មន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិនធ្វើសន្និបាតបូកសរុបការងារអប់រំយុវជននិងកីឡាខេត្ត ឆ្នាំសិក្សា២០១៤-២០១៥ និងលើកទិសដៅសំរាប់ ឆ្នាំសិក្សា២០១៥-២០១៦


​(29-01-2016) ប៉ៃលិន៖ ថ្ងៃ​ទី២៨ ​ខែមករា​ ឆ្នាំ​២០១៦ ​មន្ទីរ​អប់រំ​និង​កីឡា​ខេត្ត​ប៉ៃលិន​ធ្វើ​សន្និ​បាត​បូក​សរុប​ការងារ​អប់រំ​យុវជន​និង​កីឡា​ ឆ្នាំ​សិក្សា​២០១៤​-​២០១៥​និង​លើក​ទិស​ដៅ​សំរាប់​ ឆ្នាំ​សិក្សា​២០១៥​-​២០១៦​ ក្រោម​អធិបតី ភាព​ ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត ​លោក​លោក​ស្រី​ប្រធាន​ អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ មន្ត្រី​អប់រំ​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ អង្គការ​ដៃគូរ​ផង​ដែរ​។​

​លោក​តង់ ​ធារ៉ា ​ប្រធាន​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថាៈ​ឆ្នាំ​សិក្សា​២០១៤​-​២០១៥​កន្លង​ទៅ​នេះ​លោក​គ្រូ​អ្នក​គ្រូ​និង​មន្ត្រី​អប់រំ​គ្រប់​លំដាប់​ថ្នាក់​បាន​សហការ​ជា​មួយ​សហគមន៍​ចុះបំពេញ​ការងារ​តាម​តួនាទី​និង​ភារកិច្ច​យ៉ាង​សកម្ម​និង​ពុះពារ​គ្រប់​ឧបសគ្គ​ធ្វើ​អោយ​ការ​សិក្សា​អប់រំ​ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើរ​។​ជាក់​ស្តែង​មន្ត្រី​អប់រំ​ទាំង​អស់​បាន​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​និង​រិះរក​វិធាន​ការណ៍​ល្អៗ​ដើម្បី​ឲ្យ​ស្រប​តាម​គោល​នយោបាយ​ដំណាក់​កាល​ទី៣​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​និង​ផែន​ការយុទ្ធ​សាស្រ្ត​វិស័យ​អប់រំ​២០១៣​-​២០១៨​ជា​មួយ ​និង​ផែន​ការ​សកម្មភាព​ប្រចាំ​ឆ្នាំ​របស់​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា​ខេត្ត​ប៉ៃលិន ​។​លោក​បន្ត​ថាៈ​ក្នុង​រយះ​ពេល​១ថ្ងៃ​នេះ ​អង្គ​សន្និ​បាត​បាន​ធ្វើ​ការ​ពិភាក្សា​លើ​ប្រធាន​បទ​ជា​ច្រើន​ចំណុច​ក្នុង​គោល​បំណង ​ការ​ពិនិត្យ​ឡើង​វិញពី​ វឌ្ឍន​ភាព​នៃ​ការ​អនុវត្ត​ផែន​ការ​ទិសដៅ​ដែល​អង្គ​សន្និបាត​ឆ្នាំ​កន្លង​មក​បាន​អនុម័ត ​។​ការ​ពិនិត្យ​លើ​ការប្រែប្រួល​រីក​ចំរើន​ថ្មី​លើការ​កែលំ​អគុណ​ភាព​និង​ពិនិត្យ​ប្រសិទ្ធ​ភាព​អប់រំ ​និង​បង្រៀន​នៅ​លើ​គ្រប់​ផ្នែក​និង​គ្រប់​ភូមិ​សិក្សា​។​ពិនិត្យ​ឡើង​វិញ​ពី​ប្រសិទ្ធិ​ភាព​នៃ​ការ​គ្រប់​គ្រង​និង​ប្រើប្រាស់​ថវិកា ​និង​ដាក់​ចេញ​អនុ​សា​សន៍​និង​វិធាន​ការណ៍​ជា​យុទ្ធ​សាស្ត្រ​សំរាប់​អនុវត្ត​បន្ត​នៅ​ឆ្នាំ​ខាង​មុខ​ទៀត​។ ​

