(06-01-2016) ប៉ៃលិន៖ នៅសាលាបឋមសិក្សា ស ខេង អូរតាវ៉ៅ ស្ថិតក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ មានរៀបចំពិធីបើកការប្រកួតកីឡាមហាជនដើម្បីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៣៧ នៃទិវាជ័យជំនះ ០៧ មករា និងសម្ពោធដាក់អោយប្រើប្រាស់ទីលានបាល់ទាត់ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមាន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានឲ្យដឹងថា ដោយអនុវត្តតាមកម្មវិធីប្រចាំ ឆ្នាំរបស់ក្រសួង អប់រំយុវជន និង កីឡា មន្ទីរអប់រំខេត្តបានពង្រឹងការអបរំវិស័យកីឡា ដើម្បីអោយយុវជនយើងមានភាពឈានមុខទាំងសិក្សានិងកីឡា ។លោកបន្តថាការប្រកួតកីឡាបាល់ទាត់នាពេលនេះគឺ ដើម្បីចូលរួមអបអរខួបអនុស្សាវរីយ៏លើកទី៣៧ នៃទិវាជ័យជំនះ ០៧ មករាផង និងសម្ពោធដាក់អោយប្រើប្រាស់ទីលានបាល់ទាត់សាលាបឋមសិក្សាស ខេង អូរតាវ៉ៅជាផ្លូវការផង។ គណៈកម្មការរៀបចំការប្រកួតកីឡាខេត្តប៉ៃលិន បានរៀបចំឲ្យកីឡាករមកពីមធ្យមសិក្សា និងកីឡាមហាជន មកចូលរួមប្រកួតដណ្តើមយកជើងឯកប្រចាំខេត្ត ហើយមានសមាសភាពកីឡាករជើងឯកចំនួន ០៤ក្រុម ចូលរួមក្នុងនោះមានក្រុមប៊ូចន្ថា ក្រុមវិទ្យាល័យក្រុងទេពនិម្មិត ហ៊ុនសែនប៉ៃលិន ក្រុមវិទ្យាល័យហ៊ុនសែនសាលាក្រៅ និងក្រុមលីរ៉ាស្ពតក្លឹប។ ដែលការប្រកួតនៅពេលនេះ គឺដើម្បីជម្រើសជើងឯកទៅប្រកួតដណ្តើមពានសម្តេចតេជោក្នុងពេលដ៏ខ្លីខាងមុខ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិនបានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជន និងកីឡាខេត្តដែលតែងតែរៀបចំការប្រកួតកីឡាគ្រប់ប្រភេទ ជារៀងរាល់ឆ្នាំក្នុងគោលបំណងលើកស្ទួយវិស័យកីឡានៅខេត្តប៉ៃលិនឲ្យបានរីកចំរើនឡើងនិងផ្តល់ឱកាសអោយកីឡាករទៅចូលរួមប្រកួតនៅថ្នាក់ជាតិ។ ឯកឧត្តមបានបន្តថា កាលពីមុនយើងមានទីលានតែមួយគត់ គឺនៅវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន ដែលទទួលគ្រប់ការប្រកួតអស់រយះពេល១៨ឆ្នាំមក តែនៅឆ្នាំ២០១៥មន្ទីរបានកសាងទីលានបាល់ទាត់ចំនួន ០៣កន្លែងបន្ថែមទៀត គឺ ទីមួយ-ទីលានបាល់ទាត់សាលាបឋមសិក្សា ស ខេង អូរតាវ៉ៅ ទីពីរ-ទីលានបាល់ទាត់អនុវិទ្យាល័យភ្នំយ៉ាត និងទីបី-ពហុកីឡាដ្ឋានខេត្តតែម្តង។ ទាំងនេះបង្ហាញអោយឃើញថាវិស័យកីឡាបាននឹងកំពុងរីកដុះដាលយ៉ាងគំហុក តាមគោលនយោបាយចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ កីឡាក៏ជាលំហាត់ប្រាណមួយដើម្បីផាសុខភាព និងមិត្តភាព ជៀសវៀងនូវការសេពនូវគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខផ្សេងៗ ដែលធ្វើអោយបាត់បង់អនាគតជាដើម ។
ចំពោះការប្រកួតនាពេលនេះគឺ ក្រុមលីរ៉ាស្ពតក្លឹប ប៉ះជាមួយ ក្រុមមកពីវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត ជាលទ្ធផលក្រុមលីរ៉ាស្ពតក្លឹបបាន ៤ ទល់នឹង ០ ។ចំណែកឯ ក្រុមវិទ្យាល័យ ហ៊ុនសែនសាលាក្រៅ ប៉ះជាមួយនឹងក្រុមប៊ូចន្ថា ជាលទ្ធផលក្រុមក្រុមប៊ូចន្ថាបាន ១ទល់នឹង ០ ។ ហើយចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡា ប៊ូចន្ថា ចំណាត់ថ្នាក់លេខ ២បានទៅលើក្រុមវិទ្យាល័យហ៊ុនសែនសាលាក្រៅ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម លីរ៉ាស្ពតក្លឹប និងចំណាត់ថ្នាក់លេខ ៤បានទៅលើ ក្រុមវិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត ។ ហើយក្រុមកីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៧០ម៉ឺនរៀលនិងបាល់ទាត់ចំនួនពីរលេខ២ ទទួលបានថវិកា ៥០ម៉ឺនរៀលបាល់ទាត់ចំនួនពីរលេខ៣ទទួលបានថវិកា ៤០ម៉ឺនរៀល បាល់ទាត់ចំនួនពីរ និងលេខ៤ ទទួលបានថវិកា ៤០ម៉ឺនរៀលបាល់ទាត់ចំនួនពីរ ផងដែរ។ក្នុងឱកាសនោះឯកឧត្តម ផាន់ ចាន់ថុល ក៏បានប្រគល់បាល់ទាត់ជូនដល់កីឡាករជានិមិត្តរូបនៃការប្រកួតកីឡាមហាជនសម្ភោធទីលានបាល់ទាត់ និងកាត់ខ្សែបូក្នុងការបើកការសម្ភោធចាប់ពីពេលនេះតទៅ។
[youtube id= “365i6CFvOuM”]