ក្រសួងមហាផ្ទៃប្រជុំជាមួយថ្នាក់ដឹកនាំខេត្តប៉ៃលិន និង ខេត្តបាត់ដំបងដើម្បីពិភាក្សាដោះស្រាយកំណត់ព្រំប្រទល់រវាងខេត្តទាំងពីរអោយបានច្បាស់លាស់ងាយស្រួលក្នុងការគ្រប់គ្រង


(04-02-2016) ប៉ៃលិន៖ ​នៅ​រសៀល​ថ្ងៃទី​០៤​ ខែកុម្ភៈ ​ឆ្នាំ​២០១៦​ នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​មាន​កិច្ច​ប្រជុំ​រវាង​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ​និង​រដ្ឋបាល​ខេត្ត​បាត់​ដំបង ​ក្រោម​ការ​សម្រប​សម្រួល​ពី​ក្រសួង​មហាផ្ទៃ​ ដើម្បី​ពិភាក្សា​កំណត់​ ព្រំ​ប្រទល់​ខេត្ត​ទាំង​ពីរ​អោយ​បាន​ច្បាស់​លាស់ ​ ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​អធិបតីភាព​ ឯក​ឧត្តម​ ឡេង​ វី ​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ ​ ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​ឯក​ឧត្តម​ អៀង​វុធ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម ​សុខ ​គង់​ អភិបាល​រង​ខេត្ត​បាត់​ដំបង ​និង​ថ្នាក់ដឹកនាំ​មន្រ្តី​រាជ​ការ​ ក្រុង ​ស្រុក​ ភូមិ​ ឃុំ​សង្កាត់​ ដែល​ពាក់​ព័ន្ធ​នៃ​ខេត្ត​ប៉ៃលិន​ និង​ខេត្ត​បាត់ដំបង​ផង​ដែរ​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​ បាន​អោយ​ដឹង​ថា​កន្លង​មក​រដ្ឋបាល​ខេត្ត​ប៉ៃលិន​បាន​គ្រប់គ្រង​ប្រជា​ពល​រដ្ឋ​លើ​ភូមិ​សាស្ត្រ​ក្នុង​ភូមិ​ក្រចាប់​និង​ភូមិ​ភ្នំ​ដំបង ​ដែល​មាន​ព្រំប្រទល់​ជាប់​ជា​មួយ​ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​តាម​ស្ថានភាព​ជាក់​ស្តែង​ ដែល​ប្រជា​ពល​រដ្ឋ​ពួក​គាត់​មក​រស់នៅ​តាំង​ពី​ក្រោយ​សមាហរណ​កម្ម​ជា​មួយ​រាជ​រដ្ឋាភិបាល​ ក្នុង​នោះ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ផ្តល់​នូវ​សេវា​សាធារណៈ​លើ​គ្រប់​វិស័យ ​ដូច​ជា​វិស័យ​អប់រំ​សេដ្ឋ​កិច្ច​ សង្គម​កិច្ច​សុខា​ភិបាល និង​បាន​ផ្តល់​ឯកសារ​បញ្ចា​ក់​អត្ត​សញ្ញាណ​ជា​ដើម​។​ ប៉ុន្តែ​ការ​គ្រប់គ្រង​ភូមិ​សាស្ត្រ​ក្នុង​តំបន់​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​មាន​ការ​ត្រួត​ស៊ីគ្នា​រវាង​ខេត្តប៉ៃលិន ​និង​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង ​ដែល​បញ្ហា​នេះ​អាជ្ញាធរ​ខេត្ត​បាន​ស្នើ​ដល់​ក្រសួង​មហា​ផ្ទៃ​កំណត់​ព្រំប្រទល់​គ្រប់គ្រង​រដ្ឋ បាល​អោយ​បាន​ច្បាស់​លាស់​ ដើម្បី​ងាយស្រួល​ក្នុង​គ្រប់គ្រង​ប្រជា​ពល​រដ្ឋ ​និង​អភិវឌ្ឍន៍​ក្នុង​មូល​ដ្ឋាន​អោយ​បាន​រីក​ចំរើន​ឡើង ។

