(29-12-2015) ប៉ៃលិន៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ មន្ទីរកសិកម្មខេត្តប៉ៃលិនបានបើកសិក្ខាសាលាពិគ្រោះយោបល់ និងចុះអនុស្សារណៈយោគយល់ស្តីពីការលើកកម្ពស់ផលឹតកម្មគោ តាមបច្ចេកទេសទំនើប ជាមួយសហគ្រាសឃ្លាំងមឿង ធានារាប់រងសត្វពាហនៈ។ ពិធីចុះអនុស្សារណៈនេះបានធ្វើឡើងនៅមន្ទីរកសិកម្មខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងក្រុង ស្រុក លោកប្រធានមន្ទីរ និងប្រជាកសិករជាច្រើននាក់ទៀត។
គោលបំណងនៃការចុះអនុស្សារណៈនេះ គឺដើម្បីឈានសម្រេចចក្ខុវិស័យរួមស្តីពីការឆ្លើយតបចំពោះតម្រូវការសាច់គោក្នុងទីផ្សារក្នុងស្រុក និងលទ្ធភាពជ្រៀតចូលក្នុងទីផ្សារអន្តរជាតិនៃសាច់គោខ្មែរមានកម្រិតស្តង់ដាជីវសុវត្ថភាពខ្ពស់ស្របតាមគោលនយោបាយ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្នុងកម្មវិធីទី២ ដែលជម្រុញផលឹតកម្មសត្វ និងសុខភាពសត្វ ។ តាមអនុស្សារណៈនេះសហគ្រាសឃ្លាំងមឿង បំរើសេវាធានារាប់រងសត្វពាហណៈរយៈពេល១ឆ្នាំ ឬ ៤ខែ ជូនប្រជាកសិករ ដោយទី១ កំណត់អត្តសញ្ញាណសត្វពាហនៈ ទី២ សំលាប់បរាសិត ក្នុង និងក្រៅខ្លួនសត្វ, ទី៣ ចាក់វ៉ាកសាំងបង្ការជម្ងឺអុតក្តាម និងសារទឹក , ទី៤ ព្យាបាលជម្ងឺទូទៅ , ទី៥ ផ្តល់សំណង៣០% នៃតម្លៃសត្វពាហនៈ ប្រសិនបើវាងាប់ដោយជម្ងឺណាមួយ,ទី៦ បណ្តុះបណ្តាលបច្ចេកទេសដល់កសិករជាសមាជិក , និងទី៧ រកទីផ្សារសម្រាប់សត្វពាហណៈរបស់កសិករ។
លោកសាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនបានមានប្រសាសន៍ថា ការចុះអនុស្សារណៈយោគយល់ស្តីពីការលើកកម្ពស់ផលឹតកម្មគោ តាមបច្ចេកទេសទំនើបនេះពិតជាមានប្រយោជន៍ណាស់សម្រាប់ប្រជាកសិករយើង ក្នុងការលើកកំពស់ជីវភាពគ្រួសារអោយសម្បូររុងរឿង តាមរយៈការចិញ្ចឹមសត្វគោបែបទំនើប។ តាមអនុស្សារណៈនេះ ខាងសហគ្រាសឃ្លាំងមឿង នឹងជួយបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមគោដល់កសិករសមាជិក មានដូចជា ការដាំស្មៅដែលមានជាតិប្រូតេអ៊ីនខ្ពស់សំរាប់គោស៊ី , ការកែច្នៃចម្បើង សំណល់ដំឡូងមី កាកអំពៅ សំរាប់ធ្វើចំណីគោ , ការជួយបង្កាត់ពូជតាមបែបសុប្បនិម្មិត , ការជួយទំលាក់សុកសត្វពាហនៈ , ការចាក់ថ្នាំពន្លឿនការរកឈ្មោលជាដើម។ អនុវត្តតាមអនុស្សារណៈនេះ ប្រជាកសិករមានដីត្រឹមតែ១រ៉ៃ ដាំស្មៅ អាចចិញ្ចឹមសត្វគោបាន១០ក្បាល គោឆាប់ធំធាត់ទទួលបានទិន្នផលខ្ពស់ និងមិនប្រឈមនឹងការខាតបង់ឡើយ។ លោកបានបន្តថា ការចិញ្ចឹមគោតាមបែបបច្ចេកទេសទំនើបនេះ សាច់គោមានជីវជាតិខ្ពស់ មានគុណភាពល្អ ដែលខុសពីគោដែលចិញ្ចឹមតាមបែបបុរាណ ដែលសាច់គោរបស់ខ្មែរយើងមិនទាន់មានគុណភាពល្អនៅឡើយ ដោយកសិករខ្មែរយើងមិនមានការថែទាំ ការធ្វើអានាម័យ ការទំលាក់បរាសិតក្នុង និងក្រៅខ្លួន សត្វគោនៅឡើយទេ ។
ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា មន្ទីរកសិកម្មខេត្តកំពុងជម្រុញចំគោលដៅ ដោយមានការធានាសុខភាពសត្វបានត្រឹមត្រូវពីដៃគូ ពិសេសជំរុញការចិញ្ចឹមសត្វគោប្រកបដោយគុណភាព ស្របពេលដែលប្រទេសយើងឈានចូលសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ឯកឧត្តមបានបន្តថា ខេត្តប៉ៃលិនមានការខ្វះខាតច្រើនលើបច្ចេកទេសក្នុងអនុវិស័យសត្វពាហណៈដូចជា អវត្តមានវិធានការសំលាប់បរាសិត មានព្រូន តេញ្ញា ចៃ ដង្កែ និងអង្គែជាដើម។ ធនធានរបស់រដ្ឋនៅមានកម្រិត លើការចាក់ថ្នាំការពារជម្ងឺ និងការព្យាបាលជម្ងឺសត្វពាហណៈ តួយ៉ាងសត្វគោ ក្របី ត្រូវចាក់វ៉ាកសាំងការពារជម្ងឺអុតក្តាម និងសារទឹក ប៉ុន្តែរដ្ឋបានផ្តល់តែវ៉ាកសាំងសាទឹកបានលើកគោ ក្របីតិចជាង ៣០% ប៉ុណ្ណោះ ឯវ៉ាក់សាំងអុតក្តាម គឺអត់ទាំងស្រុង ហើយសត្វគោ ក្របីរបស់ប្រជាពលរដ្ឋជិត ៧០% បានកើតជំងឺនេះ ដោយត្រូវចំណាយប្រាក់ពី៣ទៅ៥ម៉ឺនរៀល សំរាប់ព្យាបាល ហើយមានសត្វគោ ក្របីស្លាប់ក្នុងចំណោមប្រជាកសិករ២៥%។ ឯកឧត្តម ក៏បានណែនាំអោយមន្ទីរកសិកម្មត្រូវសហការចិញ្ចឹមគោបង្ហាញ ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសទំនើប នៅកសិដ្ឋានគម្រូ និង ត្រូវបំផុសចលនាចិញ្ចឹមគោនៅគ្រប់សហគមន៍កសិកម្ម និងតាមគ្រួសារ តាមបច្ចេកទេសជីវសុវត្ថភាពនៅទូទាំងខេត្ត។
[youtube id= “dqqGT9SwB4E”]