វត្តសន្តិមារាម ប្រារព្វទិវាបួងសួង និងសកម្មភាពសាសនាដើម្បីកុមារ


(02-01-2016) ប៉ៃលិន៖ ​កាល​ពី​ថ្ងៃ​ទី០២ ​ ខែមករា ​ឆ្នាំ​២០១៦​ថ្មីៗ​កន្លង​ទៅ​នេះ ​ នៅ​វត្ត​សន្តិ​មារាម​ ហៅ​វត្ត​អូច្រារ​  ស្ថិត​ក្នុង​ភូមិ​អូរច្រា​កណ្តាល ​សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន ​មាន​ប្រារព្វ​ទិវា​ បួង​សួង ​ និង​សកម្ម​ភាព​ភាព​សាសនា​ដើម្បី​កុមារ​ ក្រោម​ប្រធាន​បទ ​បញ្ឈប់​អំពើ​ហឹង្សា​លើ​កុមារ​។​ ទិវា​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​ជំទាវ​ ជា ​លាភ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​ លោក​ជំទាវ ​ស៊ុំ ​ហៀង​ ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត ​ព្រះ​គ្រូ​ធម្ម​កដ្ឋា​ធិ​រាជ​ សាន់​ លី ​ព្រះ​មេ​គណ ​គណៈ​ធម្ម​យុត្តិក​និកាយ ​ខេត្ត​ប៉ៃលិន ​ព្រះ​គ្រូរ​តន​មុនី ​ចាន់​ គង់​ ព្រះ​មេគណ​ គណៈ​មហា​និកាយ​ខេត្ត​ប៉ៃលិន​ លោក ​លោក​ស្រី ​ប្រធាន​ អនុ​ប្រធាន​មន្ទីរ​ មន្រ្តី​រាជការ​ ប្រជា​ពល​រដ្ឋ​ លោក​គ្រូ ​អ្នក​គ្រូ ​និង​សិស្សា​នុសិស្ស​ ជា​ច្រើន​នាក់​ទៀត។​

​ទិវា​បួង​សួង​ និង​សកម្ម​ភាព​សាសនា​ដើម្បី​កុមារ​ត្រូវ​បាន ​សាសនា​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ បាន​ប្រារព្វ​ធ្វើ​ឡើង​ ក្នុង​នោះ​មាន​ព្រះ​ពុទ្ធ​សាសនា ​គ្រិស​សាសនា​ និង ​អ៊ីស្លាម​សាសនា​។​ ការ​ប្រារព្វ​ទិវា​បួង​សួង​  និង​សកម្ម​ភាព​សាសនា​ដើម្បី​កុមារ​ នៅ​វត្ត​សន្តិមា​រាម ​ហៅ​វត្ត​អូច្រារ​ នេះ​គឺ​ធ្វើ​ឡើង​ដោយ​ព្រះ​ពុទ្ធ​សាសនា​ គណៈ​ធម្ម​យុត្តិក​និកាយ​ខេត្ត​ប៉ៃលិន​ ក្នុង​គោល​បំណង​រំលឹង​សកម្ម​ភាព​របស់​សាសនា ​ក្នុង​កិច្ច​ការពារ​កុមារ​។​

​ព្រះ​គ្រូ​ធម្ម​កដ្ឋា​ធិ​រាជ ​សាន់ ​លី ​ព្រះ​មេ​គណ ​គណៈ​ធម្ម​យុត្តិក​និកាយ​ ខេត្ត​ប៉ៃលិន​បាន​មាន​ថេរដីការ​ថា​ មាតា​បិតា​ត្រូវ​មាន​អាក​ប្ប​កិរិយា ​អហឹង្សា​ក្នុង​គ្រួសារ​ ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​ដល់​    កូនៗ​របស់​ខ្លួន ​ព្រោះ​ថា​អាកប្ប​កិរិយា​របស់​មាតា​បិតា ​បាន​ប៉ះ​ពាល់​ផ្ទាល់​ដល់​កុមារ​ ហើយ​ពួក​គេ​បាន​ឃើញ ​និង​ធ្វើ​តាម​នូវអ្វី​ដែល​ឪពុក​ម្តាយ​របស់​ពួក​គេ​បាន​ធ្វើ​។ ​ម្យ៉ាង​ទៀត​ ឪពុក​ម្តាយ​ត្រូវ​ចិញ្ចឹម​បី​បាច់​កូន​ចៅរ​បស់​ខ្លួន​ ដោយ​សេចក្តី​ស្រឡាញ់ ​ គ្មាន​អំពើ​ហឹង្សា ​ទាំង​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត​ព្រោះ​ទង្វើរ ​ និង​អាកប្ប​កិរិយា ​របស់​ឪពុក​ម្តាយ​បែប​ណា​ មាយាទ​របស់​កូន​ក៏​បែប​នោះ​ដែរ​។​ ព្រះ​គ្រូ​បាន​បន្តថា ​ទាំង​ព្រះ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ​ក៏​ដូច​ជា​សាស​និក​ជន​ដទៃ​ទៀត​ ត្រូវ​ផ្សព្វ​ផ្សាយ​ធម៌​អហិង្សា​ដល់​មាតា​ បិតា ​លោក​គ្រូ​ អ្នក​គ្រូ​ក្នុង​សហ​គមន៍​ អប់រំ​ចិត្ត​  ជៀស​ផុត​ពីអំពើ​ហឹង្សា​លើ​កុមារ​ទាំង​ឡាយ​។​

