(26-01-2016) ប៉ៃលិន៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ព្រះសង្ឃ លោកអាចារ្យគណកម្មាការ មជ្ឈមណ្ឌលវិប្បសនាធុរៈខេត្តប៉ៃលិន ដែលមានទីតាំងនៅខាងត្បូងភ្នំយ៉ាត ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនបានរៀបចំកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី បុណ្យឆ្លងសមិទ្ធិផលនានា ឆ្លងគម្ពីរព្រះត្រៃបិដក និងពិធីតែងតាំងប្រធានមជ្ឈមណ្ឌលវិប្បសនា ធុរៈខេត្តប៉ៃលិន។ កម្មវិធីបុណ្យនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន និងលោកជំទាវ គង់ស្តី កើតសុធា ព្រះគ្រូធម្មវិប្បសនា ហ៊ឹម ប៊ុនធឿន ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះប្រធានពុទ្ធមណ្ឌលវិប្បសនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត ព្រមទាំងមន្រ្តីរាជការ សីលវន្ត សីលវត្តី ប្រជាពុទ្ធបរិស័ទ ជាច្រើននាក់់ទៀត។
ព្រះគ្រូធម្មាចារ្យ យ៉ា សុបុល បានមានសង្ឃដីការថា សមិទ្ធផល នៅក្នុងមជ្ឈមណ្ឌលវិប្បសនា ធុរៈខេត្តប៉ៃលិន ដែលដាក់សម្ពោធនាពេលនេះរួមមានៈ អាគារធំរបស់មជ្ឈមណ្ឌលមួយ កុដតូចមួយ កុដសំរាប់លោកយាយ លោកតាស្នាក់នៅមួយ កុដព្រះសង្ឃគង់នៅចំនួន៤បន្ទប់ រោងបាយមួយ បន្ទប់ទឹកចំនួន១០ និងសមិទ្ធិផលផ្សេងៗមួយចំនួនទៀត។
បុណ្យផ្កាប្រាក់មហាសាមគ្គី បុណ្យឆ្លងព្រះត្រៃបិដក និងពិធីអភិសេកព្រះពុទ្ធរូប នេះធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដោយនៅវេលាម៉ោង៨ ព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៦ ជួបជុំពុទ្ធបរិស័ទធ្វើក្រុងពាលី អញ្ជើញគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដំដែងធម៌ទេសនា, ធ្វើបទនមស្សការ សមាទានសីល និងនិមន្តព្រះសង្ឃចំរើនព្រះបរិត,លុះម៉ោង៦ល្ងាច ព្រះគ្រូធម្មវិប្បសនា ហ៊ឹម ប៊ុនធឿន ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះប្រធានពុទ្ធមណ្ឌលវិប្បសនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាសំដែងធម៌ទេសនា និងរៀបចំពិធីអភិសេកព្រះពុទ្ធរូប បាញ់កាំជ្រួច និង បង្ហោះគោមចំនួន១០០គោម។ លុះព្រឹកឡើង ត្រូវនឹងថ្ងៃទី២៧ ខែឆ្នាំដដែល វេលាម៉ោង ៧ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ ,នៅវេលាម៉ោង ៨ព្រឹកពិធីកាត់ខ្សែបូសម្ពោធសាលាវិប្បសនាធុរៈខេត្តប៉ៃលិន និងប្រកាសតែងតាំង, ស្រោចសុគន្ធវារី ដល់ព្រះភិក្ខុ អ៊ា សុផន ជាប្រធានមជ្ឈមណ្ឌលវិប្បសនាធុរៈខេត្តប៉ៃលិន ។
ឯកឧត្តម កើត សុធា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ កោតសរសើរចំពោះព្រះសង្ឃ លោកអាចារ្យគណៈកម្មាការ និងពុទ្ធបរិស័ទទាំងអស់ ដែលបានរួមសាមគ្គីគ្នាកសាងមជ្ឈមណ្ឌលអោយមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានដាក់សម្ពោធសមិទ្ធិផលនានានៅពេលនេះ។ ឯកឧត្តមបានបន្តថា មជ្ឈមណ្ឌលវិប្បសនាធុរៈ ជាមជ្ឈមណ្ឌលតែមួយក្នុងខេត្តប៉ៃលិន ទើបកសាងថ្មីក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម អ៊ី ឈាន អតីតៈអភិបាលខេត្តប៉ៃលិន និងព្រះភិក្ខុ អ៊ា សុផន ព្រះវិន័យធម៌ខេត្ត និងជាព្រះចៅអធិការវត្តប៉ាហ៊ី។ ឯកឧត្តមបានបន្តទៀតថា ក្រោម នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខេត្តប៉ៃលិនបានបញ្ចប់បានទាំងស្រុងនូវសង្រ្គាមរាំរ៉ៃ ដែលអូសបន្លាយជាច្រើនទស្សវត្ស និងនាំមកនូវសេចក្តីសុខ សន្តិភាពពេញបរិបូរណ៌ជូនប្រជាពលរដ្ឋកម្ពុជា បង្កលក្ខណៈល្អប្រសើរដល់ការរកទទួលទាន ការធ្វើបុណ្យសន្សំកុសល របស់ប្រជាពលរដ្ឋយើង។ មកដល់បច្ចុប្បន្ននេះ ខេត្តប៉ៃលិនមានវត្តចំនួន២៩ វត្ត អាស្រមណ៍ចំនួន២ និងមណ្ឌលវិប្បសនាធុរៈចំនួន១ និង មានព្រះសង្ឃចំនួន៣៤៦អង្គ ។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំខេត្ត អង្គភាពមន្ទីរស្ថាប័នជំនាញ កំពុងរៀបចំ តំបន់ភ្នំយ៉ាតនេះ អោយទៅជារមណីយដ្ឋានទេសចរ វប្បធម៌ និងធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តនៅខេត្តប៉ៃលិនអោយបានកាន់តែច្រើនទ្វេថែមទៀត៕
[youtube id= “73vmBsYH8VM”]