(12-01-2016) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៦ លោកជំទាវ ជាលាភ អភិបាលរងខេត្តប៉ៃលិន រួមជាមួយក្រុមការងារថ្នាក់ខេត្តបាននាំយកអំណោយជាស្បៀង ទៅចែក ជូនបងប្អូនប្រជាពលរដ្ឋចំនួន២០ គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាតស្បៀង ស្ថិតក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា អំណោយជាស្បៀងនាំយកចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយ របស់ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន។ លោកជំទាវបន្តថាៈថ្នាក់ដឹកនាំខេត្តតែងតែយកចិត្តទុកដាក់ពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋជាប្រចាំ ហើយបានជំរុញដល់មន្ត្រី មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំផងដែរ ។បើគ្រួសារបងប្អូនប្រជាពលរដ្ឋណាជួបការលំបាក ខ្វះខាតស្បៀងឬ ជួបគ្រោះមហន្តរាយផ្សេងៗ ត្រូវដោះស្រាយជូនភ្លាម ដោយមិនត្រូវបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយ ដែលអាជ្ញាធរមិនបានដឹងនោះទេ។ ជាក់ស្តែងដូចពេលនេះ គ្រាន់តែបានទទួលដំណឹងពី បងប្អូនប្រជាពលរដ្ឋចំនួន ២០ គ្រួសារ កំពុងជួបការលំបាកខ្វះខាតស្បៀង ក្រុមការងារថ្នាក់ខេត្តក៏បាននាំយកស្បៀងអាហារទៅចែកជូនបងប្អូនភ្លាម ទោះបីអំណោយស្បៀងទាំងនេះ វាមិនអាចដោះស្រាយជូនបងប្អូនបានគ្រប់ពេលក៏ពិតមែន តែវាអាចជួយដោះស្រាយការលំបាករបស់បងប្អូនបានមួយរយ:ពេល ដើម្បីឲ្យបងប្អូនមានឱកាសនិងពេលវេលាគ្រប់គ្រាន់ ទៅបង្កបង្កើនផល ឬដាំដំណាំផ្សេងៗលក់ដូរសម្រាប់ចិញ្ចឹមដោះស្រាយជីវភាពគ្រួសារបានបន្តទៀត។
លោកជំទាវ ជា លាភ ក៏បានផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋ ត្រូវគិតគូរអំពីបញ្ហាថែរក្សាសុខភាព និងរកសេវាព្យាបាលជម្ងឺផ្សេងៗ អោយបានត្រឹមត្រូវ។ ជាពិសេសស្រ្ដីដែលមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពអោយបានទៀងទាត់ និងការប្រើប្រាស់ថ្នាំព្យាបាលជម្ងឺអោយបានត្រឹមត្រូវតាមវេជ្ជបញ្ជាពេទ្យ ។ លោកជំទាវក៏បានស្នើអោយបងប្អូនប្រជាពលរដ្ឋ កុំធ្វើចំណាកស្រុក ព្រោះ ការងារនៅក្នុងស្រុកយើងមានច្រើនណាស់ តម្លៃពលកម្មក៏សមរម្យដែលយើងអាចរកកម្រៃចិញ្ចឹមគ្រួសារបាន ហើយយើងបានរស់នៅជួបជុំគ្រួសារដោយគ្មានក្ដីព្រួយបារម្មណ៏ពីសុវត្ថភាពផ្ទាល់ខ្លួននោះឡើយ។អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋទាំង២០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករមួយការ៉ុង និងមីមួយកេះផងដែរ។
[youtube id= “di6wzhyouzE”]