មន្ទីរកសិកម្មខេត្តប៉ៃលិនបើកវគ្គបណ្តុះបណ្តាលជំនាញ សហគ្រិនភាព គណនេយ្យ ហិរញ្ញវត្ថុនិងរបៀបបញ្ចូលរបាយការណ៍ប្រចាំឆ្នាំដល់ប្រធាន អនុប្រធាន និងសមាជិកសហគមន៍អភិវឌ្ឍន៍កសិកម្មទាំង៣៩ក្នុងខេត្តប៉ៃលិន


(07-12-2015) ប៉ៃលិន៖ ​ថ្ងៃ​ទី៧ ​ខែធ្នូ​ ឆ្នាំ​២០១៥​ មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ​ បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ សហ​គ្រិន​ភាព​ គណ​នេយ្យ ​ហិរញ្ញ​វត្ថុ ​និង​របៀប​បញ្ចូល​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ដល់​ប្រធាន ​អនុ​ប្រធាន​ និង​សមា​ជិក​សហ​គមន៍​កសិ​កម្ម​ទាំង​៣៩ ​ក្នុង​ខេត្ត​ប៉ៃលិន​។ ​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​បាន​ធ្វើ​ឡើង​នៅ​មន្ទីរ​កសិ​កម្ម​ខេត្ត​ក្រោម​អធិប​តីភាព​ លោក ​សាយ ​សុផាត​ ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​ប៉ៃលិន​។​

​លោក ​ប៉ុល ​សុន​ ប្រធាន​ការិយា​ល័យ​អភិ​វឌ្ឍន៍​កសិ​កម្ម​ នៃ​មន្ទីរ​កសិ​កម្ម​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថា​ វគ្គ​បណ្តុះ​បណ្តាល​នេះ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ចលនា​អភិ​វឌ្ឍន៍​មុខ​របរ​ លើក​កំពស់​កំរិត​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​អោយ​បាន​រីក​ចំរើន​និង​ដើម្បី​ជួយ​ណែនាំ​នូវ​ទំរង់​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​គំរូ​ថ្មី​ ដែល​ចេញ​ដោយ​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រម៉ាញ់ ​និង​នេសាទ​ សំរាប់​អោយ​សហ​គមន៍​នីមួយ​ៗ​បំពេញ​ទិន្ន​ន័យ​របស់​ខ្លួន​ចូល​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​សម្រាប់​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​។​

​លោក ​សាយ ​សុផាត​ ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​  សហ​គមន៍​អភិ​វឌ្ឍន៍​កសិ​កម្ម​ជា​ច្រើន​ក្នុង​ខេត្ត​ប៉ៃលិន​នៅ​មាន​ភាព​ទន់​ខ្សោយ​ទាំង​ការងារ​រដ្ឋបាល​ បញ្ជី​ស្នាម​ផ្សេង​ៗ​ ក៏​ដូច​ជា​ការងារ​រក​ចំណូល​ចូល​សហ​គមន៍​ផង​ដែរ​។​ ដូច្នេះ​តាម​រយះ ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ នឹង​ជួយ​ដល់​សហ​គមន៍​ទាំង​អស់​អោយ​បាន​យល់​ដឹង​បន្ថែម​ទៀត​ ទាក់​ទង​ទៅ​នឹង​ភាព​ជា​សហ​គ្រឹន​ និង​បញ្ជី​ស្នាម​ផ្សេង​ៗ ​ ពិសេស​ការ​បំពេញ​ទំរង់​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​គំរូ​ថ្មី​ខាង​មុខ​នេះ​។​ លោក​បាន​បន្ត​ថា ​ជា​បណ្តើរ​ៗ​សហ​គមន៍​ទាំង​អស់​ត្រូ​វតែ​អនុវត្ត​អោយ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​កំណត់ ​ ហើយ​មិន​ត្រូវ​ធ្វើអ្វី​ ប្រព្រឹត្ត​ខុស​និតិ​វិធី​ច្បាប់​របស់​សហ​គមន៍​ឡើយ​។​ ដូច្នេះ​ទាំង​ប្រធាន​ អនុ​ប្រធាន​ និង​សមា​ជិក​សហ​គមន៍ ​ត្រូវ​ខិត​ខំ​រៀន​សូត្រ​អោយ​បាន​ចេះ​ដឹង​លើ​បញ្ហា​ទាំង​អស់​នេះ​ជៀស​វាង​ធ្វើ​អោយ​មាន​កំហុស​ឆ្គង​នៅ​ពេល​អនុ​វត្ត​ការ​ងារ​ជាក់​ស្តែង​នៅ​ក្នុង​សហ​គមន៍​របស់​ខ្លួន​៕​

cpp-07-12-2015-001 cpp-07-12-2015-002 cpp-07-12-2015-003 cpp-07-12-2015-004vv

[youtube id= “-h7v46TAAz8”]