(22-12-2015) ប៉ៃលិន៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនបានប្រជុំផ្សព្វផ្សាយកម្មវិធីបង្ការមេរោគអេដស៍ និងគ្រឿងញៀននៅកម្ពុជា ដោយផ្តោតសំខាន់ក្នុងចំណោមស្រ្តីធ្វើការតាមសេវាកម្សាន្តនានា។ កិច្ចនេះបានធ្វើឡើងនៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម នាក់ យុទ្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន លោកជំទាវ ជាលាភ អភិបាលរងខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តប៉ៃលិន កងកំលាំងមានសមត្ថកិច្ច អង្គការ Fhi 360 និងអង្គការសមាគមន៍ស្រ្តីខេត្តប៉ៃលិន។
កម្មវិធីបង្ការមេរោគអេដស៍ និងគ្រឿងញៀននេះ មានរយៈពេល១៨ខែ ដោយផ្តោតសំខាន់លើស្រ្តីធ្វើការតាមសេវាកម្សាន្តក្នុងប្រទេសកម្ពុជា និងស្រ្តីរកស៊ីផ្លូវភេទ ដោយផ្ទាល់និងដោយប្រយោល ដែលជាអ្នកប្រឈមនឹងការប្រើប្រាស់គ្រឿងញៀន ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន និងភាពប្រឈមនឹងមេរោគអេដស៍ ។កម្មវិធីបង្ការមេរោគ អេដស៍ និងគ្រឿងញៀន ឬ ហៅថា CIPI មានកម្មវិធី ផ្តល់ប្រាក់លើកទឹកចិត្តដោយមានលក្ខណៈ និងមានកម្មវិធីផ្តល់ប្រាក់កម្ចីសំរាប់ការប្រកបមុខរបរខ្នាតតូច ចំពោះស្រ្តីធ្វើការតាមសេវាកម្សាន្តក្នុងប្រទេសកម្ពុជា និងស្រ្តីរកស៊ីផ្លូវភេទដែលស្ម័គ្រចិត្តចូលរួមក្នុងកម្មវិធីបង្ការមេរោគអេដស៍ និងគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា នៅក្នុងខេត្តប៉ៃលិន ស្រ្តីរកស៊ីផ្លូវភេទត្រូវបានប្រមូលផ្តុំនៅចំនុច ផ្សារថ្មី ក្នុងភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ កន្លងមក នៅចំនុចផ្សាថ្មីនេះ ក៏ជាចំនុចនៃការសេពគ្រឿងញៀន និងជួញដូរគ្រឿងញៀនផងដែរ ក្នុងចំណោមស្រ្តីរកស៊ីផ្លូវភេទទាំងនោះ។ លោកជំទាវបន្តថា កម្មវិធីបង្ការមេរោគអេដស៍ និងគ្រឿងញៀន នេះ នឹងអោយស្រ្តីនៅក្នុងចំនុចផ្សារថ្មី និងនៅកន្លែងកំសាន្តមួយចំនួនទៀតក្នុងខេត្តប៉ៃលិន ធ្វើការផ្លាស់ប្តូរឥរិយាបទដែលមិនល្អចេញ ចាប់យករបៀប របបរស់នៅថ្មីដែលជៀសផុសពីគ្រឿងញៀន និងការឆ្លងជំងឺអេដស៍។
ឯកឧត្តម នាក់ យុទ្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនបានមានប្រសាសន៍ថា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើយ៉ាងណាកុំអោយមានអ្នកប្រើប្រាស់គ្រឿងញៀនថ្មីហើយចំពោះអ្នកដែលកំពុងញៀនត្រូវមានវិធានការបញ្ឈប់ និងទៅព្យាបាលបន្សាបគ្រឿងញៀន។ ឯកឧត្តមបន្តថា ជាការពិតការព្យាបាលអ្នកញៀនថ្នាំមានការលំបាក និងចំណាយពេលវេលាច្រើន តែយើងត្រូវអនុវត្តអោយបានម៉តចត់ដើម្បីអោយពួកគេរួចផុតពីញៀនថ្នាំ។ នៅឆ្នាំ២០១៦ រដ្ឋាភិបាលនឹងបង្កើតអោយមានកម្មវិធីព្យាបាលអ្នកញៀនថ្នាំញៀននៅតាមសហគមន៍ ដូចជានៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព និងបំផុសអោយអ្នកញៀនថ្នាំទាំងឡាយទៅទទួលការព្យាបាលដោយស្ម័គ្រចិត្ត។
[youtube id= “u7T7B9KqV4o”]