មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំស្តីពីការបិទបញ្ជីចំណូល-ចំណាយ និងការធ្វើរបាយការណ៍បូកសរុបទូទាត់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រចាំឆ្នាំ២០១៥


(08-12-2015) ប៉ៃលិន៖ ​ថ្ងៃ​ទី០៨​ ខែធ្នូ​ ឆ្នាំ​២០១៥ ​មន្ទីរ​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន ​បាន​បើក​កិច្ច​ប្រជុំ​ស្តីពី​ការ​បិទ​បញ្ជី​ចំណូល​-​ចំណាយ​ និង​ការ​ធ្វើ​របាយ​ការណ៍​បូក​សរុប​ទូទាត់​ថវិកា​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ ​ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព ​លោក ​សៅ ​សារ៉ាត់ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​និង​លោក​ រាម​ សុមាន​ ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​សំណាក់​​អស់​លោក​ ​លោក​ស្រី ​អាជ្ញា​ធរ​ក្រុង ​ស្រុក ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់ ​និង​ស្មៀន​ឃុំ​មួយ​ចំនួន​ផង​ដែរ​។​

​លោក​ រាម​ សុមាន​ ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ ​បាន​អាន​សារាចរ​ណែនាំ​ស្តីពី​ពី​ការ​បិទ​បញ្ជី​ចំណូល​-​ចំណាយ​ និង​ការ​ធ្វើរ​បាយ​ការណ៍​បូក​សរុប​ទូទាត់​ថវិកា​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ប្រចាំ​ឆ្នាំ​២០​១៥​ ​របស់​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ ​តាម​សេចក្តី​ប្រកាស​លេខ​ ០១៦ ​សហវ​ ចុះ​ថ្ងៃទី​ ២៣ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ ​ដើម្បី​អោយ​មន្រ្តី​ជំនាញ​ទាំង​អស់​បាន​យល់​និង​អនុវត្តន៍​សម្រាប់​ការ​ធ្វើ​របាយ​ការណ៍​ឆ្នាំ​២០១៦ ​ខាង​មុខ​អោយ​ស្រប​តាម​គោល​ការណ៍​ដែល​ក្រសួង​ដាក់​ចេញ​មក​នោះ​។​ លើស​ពី​នេះ​នីតិ​វិធី​ច្បាប់​នៃ​របាយ​ការណ៍​ហិរញ្ញ​វត្ថុ ​គេ​បាន​កំណត់​ច្បាស់​លាស់​អំពី​ពេល​វេលា​មិន​អាច​មាន​ភាព​យឺត​យ៉ាវ​បាន​ឡើយ ​ហើយ​ចំពោះ​ឃុំ​-​សង្កាត់​ ដែល​រក​ចំណូល​បាន ​លើស​ពី ​២លាន​រៀល ​មិន​អាច​រក្សា​ទុក​និង​ចាយ​វាយ​បាន​ឡើយ​ត្រូវ​យក​ទៅ​បង់​ចូល​រតនា​គា​ខេត្ត​ជា​កំហិត ​ដើម្បី​បញ្ចៀស​បញ្ហា​អវិជ្ជ​មាន​នៃ​ថវិកា​ណា​មួយ​កើត​ឡើង​ជា​យថា​ហេតុ​។​ ចំពោះ​ការ​ប្រៀប​ធៀប​របាយ​ការណ៍​ក្នុង​ឆ្នាំ ​២០១៤​-​២០១៥ ​គឺ​សង្កេត​ឃើញ​ថា​ក្នុង​ឆ្នាំ​២០១៥ ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ ​២០១៤ ​ដូច​នេះ​បណ្តា​ក្រុង ​ស្រុក ​ឃុំ ​សង្កាត់​ ត្រូវ​ប្រឹង​ប្រែង​បង្កើន​សមត្ថ​ភាព​បន្ថែម​ទៀត​ដើម្បី​អោយ​ការងារ​របស់​យើង​កាន់​តែ​មាន​ភាព​ប្រសិទ្ធ​ភាព​។​

