉ូម​ទៅ​នឹង​ប្រភេទ​មេ​រោគ​ផ្សេង​ទៀត​មាន​ការ​កើន​ឡើង​២ដង ​ក្នុង​ឆ្នាំ​២០១៥ ​បើ​ប្រៀប​នឹង​ឆ្នាំ​២០១៤ ​ ដែល​ការ​កើន​ឡើង​នេះ​ភាគ​ច្រើន​ដោយ​សារ​ពល​រដ្ឋ​ចល័ត​ពី​តំបន់​គ្រុន​ចាញ់​ទូទាំង​ប្រទេស ​ មក​កាន់​ខេត្ត​ប៉ៃលិន ​ដោយ​នាំ​យក​ប្រភេទ​មេរោគ​នេះ​មក​ជា ​មួយ​។​ម្យ៉ាង​ទៀត​ដោយ​ការ​ប្រើ​ថ្នាំ ​DHA-PIP ​ មាន​កំរិត​ភាព​សាំ​ខ្ពស់​នៅ​ប៉ៃលិន​។​

​ឯក​ឧត្តម ​កើត ​សុធា​អភិ​បាល ​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​ កាល​ពី​អតីត​កាល​ខេត្ត​ប៉ៃលិន​សំបូរ​ដោយ​ជម្ងឺ​គ្រុន​ចាញ់​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ករណី​ជម្ងឺ​គ្រុន​ចាញ់​បាន​ថយ​ចុះ​ជា​ច្រើន​ពី​ចំនួន ​ម៉ឺន​ករណី​ក្នុង​ឆ្នាំ​២០០០​ មក​នៅ​ត្រឹម​រយ​ករណី​ក្នុង​ឆ្នាំ​២០១៥​។​ ភាព​ជោគ​ជ័យ​ដ៏​ធំធេង​របស់​ខេត្ត​ប៉ៃលិន​ គឺ​ការ​រក្សា​បាន ​គ្មាន​ករណី​ស្លាប់​ដោយ​ជម្ងឺ​គ្រុន​ចាញ់​៧ឆ្នាំ​ជាប់​គ្នា​ គិត​ពី​ឆ្នាំ២០០៩​ មក​ដល់​ឆ្នាំ​២០១៥​នេះ​។​ នេះ​ជា​លទ្ធ​ផល​វិជ្ជមាន​មួយ​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទិស​ដៅ​រយៈ​ពេល​ខ្លី​ ឆ្នាំ​២០១១​-​២០១៥ ​នៃ​ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ​លុប​បំបាត់​ជម្ងឺ​គ្រុន​ចាញ់។​ ឯក​ឧត្តម​បាន​បន្ត​ថា ​ដើម្បី​ឈាន​ទៅ​សំរេច​ទិស​ដៅ​យុទ្ធ​សាស្រ្ត​ជាតិ​លុប​បំបាត់​ជម្ងឺ​គ្រុន​ចាញ់​អោយ​បាន​ក្នុង​ឆ្នាំ​២០២៥ ​ យើង​ត្រូវ​រួមគ្នា​គិត​គូ ​ទាំង​មន្ទីរ​ស្ថាប័ន​ពាក់​ព័ន្ធ​ជុំ​វិញ​ខេត្ត​ កង​កំលាំង​ប្រដាប់​អាវុធ ​ អង្គការ​ដៃគូ ​អាជ្ញា​ធរ​ដែន​ដី​បណ្តាញ​អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ ​ និង​សហគមន៍ ​ដែល​ជា​ក្រុម​ការងារ​ពិសេស​លុប​បំបាត់​ជម្ងឺ​គ្រុន​ចាញ់​ខេត្ត ​ ត្រូវ​ជម្រុញ​ការងារ​នេះ​សម្រេច​តាម​ទិស​ដៅ​យុទ្ធ​សាស្រ្ត​ជាតិ​ ឆ្នាំ​២០២៥​ប្រទេស​កម្ពុជា ​គ្មាន​ជម្ងឺ​គ្រុន​ចាញ់​។​