​ឯក​ឧត្តម​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​ថ្លែង​ការ​កោត​សរសើរ​ដល់​លោក​គ្រូ ​អ្នក​គ្រូ ​និង​មន្រ្តី​នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ​សហ​គមន៍ ​ដែល​កន្លង​មក​បាន​បំ​ពេញ​តួនាទី​និង​ភារកិច្ច​យ៉ាង​សកម្ម​ពុះពារ​គ្រប់​ឧបសគ្គ​ខិត​ខំ​យក​ចិត្ត​ទុកដាក់​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ដល់​កូនចៅ​ប្រជាពល​រដ្ឋ​បាន​ល្អ​ប្រសើរ​។​ ឯក​ឧត្តម​បាន​បន្តថា​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​ចាត់​ទុក​វិស័យ​អប់រំ​ជា​វិស័យ​អទិភាព​ដោយ​បាន​កសាង​សាលា​រៀន​នៅ​គ្រប់​ច្រក​ល្ហក​រហូត​ដល់​ភូមិ​ដាច់​ស្រយ៉ាល​ក្នុង​គោល​ដៅ​បង្ខិត​សាលារៀន​ឲ្យ​ជិត​លំនៅ​ដ្ឋាន​ប្រជា​ពល​រដ្ឋ​ដើម្បី​បង្ក​ឱកាស​កាន់​តែ​ងាយ​ស្រួល​ថែម​ទៀត​ដល់​ការ​សិក្សា ​ពិសេស​សិស្ស​នារី ​។​ ឯក​ឧត្តម​បាន​ផ្តាំផ្ញើ​ដល់​លោក​គ្រូ​អ្នក​គ្រូ ​និង​មន្ត្រី​អប់រំ​ទាំង​អស់​ត្រូវ​យក​អនុសាសន៍​ល្អ​ៗ​ដែល​អង្គ​សន្និបាត​លើក​ឡើង​សំរាប់​អនុវត្ត​ទិសដៅ​ការងារ​អប់រំ​ឆ្នាំ​២០១៥​-​២០១៦​នេះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ផង​ និង​ឆ្នាំ​បន្ត​បន្ទាប់​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ ព្រោះ​ថា​ការអប់រំ​ត្រូវ​ធ្វើ​ជា​ប្រចាំ​និង​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​។​ ពិសេស​ត្រូវ​ពង្រឹង​សាមគ្គី​ភាព ​ឯក​ភាព​ផ្ទៃ​ក្នុង​ឲ្យ​បាន​ល្អ​ដើម្បី​បំពេញ​ ការងារ​បន្ត​លើវិ​ស័យ​អប់រំ​ឲ្យទទួល​បាន​ជោគ​ជ័យ។​ឯក​ឧត្តម​បាន​បន្ថែម​ទៀត​ថា​៖​សុំ​អោយ​លោក​គ្រូ​អ្នក​គ្រូ​ប្រើ​វិធី​សាស្រ្ត​បង្រៀន​គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បណ្តុះ​បណ្តាល​កុមារ​តូច​ដែល​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ផ្នត់​គំនិត​និង​ការ​ចង​ចាំ​បាន​ល្អ​ពី​តូចរហូត​ដល់​ធំ​។​ទទឹម​នឹង​នេះ​លោក​គ្រូ​អ្នក​គ្រូ​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​សិស្ស​អោយ​ចេះ​ចូល​រួម​ថែរក្សា​បរិស្ថាន ​គោរព​ច្បាប់​ចរាចរណ៏ ​ជា​ពិសេស​ជៀស​វៀង​អោយ​ឆ្ងាយ​ពី​គ្រឿង​ញៀន​។​

cpp-29-01-2016-005 cpp-29-01-2016-006 cpp-29-01-2016-007 cpp-29-01-2016-008 cpp-29-01-2016-009 cpp-29-01-2016-010vv

[youtube id= “Z4lkSdBsQ_A”]