អ្នកទោសក្នុងពន្ធនាគារខេត្តប៉ៃលិនត្រូវបានព្រះមេគុណ គណៈធម្មយុត្តិកនិកាយខេត្ត និមន្តផ្សព្វផ្សាយព្រះធម៌ អំពីទ្រឹស្តី សីលទាំង៥ របស់ព្រំសាម្មាសម្ពុទ្ធ សំរាប់អោយទណ្ឌិតគោរពប្រតិបត្តិ


(16-01-2016) ប៉ៃលិន៖ ​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០១៦​ ឯក​ឧត្តម​ ធូ​ ភា ​និង​លោក​ជំទាវ​ជាលាភ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​ ព្រះ​គ្រូ​ធម្ម​កដ្ឋាធិ​រាជ​ សាន់​ លី​ ព្រះ​មេ​គុណ ​គណៈ​ធម្ម​យុត្តិ​ករនិ​កាយ​ខេត្ត​ប៉ៃលិន​ រួម​ដំណើរ​ដោយ​ ឯក​ឧត្តម​ នួន​ សាវុធ​ ទី​ប្រឹក្សា​សម្តេច​សង្ឃ​រាជ​ ងួន​ង៉ែត​ លោក​ ឌិន​ គឹម​ ប្រធាន​មន្ទីរ​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ លោក​ស្រី​សោ ​មុន្នី​រ័ត្ន​ លោក​ស្រី ​សាន់​ សា​វឿន ​លោក​ស្រី​ឡុង​ សុ​ឃាវី​ ព្រម​ទាំង​ មន្រ្តី​រាជ​ការ​មួយ​ចំនួន​ទៀត​បាន​អញ្ជើញ​និង​និមន្ត​ចុះ​សាក​សួរ​សុខ​ទុក្ខ​ អនុ​រក្ស​ពន្ធ​នាគារ​ និង​ផ្សព្វ​ផ្សាយ​ព្រះ​ធម៌​ដល់​អ្នក​ទោស​ក្នុង​ពន្ធ​នាគារ​ខេត្ត​ប៉ៃលិន​ ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​ទឹក​ចេញ ​ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃ​លិន។

​ព្រះ​គ្រូ​ធម្ម​កដ្ឋាធិ​រាជ​ សាន់ ​លី ​ព្រះ​មេ​គណ ​គណៈ​ធម្ម​យុត្តិ​ករនិ​កាយ​ខេត្ត​ប៉ៃលិន ​បាន​សម្តែង​ធម៌​ទេសនា​ អំពី​ទ្រឹស្តី​ សីល​ទាំង​៥ ​របស់​ព្រះ​សាម្មាសម្ពុទ្ធ​ សំរាប់​អោយ​ទណ្ឌិត​គោរព​ប្រតិ​បត្តិ ​ដើម្បី​ទទួល​បាន​នូវ​សេច​ក្តី​សុខ ​ចំរុង​ចំរើន​ ក្នុង​នោះ​មាន​ ទី​១-​បា​ណា​តិ​បាត​ វេរមណី​ គឺ​វៀរ​ចាក​ការ​សម្លាប់​សត្វ​។ ​ទី​២-​អទិន្នា​ទានា​ វេរមណី​ វៀរ​ចាក​នូវ​ការ​លួច​ទ្រព្យ​គេ ​។ ​ទី​៣-​កាមេ​សុមិច្ឆា​ចារា​ វេរមណី​ វៀរ​ចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ ​គឺ​ការ​មិល​លួច​ប្រពន្ធ​ កូន​អ្នក​ដទៃ​ ។ ​ទី​៤-​មុសា​វាទា ​វេរមណី ​វៀរ​ចាក​ការ​ពោល​ពាក្យ​មិន​ពិត ​គឺ​ពាក្យ​កុហក ​និង​ទី ​៥-​សុរា​មេរយ​មជ្ជប្បមា​ទដ្ឋានា ​វេរមណី​ វៀរ​ចាក​ការ​សេព​នូវ​ទឹក​ស្រវឹង​គឺ​សុរា ​និង​មេ​រ័យ។