​      លោក​ សុទ្ធ​ ឃុន​ថាល់ ​ប្រធាន​រតនា​គារ​ខេត្ត​បាន​អោយ​លើក​ឡើង​ថា​ការ​ទូទាត់​របាយ​ការណ៍​រាល់​បណ្តា​មន្ទីរ​ជំនាញ​នៅ​ជុំវិញ​ខេត្ត​ចំពោះ​ការ​ទូទាត់​គ្រប់​អណត្តិ​ដែល​បាន​ចូល​ខាង​រតនា​គារ​រៀង​រាល់​ឆ្នាំ​អោយ​តែ​ដល់​ចុង​ឆ្នាំ​គឺ​របាយ​ការណ៍​អាណត្តិ​ចុង​ឆ្នាំ​អត់​ទាន់​ពេល​វេលា​មាន​ភាព​យឺត​យ៉ាវ​ច្រើន ​ហើយ​លោក​បាន​សង្កត់​ធ្ងន់​ថា​រាល់​បណ្តា ​ក្រុង ​ស្រុក​ ឃុំ ​សង្កាត់ ​បើ​ធ្វើ​របាយ​ការណ៍​បុរេ​ប្រទាន​មិន​ទាន់​នោះ​គឺ​ត្រូវ​យក​ថវិកា​ទៅ​ទូទាត់​រតនា​គារ​វិញ​អោយ​គ្រប់​ចំនួន​ជា​កំហិត​នៅ​បំណាច់​ឆ្នាំ ​ដែល​នេះ​ជា​ចំណុច​មួយ​ដ៏​ល្អ​សម្រាប់​ការ​អនុ​វត្តន៍​តួនាទី​និង​ថវិកា​ជាតិ​ប្រកប​ដោយ​តម្លា​ភាព​និង​ប្រសិទ្ធ​ភាព​ខ្ពស់​។ ​លើស​ពី​នេះ​រាល់​បណ្តា​ក្រុង ​ស្រុក ​ឃុំ ​សង្កាត់ ​ទាំង​អស់ ​បើ​មិន​យល់​ចំពោះ​កិច្ច​ការងារ​ការ​ធ្វើ​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​ផ្សេង​ៗ ​អាច​មក​សួរ​នាំ​ពិភាក្សា​អំពី​បញ្ហា​ការ​ធ្វើ​របាយ​ការណ៍​មក​រតនា​គារ​បាន​គ្រប់​ពេល​វេលា​ផង​ដែរ​។​

​     លោក ​សៅ ​សារ៉ាត់ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍​ថា​ការងារ​ថវិកា​វាជា​រឿង​សំខាន់​ណាស់​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ​នៅ​តាម ​ក្រុង​ ស្រុក ​ឃុំ ​សង្កាត់​ ទាំង​អស់ ​ដូច​នេះ​បើ​ថវិកា​មាន​បញ្ហា​យើង​ទាំង​អស់​គ្នា​ក៏​មិន​អាច​ដំណើរ​ការ​ការងារ​ផ្សេង​ៗ​បាន​ងាយ​ស្រួល​ឡើយ​។​លើស​ពី​នេះ​លោក ​ក៏​បាន​ស្នើ​សុំ​អោយ​លោក ​មេឃុំ-​ចៅ​សង្កាត់ ​ស្មៀន ​និង​មន្រ្តី​ជំនាញ ​គ្រប់​ឃុំ​ស្រុក​ខេត្ត​ទាំង​អស់ ​សូម​យក​ចិត្ត​ត្រង​ត្រាប់​ស្តាប់​អំពី​ខ្លឹម​សារ​ណែនាំ​សំខាន់​ៗ​ក្នុង​កិច្ច​ប្រជុំ​ទាំង​អស់​នេះ ​ដើម្បី​មាន​ចំណេះ​ដឹង​ការងារ​ថ្មី​ៗ​បន្ថែម​ទៀត​ ដែល​ធ្វើ​អោយ​យើង​យល់​កាន់​តែ​ច្បាស់​អំពី​ការងារ​ដើម្បី​អោយ​ការ​រៀប​ចំ​ការងារ​មាន​ភាព​ងាយ​ស្រួល​និង​រហ័ស ​ចំណេញ​ពេល​វេលា​ផង​ដែរ ​និង​ការ​អនុ​វត្តន៍​ការងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ម្យ៉ាង​វិញ​ទៀត​ការងារ​ហិរញ្ញ​វត្ថុ ​ការ​បិទ​បញ្ជី​ចំណូល​-​ចំណាយ ​និង​ការ​ធ្វើ​របាយ​ការណ៍​បូក​សរុប​ទូទាត់​ថវិការ​របស់​ថ្នាក់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​ទាំង​អស់​នេះ​វា​ជា​ការងារ​ចាស់​ដដែល​ៗ​មិន​មែន​ជា​ការងារ​ថ្មី​នោះ​ទេ ​គ្រាន់​តែ​មាន​ការ​កែ​សម្រួល​ខ្លះ​ៗ​ ប៉ុន្តែ​វាជា​ការងារ​ចាំ​បាច់​បំផុត​សម្រាប់​ដំណើរ​ការ​ការងារ​រដ្ឋបាល​និង​ក្រុង ​ស្រុក ​ឃុំ ​សង្កាត់​អោយ​រលូន​និង​អភិ​វឌ្ឍន៍​បាន​ល្អ​ប្រសើរ​នោះ ​៕​

cpp-08-12-2015-007 cpp-08-12-2015-008 cpp-08-12-2015-009 cpp-08-12-2015-010vv

[youtube id= “5ia5xwqx1N8”]