​លោក​ជំទាវ ​ជា ​លាភ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៍ថា​ កុមារ​ជា​ទំពាំង​ស្នង​ឬ​ស្សី​ដែល​ត្រូវ​បន្ត​វេណ​ពី​មនុស្ស​ចាស់​។​ ទង្វើ​ទាំង​ឡាយ​របស់​មនុស្ស​ចាស់​បាន​ដិត​ជាប់​ជា​និច្ច​ក្នុង​អារម្មណ៍​ ការ​គិត​ ការ​យល់ ​របស់​កុមារ​ទាំង​ឡាយ ​ហើយ​ពួក​គេ​នឹង​ធ្វើ​តាម​នូវ​ទង្វើ​របស់​មនុស្ស​ចាស់​ដែល​នៅ​ជុំវិញ​ខ្លួន​ ពិសេស​គឺ​ឪពុក​ម្តាយ ​ របស់​ពួក​គេ​ផ្ទាល់​តែ​ម្តង​។​ ដូច្នេះ​ឪពុក​ម្តាយ​ ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​ចៅ​របស់​ខ្លួន​ ត្រូវ​អប់រំ​ណែនាំ​អោយ​ពួក​គេ​ស្គាល់​ពី​សីល​ធម៌ ​គុណ​ធម៌ ​ជា​មនុស្ស​ល្អ​ក្នុង​សង្គម​ ។​ តែ​មិន​ត្រូវ​ប្រើ​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ បង្ក​រ​ការ​​វាយ​តប់​គ្នា ​ការ​ជេ​ប្រមាថ​គ្នា​ក្នុង​ក្រុម​គ្រួសារ​ ការ​លែង​ល្បែង​ស៊ីសង​ ឬ​ផឹក​ស្រា​ស្រវឹង​បង្ក​រឿង​ ដែល​ធ្វើ​អោយ​កូន​របស់​ខ្លួន​យក​តម្រាប់​តាម​ឡើយ។​ លោក​ជំទាវ​បាន​បន្ត​ថា ​ប្រជា​ពល​រដ្ឋ​យើង​មួយ​ចំនួន​តូច​ ចូល​ចិត្ត​ដើរ​លែង​ល្បែង ​និង​សេព​គ្រឿង​ស្រវឹង​ ហើយ​ត្រលប់​មក​បង្ក​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​នៅ​ឯ​ផ្ទះ​ ដែល​ជា​គំរូ​ដ៏​អាក្រក់​ដល់​កូន​ចៅ​របស់​ខ្លួន ​។​ ដូច្នេះ​សូម​អោយ​សូម​ អោយ​ឪពុក​ម្តាយ​ដែល​ចូល​ចិត្ត​ប្រើ​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ ចូល​ចិត្ត​លេង​ល្បែង​ស៊ីសង​ សេព​គ្រឿង​ស្រវឹង​ទាំង​នោះ ​ត្រូវ​ឈប់​ធ្វើ​សកម្ម​ភាព​ទាំង​អស់​នេះ​ដើម្បី​អនាគត់​របស់​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ខ្លួន​៕ ​

cpp-02-01-2016-007 cpp-02-01-2016-008 cpp-02-01-2016-009 cpp-02-01-2016-010vv

[youtube id= “ofhF0H2tFno”]