(28-12-2015) ប៉ៃលិន៖ នៅស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្តប៉ៃលិនថ្ងៃទី២៨ធ្នូឆ្នាំ២០១៥បានរៀបចំប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៥និងលើកទិសដៅការងារឆ្នាំ២០១៦ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម អៀងវុធ អភិបាលរងខេត្តប៉ៃលិន ឯកឧត្តម គង់ដួង លោកសាស្ត្រាចារ្យជប៉ុន ណាកាសេ ទីប្រឹក្សាបច្ចេកទេសវិទ្យុទូរទស្សន៍ខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូសាស្រ្តាចារ្យជប៉ុនគូនិអុ អ៊ីដាកា ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលឹកនៃមន្ទីរព័ត៌មាន ភ្នាក់ងារសារព័ត៌មានប្រចាំខេត្តប៉ៃលិនផងដែរ។
ឯកឧត្តម គង់ដួង បានធ្វើរបាយការណ៍ថាៈពេញមួយឆ្នាំ២០១៥កន្លងទៅ ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តបានអនុវត្តតួនាទីរបស់ខ្លួនជាសេវារដ្ឋបំរើប្រជាជនលើវិស័យព័ត៌មាន តាមរយៈការងារវិទ្យុ ទូរទស្សន៏ មានសន្ទុះរីកចំរើនល្អប្រសើគួរកត់សំគាល់ ។ នៅតាមបណ្តាការិយាល័យចំណុះមន្ទីរបានបំពេញការងាររបស់ខ្លួនដោយស្មោះត្រង់ ដោយស្មារតីទទួលខុសត្រូវ បើទោះបីក្នុងសកម្មភាពការងារជាក់ស្តែងមានបញ្ហាខ្វះខាតខ្លះៗកើតឡើងក៏ដោយ ក៏មន្រ្តីរាជការយើងបានប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាពឯកភាពយោគយល់គោរពស្រឡាញ់និងអត់ធ្មត់អធ្យាស្រ័យអោយគ្នាទៅវិញទៅមកជានិច្ច ដែលកត្តានេះបានធ្វើអោយបញ្ហាប្រឈមនានាត្រូវបានដោះស្រាយដោយសន្តិវិធី។ ឯកឧត្តមបន្តថាៈនៅឆ្នាំ២០១៦នេះមន្ទីរបានដាក់ចេញនូវសំណូមពរ និងវិធានជាក់លាក់ គឺខិតខំបង្កើនសកម្មភាពផ្សព្វផ្សាយព័ត៌មានពីសកម្មភាព ព្រឹត្តិការណ៍នានាដែលកើតមានឡើងក្នុងខេត្ត ហើយផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ គេហទំព័រ និងបណ្តាញព័ត៌មានសង្គម បំរើអោយផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសខិតខំជំរុញអោយមានវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេសដល់មន្រ្តីបុគ្គលិកលើបច្ចេកទេសការងារវិទ្យុ-ទូរទស្សន៏ និងបច្ចេកទេសកាត់តសំឡេង កាត់តរូបភាពព័ត៌មាន អោយមានជំនាញកាន់តែច្បាស់លាស់ កាន់តែមានសមត្ថភាពបំពេញការងារផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋមូលដ្ឋានបានទាន់ពេលវេលា ទាន់សភាពការណ៏ជាក់ស្តែង តាមទិសស្លោកក្រសួងព័ត៌មាន ប្លែក លឿន ជឿ ទុកចិត្តបាន នៅទីណា ពេលណាក៏បាន!។
បន្ទាប់ពីលោក គ្រូណាកាសេ សាស្រ្តាចារ្យជប៉ុនមានចំណាប់អារម្មណ៍និងថ្លែងអំណគុណដល់ថ្នាក់ដឹកនាំខេត្តរួចមក ឯកឧត្តម អៀងវុធ អភិបាលរងក្នុងនាមឯកឧត្តម កើតសុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍កោតសរសើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តដែលបានយកចិត្តទុកដាក់បំពេញការងាររយះពេល១ឆ្នាំកន្លងទៅទទួលបានលទ្ធផលល្អប្រសើរ ។ឯកឧត្តមបានបន្តថាៈរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុនសែន បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរណ៏១០០% ហើយតាមរយះសុខសន្តិភាពនេះ បានផ្តល់ឱកាសអោយប្រជាពលរដ្ឋមានសិទ្ធសេរីភាពតស៊ូមតិដើម្បីកែលំអររាល់ចំណុចខ្វះខាតក្នុងសង្គម។ទន្ទឹមនេះរាជរដ្ឋាភិបាលបានប្រកាន់យកនូវប្រសិទ្ធភាពការងារដោយតម្រូវអោយបុគ្គលឹកមន្ត្រីរាជការយើងទាំងអស់ត្រូវបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ស្គាល់តួនាទីខ្លួនឯងម្នាក់ៗអោយច្បាស់លាស់ គឺជាសេវា ជាយន្តការរដ្ឋបំរើប្រជាជនតាមជំនាញរៀងៗខ្លួនដោយគ្មានលក្ខ័ណ្ឌ ដូច្នេះមន្ត្រីមន្ទីរព័តមានទាំងអស់ចាំបាច់ត្រូវប្រកាន់ជំហរការងារ ប្រកាន់ខ្ជាប់ច្បាប់ គុណធម៌ សីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន ផ្តល់ចំណេះដឹង ផ្តល់ការអប់រំគ្រប់ផ្នែកគ្រប់វិស័យជូនដល់ប្រជាពលរដ្ឋយើងប្រកបដោយប្រសិទ្ឋភាពខ្ពស់ ជាពិសេសត្រូវផ្សព្វផ្សាយពីច្បាប់ចរាចរផ្លូវគោកថ្មី ដែលត្រូវអនុវត្តន៏ជាផ្លូវការណ៏នៅដើមឆ្នាំ២០១៦ខាងមុខនេះដែលពលរដ្ឋយើងគ្រប់រូបត្រូវតែគោរពជាដាច់ខាតដើម្បីការពារអាយុជីវិតខ្លួនឯង ព្រោះថាកន្លងទៅនេះមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនណាស់បណ្តាលមកពីប្រជាពលរដ្ឋយើងមិនបានយល់ដឹងពីច្បាប់ចររាចរផ្លូវគោក និងមិនគោរពច្បាប់ ។ ទន្ទឹមនេះអ្នកសារព័ត៌មាននិងមន្ត្រីព័ត៌មានត្រូវបន្តសហការចុះយកព័ត៌មានគ្រប់ជ្រុងជ្រោយពីប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីយល់ដឹងក្តាប់បានពីតម្រូវការចាំបាច់របស់ពួកគាត់ និងដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា ។ វិទ្យុទូរទស្សន៏ក៏ត្រូវខិតខំផលិតព័ត៌មានស្តីពីសកម្មភាព ការវិវត្តរីកចំរើនលើផ្នែកកសិកម្មអោយបានច្រើនរូបភាព ច្រើនប្រធានបទ ដើម្បីជំរុញនិងលើកទឹកចិត្តដល់ជីវភាពកសិករដែលប្រកបមុខរបរដាំដុះបង្កបង្កើនផលអោយពួកគាត់ទទួលបាននូវចំណេះដឹងពីបច្ចេកទេសដាំដុះទាន់សម័យទទួលបានផលប្រកបដោយបរមាណខ្ពស់ ។តមកនៅព្រឹកថ្ងៃដដែល ឯកឧត្តម អៀងវុធ អភិបាលរងខេត្តប៉ៃលិន ឯកឧត្តម គង់ដួង លោកសាស្ត្រាចារ្យ ណាកាសេ ទីប្រឹក្សាបច្ចេកទេកវិទ្យុទូរទស្សន៍ខេត្ត ក៏បានអញ្ជើញសាកសួរសុខទុក្ខនិងចែកអំណោយដល់អ្នក ជម្ងឺកំពុងសំរាកព្យាបាលជម្ងឺនៅមន្ទីរបង្អែកខេត្តប៉ៃលិនចំនួន៣០នាក់ដោយម្នាក់ៗទទួលបានឃីត១កញ្ចប់រួមមានមី១០កញ្ចប់ ស្កសរ២គីឡូក្រាម ទឹកដោះគោ៤កំប៉ុង និងថវិកា២ម៉ឺនរៀលផងដែរ។ សូមបញ្ជាក់ថាៈអំណោយទាំងអស់នោះជាអំណោយសប្បុរសធម៌របស់លោកគ្រូសាស្ត្រាចារ្យជប៉ុនណាកាសេកាស៊ូយា និងលោកគ្រូសាស្ត្រាចារ្យគូនិអុ ហ៊ីដាកា ដែលកន្លងមកលោកគ្រូសាស្ត្រាចារ្យទាំងពីរតែងតែបានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋកី្រក្រនៅខេត្តប៉ៃលិនជាបន្តបន្ទាប់ ជាពិសេសបានផ្តល់ថវិកាជួយដល់ប្រជាជនដែលបានរងគ្រោះដោយសង្គ្រាមកន្លងមក មានរបួសត្រូវអំបែងគ្រាប់បៀបជាប់ក្នុងខ្លួន បានព្យាបាលវះកាត់យកអំបែកគ្រាប់ចេញបានជាច្រើននាក់ផងដែរ។
[youtube id= “BMylz2VlE9w”]