(20-01-2016) ប៉ៃលិន៖ រសៀលថ្ងៃទី២០ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បានបើកកិច្ចប្រជុំស្តីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ រដ្ឋបាលថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន លោករៀម សុមាន ប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត និងមានការអញ្ចើញចូលរួមពីសំណាក់លោកលោកស្រីប្រធានអនុប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យរដ្ឋបាលហិរញ្ញវត្ថុអង្គភាពមន្ទីរស្ថាប័ន ជំវិញខេត្តផងដែរ។
លោក រៀម សុមាន ប្រធានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានណែនាំដល់មន្ទីរជំនាញទាំងអស់ត្រូវតែយកចិត្តទុកដាក់ស្វែងយល់ពីនិតិវិធីសំរាប់ធ្វើផែនការការងារចំណាយនិងចំណូលនិងផែនការផ្សេងៗ ទៅតាមត្រីមាសនីមួយៗ អោយបានច្បាស់លាស់ និងដើម្បីអនុវត្តន៏គោលនយោបាយរបស់រដ្ឋាភិបាលអោយបានត្រឹមត្រូវនិងទទួលបានប្រសិទ្ធិភាពនៅក្នុងឆ្នាំ២០១៦នេះ ។ទទឹ្ទមនឹងនេះស្នើអោយមន្ទីរទាំងអស់ត្រូវតែរៀបចំ ឯកសារសកម្មភាពការងារនិងផែនការថវិកា អោយបានត្រឹមត្រូវទៅតាមសកម្មភាពនីមួយៗដើម្បីជៀសវាងកុំអោយមានបញ្ហាខុសនិតិវិធីច្បាប់ហិរញ្ញវត្ថុ។
បន្ទាប់ពី លោក ផែន រ៉ាវុធបានធ្វើបទបង្ហាញស្តីពីការអនុត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ដើម្បីអោយមន្ត្រីអង្គភាពមន្ទីរជំនាញទាំងអស់យល់ជ្រាបកាន់តែច្បាស់រួចមក កិច្ចប្រជុំបានពិភាក្សា និងលើកឡើងពីបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមកផងដែរ។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏កោតសសើរដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានបើកកិច្ចប្រជុំស្តីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ថ្នាក់ជាតិ ដល់មន្ត្រីអង្គភាពមន្ទីរជំនាញទាំងអស់អោយបាន យល់កាន់តែច្បាស់ពីច្បាប់ហិរញ្ញវត្ថុ។ ឯកឧត្តម បានជំរុញដល់មន្ត្រីអង្គភាពមន្ទីរស្ថាប័នជំនាញទាំងអស់ត្រូវយកចិត្តទុកខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់ការពន្យល់និងណែនាំពីសំណាក់គ្រូឧទ្ទេសមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអោយបានច្បាស់លាស់ដើម្បីងាយស្រួលចុះទៅអនុវត្តការងារជាក់ស្តែងទទួលលទ្ធផលល្អនៅក្នុងឆ្នាំ២០១៦នេះ។ព្រមជាមួយនេះ គ្រប់អង្គភាពមន្ទីរស្ថាប័នជំនាញទាំងអស់ត្រូវតែកាត់បន្ថយភាពអសកម្មដែលកើតឡើងកាលពីឆ្នាំ២០១៥កន្លងមក ហើយក្នុងឆ្នាំ២០១៦នេះត្រូវតែធ្វើការងារទៅតាមផែនការថវិកា និងផែនការសកម្មភាពការងាររបស់ខ្លួនអោយបានត្រឹមត្រូវ ច្បាស់លាស់និង ធ្វើការកែប្រែយុទ្ធសាស្រ្តការងារនិងសកម្មភាពផ្សេងៗទៀតអោយបានល្អ និងទទួលបានប្រសិទ្ធិភាព។
[youtube id= “b9DBd_ZG6XQ”]