(13-01-2016) ប៉ៃលិន៖ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ សមិទ្ធិផលនានាក្នុងវត្ត គិរីរតនៈ ស្រង់មានជ័យ ហៅវត្តភ្នំស្រង់ ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទ ជិតឆ្ងាយ ជាច្រើននាក់ទៀត។
ព្រះគ្រូចៅអធិការវត្តគិរីរតនៈស្រង់មានជ័យ ហៅវត្តភ្នំស្រង់ បានមានសង្ឃដីកាថា សមិទ្ធិផលក្នុងវត្តស្រង់មានជ័យដែលត្រូវដាក់សម្ពោធនាពេលនេះមានដូចជា សាលាធម្មសភា កុដិ និងដីមួយកន្លែងដែលទើបទិញថ្មីនៅជាប់របងវត្ត។ ព្រះអង្គបានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីពុទ្ធបរិស័ទទាំងអស់ដែលមានសទ្ធាជ្រះថ្លា លះបង់នូវថវិកា ធនធានមានតម្លៃ មកកសាងសមិទ្ធិផលនានា នៅក្នុងវត្តស្រង់មានជ័យ សំរាប់ទុកជាកេរិ៍្តដំណែលអោយកូនចៅជំនាន់ក្រោយបន្តប្រតិបត្តិធម៌វិន័យ ព្រះពុទ្ធសាសនា ក៏ដូចជាការសន្សំនូវបុណ្យកុសល ការកប់កំណប់ទុកក្នុងពុទ្ធសាសនា សំរាប់អនាគតជាតិ។
លោកសំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាបានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះព្រះចៅអធិការ លោកអាចារ្យគណកម្មាការវត្ត ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលមានសទ្ធាជ្រះថ្លា និងបានសាមគ្គី កសាងសមិទ្ធិផលនានាក្នុងវត្តស្រង់មានជ័យអោយមានការរីកចំរើនដូចពេលនេះ។ លោកបានបន្តថា វិស័យព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍សង្គម ដូចជាការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទ ។ពិសេសព្រះពុទ្ធសាសនាក៏បានធ្វើសកម្មភាពដើម្បីកុមារ ,ការកាត់បន្ថយនូវអំពើហឹង្សាលើស្រី្ត និងកុមារផងដែរ។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាមានសារៈសំខាន់ណាស់ក្នុងសង្គមខ្មែរយើង ព្រោះវត្តអារាមជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ទាំងបុព្វជិត គ្រហស្ថ អោយមានសតិបញ្ញា ស្មារតី មានគោលជំហរសាមគ្គីភាព មានអធ្យាស្រ័យគ្នា ប្រកាន់ភ្ជាប់នូវសុច្ចរិត យុត្តិធម៌ សីលធម៌ល្អក្នុងសង្គម។ ឯកឧត្តមបានបន្តថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលមានប្រជាពលរដ្ឋចំនួន៩៥%បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា និងចាត់ទុកព្រះពុទ្ធសាសនាជាត្រីវិស័យចង្អុលទិសសំរាប់ធ្វើដំណើរទៅកាន់សេចក្តីសុខ សន្តិភាពក្នុងសង្គម ។ ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋថា នៅក្នុងឆ្នាំ២០១៦នេះ មានភ្លៀងធ្លាក់តិច និងមានកម្តៅខ្ពស់ ដូច្នេះសូមអោយប្រជាកសិករយើងត្រូវមានការគិតគូពិចារណាអោយបានអោយបានល្អិតល្អន់មុនសម្រេចដំាំដំណាំកសិកម្មរបស់ខ្លួន ប្រយ័ត្នជួបហានិភ័យ ខាតបង់ថវិកាឥតប្រយោជន៍ ។ ម្យ៉ាងទៀតត្រូវឈប់កាប់ទន្រ្ទានព្រៃភ្នំយកដីមកធ្វើកសិកម្ម ព្រោះវាមិនមានស្ថេរភាពយូរអង្វែងទេ ដីភ្នំដាំដំណាំបានតែពីរ ឬបីឆ្នាំ ដីអស់ជីជាតិ ហើយហូរច្រោះដីអស់សល់តែថ្ម ដាំលេងកើត។ ម្យ៉ាងវិញទៀត វាធ្វើអោយបាត់បង់ព្រៃឈើ មានភាពរាំងស្ងួត ក្តៅហួតហែង ពិបាករស់នៅដោយសារអត់មានព្រៃឈើនេះហើយ។
[youtube id= “GlnuRSEqtak”]