​          ឯក​ឧត្តម ​វជ្ជ.​ម៉ម ​ប៊ុន​ហេង ​រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល ​បាន​អាន​សារ​លិខិត​សម្តេច​អគ្គ​មហា​សេនាបតី​ តេជោ ​ហ៊ុន ​សែន​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ដែល​សម្តេច​បាន​សំដែង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គ្រប់​សកម្ម​ភាព​ទាំង​អស់​ដែល​បាន​និង​កំពុង​ អនុវត្ត​ក្នុង​ការ​ជំរុញ ​និង​បំផុស​ការ​យល់​ដឹង​ជា​ជាសារ​ធារណៈ​និង​ការ​យល់​ដឹង​អោយ​កាន់​តែ​ទូលំ​ទូលាយ​នៅ​ទូទាំង​ប្រទេស​ ជា​ពិសេស ​នៅ​តាម​ទី​ជន​បទ​ ដើម្បី​ផ្លាស់​ប្តូរ​ផ្នត់​គំនិត ​និង​ទម្លាប់​របស់​ប្រជា​ជន​ក្នុង​ការ​ប្រតិបត្តិ​នៃ​ការ​រស់នៅ​ស្អាត​ ។​ ជំងឺ​គ្រុន​ចាញ់​មិន​ត្រឹម​តែ​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សុខ​ភាព ​ខាត​បង់​ថវិការ​តាម​រយៈ​ការ​ចំណាយ​ដោយ​ផ្ទាល់​លើ​ការ​ព្យាបាល​ ការ​ខាត​បង់​ការងារ ​ការ​បាត់​បង់​ផលិត​ភាព ​និង​អាយុ​ជីវិត​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​បង្ក​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋ​កិច្ច​ទៀត​ផង។​ តាម​ទស្សនា​ទាន​នេះ ​យើង​ទាំង​អស់​គ្នា​ចាំបាច់​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ជំងឺ​គ្រុន​ចាញ់ ​ដោយ​មិន​អាច​មើល​រំលង​បាន​ឡើយ។​ ការ​ប្រារព្ធ​ទិវា​គ្រុន​ចាញ់​ក្រោម​ប្រធាន​បទ​(​បញ្ចប់​ជំងឺ​គ្រុន​ចាញ់ ​អភិវឌ្ឍន៏​សហគមន៏​)​ នេះ​សម​ស្រប​និង​ដំណើរ​វិវត្ត​សង្គម​សេដ្ឋ​កិច្ច​របស់​កម្ពុជា​ ខណៈ​ដែល​កម្ពុជា​នៅ​ប្រឈម​ជំងឺ​គ្រុន​ចាញ់​ឆ្នាំ​២០១១​-​២០​២៥​ ដែល​ជា​ផែនទី​បង្ហាញ​ផ្លូវ​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ប្រតិ​បត្តិ​ជាក់​ស្តែង​លើ​ការងារ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​។​ សម្តេច​បាន​បន្តថា​៖​យើង​មិន​ត្រូវ​ភ្លេច​ខ្លួន​ ហើយ​ស្កប់​ស្កល់​និង​លទ្ធ​ផល​ដែល​យើង​ទទួល​បាន​នោះ​ទេ​  ព្រោះ​ថា​ជំងឺ​គ្រុន​ចាញ់​នៅ​តែ​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​របស់​កម្ពុជា​ ​ហើយ​បើ​យើង​មិន​ទាន់​លុប​បំបាត់​មេ​រោគ​គ្រុន​ចាញ់ ​ អោយ​អស់​ពី​ក្នុង​ខ្លួន​មនុស្ស​គ្រប់​រូប​ទេ​នោះ ​ សត្វ​មូល​ដែក​គោល​ញី ​ដែល​នៅ​បន្ត​មាន​វត្តមាន​ក្នុង​ព្រៃ​និង​តំបន់​ជុំវិញ​ នៅ​តែ​មាន​ឱកាស​បឺត​ឈាម​ចម្លង​មេរោគ​គ្រុន​ចាញ់​ពី​មនុស្ស​ម្នាក់​ ទៅ​មនុស្ស​ម្នាក់​ទៀត​ពី​សហគមន៏​មួយ​ទៅ​សហគមន៏​មួយ​ដដែល​។​ ឯក​ឧត្តម​បាន​ណែនាំ​សូម​អោយ​បង​ប្អូន​ប្រជា ​ពល​រដ្ឋ​ត្រូវ​មក​ទទួល​សេវា​សុខ​ភាព​នៅ​មណ្ឌល​សុខ​ភាព​ ឬ​មន្ទី​ពេទ្យ​បង្អែក​ ដែល​ជា​ស្ថាប័ន​របស់​រដ្ឋ​មាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស​ត្រឹម​ត្រូវ​ជៀស​វាង​ទទួល​សេវា​សុខ​ភាព​ជា​មួយ​គ្រូ​ពេទ្យ​ដែល​គ្មាន​សញ្ញា​ប័ត្រ​ទទួល​ស្គាល់​ត្រឹមត្រូវ​នោះ​ទេ​។​ ម្យ៉ាង​ទៀត ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​តែ​រស់​នៅ​ស្អាត ​ផឹក​ស្អាត ​និង​រស់​នៅ​ក្នុង​បរិស្ថាន​ល្អ ​កុំ​ចោស​សំរាម​ពាល​វាល​ពាស​កាល​ ពិសេស​យុវវ័យ​ទាំង​អស់​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿង​ញៀន​។​

​         ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ ​ឯក​ឧត្តម ​បណ្ឌិត ​ម៉ម ​ប៊ុន ​ហេង​ និង​ប្រតិភូ ​ក៏​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ដល់​ក្រុម​គ្រូ​ពេទ្យ ​និង​ អ្នក​ជម្ងឺ ​ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន។​ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​សំដែង​ការ​សោក​ស្តាយ​ អាណិត​អាសូរ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ជួប​បញ្ហា​សុខ​ភាព ​ខាត​បង់​ពេល​វេលា​មក​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​នេះ ​ហើយ​បាន​ផ្តាំផ្ញើរ​ដល់​ក្រុម​គ្រូ​ពេទ្យ​ត្រូ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​អ្នក​ជម្ងឺ​អោយ​បាន​ល្អ ​ ត្រូវ​មាន​សំដី​សំដៅ​សុភាព​រាប​សារ ​ចាត់​ទុក​អ្នក​ជម្ងឺ​ដូច​ជា​បង ប្អូន​ ឪពុក​ម្តាយ​របស់​ខ្លួន​ដែរ​។ ​ឯក​ឧត្តម​បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន ​ប្រជា​ពល​រដ្ឋ​អ្នក​ជម្ងឺ​ទាំង​អស់​ត្រូវ​មាន​     អនាម័យ ​ល្អ​ ​ពិសារ​ទឹកឆ្អិន ​ពិសេស​ក្នុង​ពេល​មាន​អាកាស​ធាតុ​ក្តៅ​នេះ​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ថែទាំ​សុខ​ភាព​ ខ្លួន ​និង​ក្រុម​គ្រួសារ​អោយ​បាន​ល្អ​៕​

cpp-25-04-2016-001 cpp-25-04-2016-002 cpp-25-04-2016-003 cpp-25-04-2016-004 cpp-25-04-2016-005 cpp-25-04-2016-006vv

[youtube id= “6o_MtRbFwEE”]