​ឯក​ឧត្តម ​ធូ ​ភា ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍​ថា ​ទ្រឹស្តី​សីល​៥ ​របស់​ព្រះ​សម្មាសម្ពុទ្ធ​នេះ​ ពុទ្ធ​បរិស័ទ​គ្រប់​រូប​ត្រូវ​យក​ទៅ​ប្រតិបត្តិ​អោយ​បាន​ត្រឹម​ត្រូវ ​ដើម្បី​សេច​ក្តី​សុខ​សាន្ត ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ​ក៏​ដូច​ជា​សង្គម​ជាតិ​ទាំង​មូល​។​ ទណ្ឌិត​ទាំង​អស់​ត្រូវ​យក​ទ្រឹស្តី​នេះ​ទៅ​គិត​ពិចារ​ណា ​និង​យក​មក​អនុវត្ត​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ​ពិសេស​នៅ​ពេល​ដែល​ត្រូវ​បាន​ដោះ​លែង​អោយ​មាន​សេរី​ភាព​ពី​ពន្ធ​នាគារ​ មក​រស់​នៅ​ក្នុង​សង្គម​គ្រួសារ​ វិញ​។ ​ឯក​ឧត្តម​បន្ត​ថា ​កន្លង​មក​យើង​ធ្វើ​ខុស​នឹង​ទ្រឹស្តី​សីល​៥ ​នេះ​ហើយ​ទើប​យើង​មាន​ទោស ​ដូច​ជា​ការ​លួច​ ឆក់​ប្លន់ ​ការ​កាប់​សំលាប់​មនុស្ស ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នេះ​ជា​ដើម​។ ​ជា​ការ​ពិត​ណាស់​យើង​លក់​គ្រឿង​ញៀន​ យើង​បាន​លុយ​ តែ​ទង្វើ​របស់​យើង​នេះ​បាន​ធ្វើ​អោយ​ក្រុម​គ្រួសារ​ដែល​មាន​កូន​ មាន​ចៅ ​សមាជិក​គ្រួសារ​សេព​គ្រឿង​ញៀន ​ជួប​នូវ​ភាព​វឹក​វរ​ ភាព​អន្ត​រាយ​ក្នុង​គ្រួសារ ​ បង្ករ​អំពើ​ហឹង្សារ​ អំពើ​ចោរ​កម្ម ​ដែល​ជា​បន្ទុក​របស់​អាជ្ញា​ធរ​ និង​រាជ​រដ្ឋា​ភិបាល​ទៀត​ផង​។ ​ឯក​ឧត្តម​បាន​ ណែ​នាំ​សូម​អោយ​ទណ្ឌិត​ទាំង​អស់​ត្រូវ​មាន​ស្មារតី​ភ្ញាក់​រលឹក​ចេះ​កែ​ខ្លួន​ ឈប់​ប្រព្រឹត្ត​នូវ​អំពើ​ខុស​ឆ្គង​ដូច​កាល​កន្លង​ទៅ ​ព្រោះ​ថា ​បើ​យើង​ធ្វើ​ខុស​យើង​នឹង​ទទួល​ទោស ​ទទួល​កម្ម​ពារ​ដែល​យើង​បាន​សាង ​មិន​អាច​គេច​ផុត​ឡើយ​ទាំង​បច្ចុប្បន្ន​ជាតិ ​និង​អនាគត​ជាតិ​។

​ក្នុង​ឱកាស​នោះ​ដែល​ព្រះ​គ្រូ​ធម្ម​កដ្ឋាធិ​រាជ​ សាន់​ លី ​ព្រះ​មេ​គណ ​គណៈ​ធម្ម​យុត្តិកៈ​និកាយ​ខេត្ត​ប៉ៃលិន​បាន​ផ្តល់​នូវ​អាហារ​មួយ​ពេល​ សំរាប់​អ្នក​ទោស​ទាំង​អស់​ក្នុង​ពន្ធ​នាគារ​ខេត្ត ​ហើយ​ឯក​ឧត្តម​ លោក​ជំទាវ​អភិ​បាល​រង​ខេត្ត​បាន​ ឧបត្ថម្ភ​ថវិកា​ដល់​អង្គ​ភាព​ពន្ធ​នាគារ​ខេត្ត​ចំនួន​៤០​ម៉ឺន​រៀល ​និង​ឧបត្ថម្ភ​ដល់​បុគ្គលិក​ពន្ធ​នាគារ​ម្នាក់​ ២០០០០​រៀល​ ចំណែក​លោក​ ឌិន​ គឹម ​ប្រធាន​មន្ទីរ​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ ខេត្ត​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​ទួល​ល្វា ​បាន​ជួយ​កសាង​ផ្ទះ​បាយ​មួយ​ ជូន​អង្គ​ភាព​ពន្ធ​នាគារ​ និង​ជួយ​ស័ង្កសី​ប្រក់​ដំបូល​ផ្ទះ​បាយ​អ្នក​ទោស​ផង​ដែរ​។

cpp-16-01-2016-001 cpp-16-01-2016-002 cpp-16-01-2016-003 cpp-16-01-2016-004 cpp-16-01-2016-005 cpp-16-01-2016-006vv

[youtube id= “iv87hKgNw9Y”]