(05-02-2016) ប៉ៃលិន៖ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហោស្រព សីល្បៈ របាំ និងល្ខោនខ្លី សំរាប់យុវជនថ្នាក់ខេត្តលើកទី២ ដែលពិធីនេះរៀបចំឡើងនៅមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ ខេត្តប៉ៃលិន។
លោក លឹម ប៊ុនហេង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសីលល្បៈ ខេត្តប៉ៃលិន បានមានប្រសាសន៍ថាៈ មន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលបង្ហាត់បង្រៀនសិល្បៈរបាំក្ងោក ជូនដល់សិក្ខាកាមចំនួន៩នាក់ ក្នុងនោះមានសិស្សមកពីវិទ្យាល័យហ៊ុនសែនក្រុងទេពនិមិ្មតចំនួន៧នាក់, វិទ្យាល័យហ៊ុនសែនសាលាក្រៅចំនួន២នាក់ និងសិល្បៈករ សិល្បៈការីរបស់មន្ទីរចំនួន៩នាក់បន្ថែមទៀត , សរុបទាំងអស់ចំនួន១៨នាក់ សំរាប់ត្រៀមទៅចូលរួមមហោស្រពយុវជនទូទាំងប្រទេសនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ដល់ថ្ងៃទី៣ខែមិនា ឆ្នាំ២០១៦។ លោកបានបន្តថា ការហ្វឹកហាត់ បង្ហាត់បង្រៀន របាំក្ងោកប៉ៃលិន គឺមានរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ដែលមានគ្រូបង្វឹកដែលមកពីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ប៉ុន្តែដោយភាពប៉ិនប្រសប់ កាយវិការទន់ភ្លន់ រស់រវើករបស់ប្អូនៗសិល្បៈករ សិល្បៈការនី សិក្ខាកាមទាំងអស់ ធ្វើអោយការសំដែង ការរាំរបាំក្ងោកប៉ៃលិន មានលក្ខណៈល្អប្រសើគួរអោយចង់ទស្សនា។
ឯកឧត្តម កើត សុធា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ប្រពៃណី វប្បធម៌ គឺជាអត្តសញ្ញាណជាតិ និងអត្តសញ្ញាណខេត្តក្រុងនីមួយៗក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលយើងត្រូវថែរក្សាអភិរក្សតៗគ្នារហូត ពីមួយជំនាន់ ទៅមួយជំនាន់ មិនអាចអោយបាត់បង់បានឡើយ ដូចពាកស្លោកពោលថា( វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន)។ ឯកឧត្តមបានបន្តថា នៅក្នុងខេត្តប៉ៃលិនមានសម្បត្តិវប្បធម៌យ៉ាងច្រើនទាំងរូបីយ៍ និងអរូបីយ៍ ដូចជា របាំក្ងោកប៉ៃលិន រឿងកុលាបប៉ៃលិន ចំរៀងជាច្រើនបទរបស់លោកតាស៊ិនស៊ីសាមុត ទាក់ទងអំពីខេត្តប៉ៃលិន និង រូបសំណាកលោកយាយយ៉ាតជាដើម។ មន្ទីរវប្បធម៌ និងវិចិត្រសីលល្បៈ ខេត្តប៉ៃលិនត្រូវតែប្រមូល និងអភរក្សវប្បធម៌ទាំងអស់ ជាពិសេសវប្បធម៌របស់ខេត្តប៉ៃលិនផ្ទាល់តែម្តង។ ឯកឧត្តម កើត សុធា បានជូនពរសូមអោយសិល្បករ សីល្បការនី អោយទទួលបានជោគជ័យក្នុងពេលបំពេញបេសកកម្មសំដែងរបាំក្ងោកប៉ៃលិននៅរាជធានីភ្នំពេញ យកកិត្តយសជូនខេត្តប៉ៃលិន និងបាននែនាំសូមអោយ ក្មួយៗសិល្បៈករ សីល្បៈការនីទាំងអស់ត្រូវមានស្មារតីសាមគ្គីភាពគ្នាអោយបានល្អ ចេះជួយទុក្ខធុរៈគ្នា ត្រូវមានវិន័យសណ្តាប់ធ្នាប់ និងមានសីលធម៌ស្អាតស្អំ ហើយត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានគ្រប់ៗគ្នា បើកបរត្រូវប្រុងប្រយ័ត្ន ចេះយោគយល់គ្នា និងមិនត្រូវបើកបរក្នុងសភាពស្រវឹងឡើយ។