(14-01-2016) ប៉ៃលិន៖ ថ្ងៃទី១៤មករាឆ្នាំ២០១៦ ឯកឧត្តម ឡេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមកើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម អៀងវុធ អភិបាលរងខេត្ត រួមដំណើរដោយលោកអភិបាលក្រុងប៉ៃលិន លោក អភិបាលស្រុកសំឡូត លោកមេឃុំ ចៅសង្កាត់លោកមេភូមិដែលមានព្រំប្រទប់ជាប់ជាមួយគ្នា និងមន្ត្រីជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យភូមិសាស្ត្រតំបន់គ្រប់គ្រងរដ្ឋបាលរវាងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និង ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង និងចំណុចភូមិសាស្រ្តភូមិភ្នំកុយ ភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ និង ភូមិកំពង់ចម្លងក្រោម ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋរស់នៅ និងស្ថានភាពភូមិសាស្រ្តជាក់ស្តែង ក្នុងការកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរអោយបានត្រឹមត្រូវច្បាស់លាស់។
ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈកន្លងមករដ្ឋបាលខេត្តប៉ៃលិនបានគ្រប់គ្រងប្រជាពលរដ្ឋលើភូមិសាស្ត្រក្នុងភូមិកាចាប់និងភូមិភ្នំដំបងដែលព្រំប្រទល់ជាប់ជាមួយស្រុកសំឡូតតាមស្ថានភាពជាក់ស្តែងដែលប្រជាពលរដ្ឋរស់នៅតាំងពីក្រោយសមាហរណកម្មជាមួយរាជរដ្ឋាភិបាលនាឆ្នាំ១៩៩៧ ក្នុងនោះអាជ្ញាធរខេត្តប៉ៃលិនបានផ្តល់សេវាសាធារណៈជូនពួកគាត់លើគ្រប់វិស័យ ដូចជាវិស័យអប់រំ សេដ្ឋកិច្ច សង្គមកិច្ច សុខាភិបាល និងបានផ្តល់ឯកសារបញ្ចាក់អត្តសញ្ញាណជាដើម។ ប៉ុន្តែការគ្រប់គ្រងភូមិសាស្ត្រក្នុងតំបន់រស់នៅរបស់ប្រជាពលរដ្ឋមានការត្រួតស៊ីគ្នារវាងក្រុងប៉ៃលិន និងស្រុកសំឡូត ខេត្តបាត់ដំបង ដែលបញ្ហានេះអាជ្ញាធរខេត្តបានស្នើដល់ក្រសួងមហាផ្ទៃកំណត់ព្រំប្រទល់គ្រប់គ្រងរដ្ឋបាលអោយបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងគ្រប់គ្រងប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានអោយបានរីកចំរើនឡើង។
បន្ទាប់ពីចុះពិនិត្យដល់ភូមិសាស្ត្រប្រជាពលរដ្ឋតាំងទីលំនៅជាក់ស្តែងក្នុងតំបន់ព្រំប្រទល់ក្រុងប៉ៃលិន និង ស្រុកសំឡូតរួចមក ឯកឧត្តម ឡេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាៈការចុះពិនិត្យតំបន់ព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបងពេលនេះគឺគ្រាន់តែការប្រមូលព័ត៌មានលើភូមិសាស្ត្ររស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាក់ស្តែងតែប៉ុណ្ណោះ ។ រីឯការសំរេចយ៉ាងណានោះថ្នាក់ដឹកនាំខេត្តទាំងពីរ និងក្រសួងមហាផ្ទៃយកទៅពិភាក្សាគ្នាអោយបានល្អិតល្អន់រួចសំរេចជាផ្លូវការនៅដើមខែកុម្ភះឆ្នាំ២០១៦ខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ឡេង វីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានអញ្ជើញពិនិត្យអគាររដ្ឋបាលស្រុកកំរៀង និង អគាររដ្ឋបាលស្រុកសាលាក្រៅដែលកំពុងសាងសង់បានប្រមាណ៥០%ផងដែរ។
[youtube id= “J9pnitzvemA”]