(29-01-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៦ លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិន លោកស្រី មាស សំនៀង អភិបាលរងស្រុកសាលាក្រៅ លោកស្រី សោ មុន្នីរ័ត្ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកស្រី សាន់ សាវឿន ស្នងការរងនគរបាលខេត្ត និងលោកស្រី សេក សុភី សមាជិកក្រុមប្រឹក្សាឃុំ បានចុះសាកសួរសុខទុក្ខ និងនាំយកសំភារៈថវិកាទៅឧបត្ថម្ភដល់អ្នកជម្ងឺ និងចាស់ជរាដែលគ្មានទីពឹង ស្ថិតនៅភូមិកូនភ្នំ និង ភូមិអូរឬស្សីលើ ក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ពាំនាំនូវបណ្តាំផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម កើត សុធា អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ហើយថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់តែងតែដឹងសុខទុក្ខ ការលំបាក ខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋយើង។ជាក់ស្តែងពេលនេះ គ្រាន់តែទទួលបានដំណឹងថា មានចាស់ជរាខ្វះខាតស្បៀងភ្លាម ក្រុមការងារបានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយទៅឧបត្ថម្ភជូនលោកយាយទាន់ពេលវេលា ដើម្បីសំរួលការលំបាកក្នុងជីវភាពរស់នៅ។
អំណោយដែលក្រុមការងារនាំយកទៅឧបត្ថម្ភចាស់ជរាមានៈ អង្ករមួយការ៉ុង មីមួយកេះ ឆ្នាំងបាយមួយ ឆ្នាំងខ្ទះមួយ បំពង់ទឹកក្តៅមួយ ចានស្រាក់មួយ និងថវិកាម្នាក់ ៤ម៉ឺនរៀល ។ ដោយឡែកយុវជន ញ៉េះ ប៉ា ដែលមានអាយុ ២៥ឆ្នាំ កំពុងមានជម្ងឺទឹកនោមប្រៃ ទទួលបានថវិកា ៦ម៉ឺនរៀល ផងដែរ។
[youtube id= “6AKVqqRSFWY”]