​ឯក​ឧត្តម​ សុខ​ គង់​ អភិបាល​រង​ខេត្ត​បាត់ដំបង​បាន​មាន​ប្រសាសន៍ថាៈ​ពាក់​ព័ន្ធ​ទៅ​នឹង​តំបន់​ត្រួត​ស៊ីគ្នា​នេះ ​អាជ្ញាធរ​ខេត្ត​បាត់​ដំបង ​មិន​ទាន់​បាន​សម្រេច​កំណត់​ព្រំ​ប្រទល់​គ្រប់​គ្រង​ នៅ​ក្នុង​ដែន​ដី​របស់​ខ្លួន​ជា​មួយ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​នៅ​ឡើយ ​ ព្រោះ​កន្លង​មក​ការ​គ្រប់​គ្រង​ទៅ​តាម​ការ​មក​តាំង​ទីលំនៅ​របស់​ប្រជា​ពល​រដ្ឋ​រៀង​ៗ​ខ្លួន​ ដូច្នេះ​សូម​អោយ​ថ្នាក់​លើ​ពិនិត្យ ​ពិចារណា​លើ​ការផ្តល់​សេវា​សាធារណៈ​ដូច​ជា ​រដ្ឋ​បាល​ សន្តិ​សុខ​ សុខ​ភាព​ និង​អប់រំ ​តើ​អាជ្ញាធរ​ខេត្ត​ណា​ជិត​ជាង​នឹង​ងាយ​ស្រួល​គ្រប់​ជាង​គេ​ ។​

​ឯក​ឧត្តម​ ឡេ​ង វី​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថាៈ​ ពាក់​ព័ន្ធ​

​បញ្ហា​ខាង​លើ​នេះ ​មិន​ទាន់​មាន​សម្រេច​កំណត់​ដែនដី​ដែនដី​ត្រឹម​ណា​ដែល​ជា​ដែន​របស់​ខេត្ត​បាត់ដំបង​រឺ​ខេត្ត​ប៉ៃលិន​គ្រប់​គ្រង​នៅ​ឡើយ​ទេ ​ត្រូវ​យក​សំណើរ​នេះ​ទៅ​ថ្នាក់​លើ​ដើម្បី​ត្រួត​ពិនិត្យ ​ព្រោះ​ខាង​អាជ្ញាធរ​ខេត្ត​បាត់​ដំបង​ និង​ខេត្ត​ប៉ៃលិន​មិន​ទាន់​ឯក​ភាព​កំណត់​ច្បាស់លាស់​។​ ឯក​ឧត្តម​បន្ត​ថាៈ​តែ​បើ​ប្រជា​ពល​រដ្ឋ​រស់នៅ​ជិត​ខេត្ត​ខាង​ណា​ជាង​ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​អាជ្ញាធរ​ខេត្ត​នោះ ​ខាងលើ​នឹង​ពិចារណា​ទៅ​លើ​បញ្ហា​នេះ​នៅ​ពេល​ក្រោយ​បន្ថែម​ទៀត។

សូម​បញ្ជាក់​ផង​ដែរ​ថាៈ​ ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ ​តំបន់​គ្រប់គ្រង​រដ្ឋបាល​រវាង ​សង្កាត់​អូរ​តា​វ៉ៅ ​ក្រុង​ប៉ៃលិន ​និង​ ឃុំ​មាន​ជ័យ ​ស្រុក​សំឡូត ​ខេត្ត​បាត់ដំបង​និង ​ប្រជា​ពល​រដ្ឋ​ភូមិ​ភ្នំ​កុយ​ ភូមិ​សំបូរ​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ ​និង​ភូមិ​ឡាក់​៦២​ ឃុំ​កំរៀង ​និង​ភូមិ​កំពង់​ចម្លង​ក្រោម​ ឃុំ​តា​គ្រៃ​ ស្រុក​កំរៀង ​បាន​សំណូមពរ​ដល់់​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ខេត្ត​ប៉ៃលិន ​និង​ខេត្ត​បាត់​ដំបង ​ត្រូវ​ដោះ​ស្រាយ​ដោយ​ឈរ​លើផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​ជាធំ ​ ហើយ​បាន​សំណូមពរ ​អោយ​រដ្ឋ​ បាល​ខេត្ត​ទាំង​ពីរនេះ ​កំណត់​ព្រំប្រទល់​ការ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​អោយ​បាន​ច្បាស់លាស់​ដើម្បី​ពួក​គាត់​ងាយ​ស្រួល​ទំនាក់​ទំនង​ទទួល​យក​សេវា​សាធារណៈ​ដែល​នៅ​ជិត​មូល​ដ្ឋាន​រស់​នៅ​បាន​ឆាប់​រហ័ស ​កុំ​អោយ​មាន​ការ​ចំណាយ​ពេល​វេលា​និង​ថវិកា​ច្រើន​ ។​

cpp-04-02-2016-005 cpp-04-02-2016-006 cpp-04-02-2016-007 cpp-04-02-2016-008vv [youtube id= “Hq_ukuiJ-Ag”]