រដ្ឋបាលខេត្តប៉ៃលិនធ្វើសន្និបាតបូកសរុបការងារឆ្នាំ២០១៥និងលើកទិសដៅការងារឆ្នាំ២០១៦


(28-01-2016) ប៉ៃលិន៖ ​នៅ​ថ្ងៃ​ទី​២៨ ​ខែ​មករា​ ឆ្នាំ​២០១៦​ រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​បាន​ធ្វើ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១៥​ និង​លើក​ទិស​ដៅ​ការ​ងារ​បន្ត​ឆ្នាំ​២០១៦ ​ក្រោម​អធិ​បតី​ភាព​ ឯក​ឧត្តម​ អ៊ុង​ សាម៉ី​ អនុ​រដ្ឋ​លេខា​ធិការ​និង​ជា​តំណាង​សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧប​នាយក​រដ្ឋ​មន្រ្តី ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ ឯក​ឧត្តម​ ឡី ​ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ឯក​ឧត្តម ​កើត​ សុធា​ អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​ និង​មាន​វត្ត​មាន​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ ឯក​ឧត្តម ​អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​ ឯក​ឧត្តម​ លោក​ជំទាវ​ សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត ​អភិ​បាល​រង​ខេត្ត ​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ ប្រធាន​អនុ​ប្រធាន​មន្ទីរ​ អភិ​បាល ​អភិ​បាល​រង​ក្រុង​/ស្រុក ​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់​ និង​អង្គ​ការ​នានា​ផង​ដែរ​។

​         មាន​ប្រសាសន៏​ក្នុង​អង្គ​សន្និ​បាត​ ឯក​ឧត្តម​ កើត​ សុធា ​បាន​ថ្លែង​ថា​៖ អង្គ​សន្និ​បាត​ថ្ងៃ​នេះ​គឺ​ជា​វេទិការ​មួយ​ដ៏​មាន​សារៈ​សំខាន់​ដើម្បី​បូក​សរុប​រាល់​សមិទ្ធិ​ផល​ទាំង​ឡាយ​ដែល​យើង​សំម្រេច​បាន​នា​ពេល​កន្លង​មក ​ដើម្បី​ដក​បទ​ពិសោធ​ល្អៗ​និង​រក​ឲ្យ​ឃើញ​នូវ​បញ្ហា​ប្រឈម​នានា ​ព្រម​ទាំង​ប្រមូល​ផ្តុំ​មតិ​យោបល់​ផ្សេង​ៗ​ចង​ក្រង​សំរាប់​ជា​ទិស​ដៅ​ក្នុង​ការ​អនុ​វត្ត​ការ​ងារ​ឆ្នាំ​២០១៦​របស់​រដ្ឋ​បាល​ខេត្ត​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ត​អោយ​មាន​ការ​រីក​ចំរើន​បន្ត​ទៀត​ ស្រប​តាម​គោល​នយោ​បាយ​និង​យុទ្ធ​សាស្រ្ត​ចតុ​កោណ​ដំណាក់​កាល​ទី​បី​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច ​តេ​ជោ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។ ​ឯក​ឧត្តម​បន្ត​ថា៖​ ក្នុង​អាណត្តិ​ទី​២​របស់​ក្រុម​ប្រឹក្សា​ខេត្ត​ អភិ​បាល​ខេត្ត​ប៉ៃលិន​ក៏​ដូច​ជា​រាជ​ធានី​ខេត្ត​ទូទាំង​ប្រទេស​ បាន​បន្ត​អនុ​វត្ត​គោល​នយោ​បាយ​វិមជ្ឍការ​ និង​សហ​វមជ្ឈការ​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ តាម​ច្បាប់​ស្តី​ពី​ ការ​គ្រប់​គ្រង​រដ្ឋ​បាល​រាជ​ធានី​/ខេត្ត​/ក្រុង​/ស្រុក​/ខណ្ឌ ​និង​លិខិត​បទ​ដ្ឋាន​ថ្នាក់​ជាតិ​នានា​ដើម្បី​អោយ​រដ្ឋ​បាល​ខេត្ត​ ជា​រដ្ឋ​បាល​ឯក​ភាព​ និង​លើក​កម្ពស់​ការ​អនុ​វត្ត​តាម​បែប​ប្រជា​ធិប​តេយ្យ​ លើក​ស្ទួយ​សម​ធម៌​សង្គម​និង​លើក​ស្ទួយ​ជីវ​ភាព​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​អោយ​ប្រសើរ​ឡើង​។ ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្តេជ្ញា​អនុ​វត្ត​ កំណែ​ទម្រង់​ស៊ី​ជំរៅ​លើ​គ្រប់​វិស័យ​ និង​គ្រប់​លំដាប់​ថ្នាក់​ ក្នុង​នោះ​កំណែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ​ និង​កំណែ​ទម្រង់​​វិមជ្ឍការ​ និង​សហ​វិមជ្ឍការ​ពិត​ជា​បាន​និង​កំពុង​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស​តាម​សេច​ក្តី​ត្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​។ ​ក៏​ប៉ុន្តែ​យើង​នៅ​​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ដោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ក្នុង​ឆ្នាំ​២០១៦​នេះ​។​

