(29-01-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០១៦ នៅសាលាក្រុងប៉ៃលិនមានកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាក្រុងប៉ៃលិន អាណត្តិទី២របស់ខ្លូន ដែលកិច្ចប្រជុំនេះស្ថិតក្រោមវត្តមាន លោក តាន់ សាវ៉ាត សមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិន និង លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ។
បន្ទាប់ពីអង្គប្រជុំបានដំណើរការពិភាក្សានឹងអនុម័តលើចំណុចនីមួយៗតាមរបៀបវីរៈរួចមក សមាជិកសមាជិការនៃអង្គប្រជុំបានលើកយកនូវបញ្ហាប្រឈមមួយចំនួន ដែលកើតមានឡើងក្នុងក្រុងប៉ៃលិន ដើម្បីមកពិភាក្សានឹងស្នើរដល់គណៈអភិបាលក្រុងដើម្បីរកវិធានការណ៍ដោះស្រាយដូចជា៖ បញ្ហាសន្តិសុខនាពេលបច្ចុប្បន្នមានចន្លោះប្រហោងច្រើន ល្បែងស៊ីសង និងការប្រើប្រាស់ និងការជួញដូរគ្រឿងញៀននៅតាមមូលដ្ឋាននៅតែកើតមានឡើង ឡានធំដឹកពោតជនជាតិថៃបើកលឿនមិនថាផ្លូវជាតិ ឬផ្លូវទីប្រជុំជន បញ្ហាសមត្ថកិច្ចយកលុយក្បាលឡានដឹកកសិផល បញ្ហាការចតឡានគ្មានសណ្តាប់ធ្នាប់នៅម្តុំផ្សារប៉ាងរលឹម និងការបង្ហូរការសំណល់ពាសពេញថ្នល់ដែលជាការបំពុលបរិស្ថានពីយានដ្ឋាន និង ភោជនីយដ្ឋានមួយចំនួន ។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានមានប្រសាសន៍ថាៈ គណៈបញ្ជាការឯកភាពក្រុងរៀបចំ បង្កើតលេខាធិការដ្ឋានអចិន្រ្តៃយ៍ដើម្បីងាយស្រួលក្នុងការទ្រទ្រង់អសន្តិសុខសង្គម ការពង្រឹងរបៀបរបបការងារមន្រ្តី ការរៀបចំសណ្តាប់ធ្នាប់បរិស្ថាននៅតាមផ្សារនិងនៅតាមមូលដ្ឋាន ។លោកបន្តថាៈចំពោះការអនុវត្តចរាចរណ៍ផ្លូវគោក សមត្ថកិច្ចក្រុងត្រូវយកចិត្តទុកដាក់ទប់ស្កាត់និងផាកវិន័យដល់រថយន្តដឹកសំពីងសំពោង និង លើសល្បឿនកំណត់ដែលបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។ ទន្ទឹមនេះសមត្ថកិច្ចគ្រប់ថ្នាក់ក្នុងក្រុងត្រូវមានកិច្ចសហការល្អជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ សង្កាត់ អោយបានជិតស្និទ្ធដើម្បីរួមគ្នាទប់ស្កាត់អំពើចោរកម្មកុំអោយកើតមានឡើង ដោយសមត្ថកិច្ច លោកមេភូមិ ចៅសង្កាត់ ត្រូវគ្រប់គ្រងអ្នកចំណូលថ្មីដែលជាអ្នកចំណាកស្រុក ឬកម្មករដកដំឡូង នៅតាមសៃឡូនីមួយៗអោយ បានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រងនិងជៀសវាងអំពើចោរកម្មឆក់ ប្លន់ និងបង្កអសន្តិសុខសង្គមកើតឡើង។
លោក តាន់ សាវ៉ាត បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ត្រីរាជការក្រុងប៉ៃលិនដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ។ លោកបន្តថាៈដើម្បីបំពេញការងារបំសេវាជូនប្រជាពលរដ្ឋអោយបានកាន់តែល្អថែមទៀតថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ត្រូវអនុវត្តការងារទទួលខុសត្រួវទៅតាមតួនាទីរបស់ខ្លួន ជាពិសេសត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង បន្តជំរុញការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពអោយបានកាន់តែ ប្រសើរថែមទៀត។
[youtube id= “XqqysvjagAg”]