​បន្ទាប់​ពី​អង្គ​សន្និ​បាត​ស្តាប់​របាយ​ការណ៍​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៥​ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៦​រួច​មក​ អស់​ចូល​រួម​សន្និ​បាត​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​និង​លើក​ឡើង​ពី ​បញ្ហា​ប្រឈម​ជា​ច្រើន​ដាក់​ជូន​អង្គ​សន្និ​បាត​ ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​រួម​មានៈ​ បញ្ហា​ទប់​ស្កាត់​បទ​ល្មើស​ ចោរ​លួច​ ចោរ​ប្លន់​ ល្បែង​ស៊ី​សង​ ការ​ជួញ​ដូរ​ប្រើ​ប្រាស់​គ្រឿង​ញៀន​  បញ្ហា​បរិស្ថាន​ទឹក​ស្អុយ​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​ការ​ធ្វើ​សៀវ​ភៅ​គ្រួសារ​ អត្ត​សញ្ញាណប័ណ្ណ​ សញ្ជាតិ​ខ្មែរ​  ប្រជា​ពល​រដ្ឋ​កែ​តម្រូវ​ឈ្មោះ​លើ​សៀវ​​ភៅ​គ្រួសារ​ អត្រា​នុ​កូល​ដ្ឋាន​ អត្ត​សញ្ញាណ​ប័ណ្ណ ​នៅ​តុលា​ការ​អស់​លុយ​ច្រើន​ ។​ល​។​

​មាន​ប្រសាសន៍​បិទ​អង្គ​សន្និ​បាត​ ឯក​ឧត្តម​ អ៊ុង​ សាម៉ី​ អនុ​រដ្ឋ​លេខា​ធិការ​និង​ជា​តំណាង​ សម្តេច​ក្រឡា​ហោម​ ស​​ ខេង​ ឧប​នាយក​រដ្ឋ​មន្រ្តី ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធ​ផល​ការ​ងារ​ដែល​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជ​ការ​ខេត្ត​ប៉ៃលិន​សំរេច​បាន​នា​ពេល​កន្លង​មក​។​ឯក​ឧត្តម​បន្ត​ថា​៖​នៅ​ក្នុង​ឆ្នាំ​២០១៥​ ក្រោម​កិច្ច​សហ​ការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​បាន​ធ្វើ​អោយ​ខេត្ត​ប៉ៃលិន​មាន​ការ​រីក​ចំរើន​គួរ​ អោយ​កត់​សំគាល់​ ទាំង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ទាំង​ផ្នែក​សន្តិ​សុខ​ សង្គម​ និង​ សេដ្ឋ​កិច្ច​មាន​ភាព​ល្អ​ប្រសើរ​និង​សកម្ម​​ភាព​​បំរើ​ប្រជា​ពល​រដ្ឋ​ទាំង​ថ្នាក់​ ខេត្ត​ ក្រុង​  ស្រុក​ ឃុំ ​សង្កាត់​ ដែល​បាន​អនុ​វត្ត​តួ​នាទី​ភារៈ​កិច្ច​ក្នុង​វិស័យ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ ជា​ពិសេស​ការ​នាំ​កសិ​ផល​ទៅ​ប្រទេស​ជិត​ខាង​មាន​កំណើន​កើន​ជា​លំដាប់​ផង​ដែរ​។ ​ឯក​ឧត្តម​ក៏​បាន​សំនូម​ពរ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ មន្រ្តី​រាជ​ការ​ កង​កំលាំង ​ប្រដាប់​អាវុធ​គ្រប់​ស្ថាប័ន​ត្រូវ​បន្ត​ខិត​ខំ​បំពេញ​ភារ​កិច្ច​របស់​ខ្លូន​អោយ​បាន​ល្អ ​ជា​ពិសេស​ត្រូវ​ពង្រឹង​សាមគ្គី​ភាព​ឯក​ភាព​ផ្ទៃ​ក្នុង​ និង​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​បំរើ​ប្រជា​ពល​រដ្ឋ​បន្ត​ទៀត​តាម​គោល​នយោ​បាយ​ចតុ​កោណ​ដំណាក់​កាល​ទី​៣ ​របស់​រាជ​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។ ​

​      ក្នុង​ឱកាស​នោះ​ក៏​មាន​បំពាក់​មេ​ដាយ​ការ​ងារ​ដល់​ថ្នាក់​ដឹក​នាំ​មន្ត្រី​រដ្ឋ​បាល​ខេត្ត​ដែល​មាន​ស្នា​ដៃ​បំរើ​ការ​ងារ​ល្អ​កន្លង​មក​។​

cpp-28-01-2016-001 cpp-28-01-2016-002 cpp-28-01-2016-003 cpp-28-01-2016-004 cpp-28-01-2016-005 cpp-28-01-2016-006vv

[youtube id= “cF2Us9cVz-A”]