រយៈពេល១៥ ថ្ងៃពិតជាមានសារៈសំខាន់ដល់ពលរដ្ឋក្នុងការផ្ទៀងផ្ទាត់ទិន្ន័យក្បាលដី ឈ្មោះភេទ អាយុ កន្លែង ស្របតាមការណែនាំរបស់ មន្រ្តី ជំនាញនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង


មានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆិយសម្រាប់ការ ចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន នៅ   មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជីវៈខេត្តប៉ៃលិន នារ​សៀល​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមហុក សុផល អភិបាលរងខេ​ត្តប៉ៃលិនបាន​មានប្រសាសន៍​លើកឡើងថា៖រយៈពេល១៥ ថ្ងៃពិតជាមានសារៈ​សំខាន់ណាស់​ដល់ពលរដ្ឋក្នុងការផ្ទៀង​​ផ្ទាត់​ទិន្ន័យក្បាល​ដី ឈ្មោះ ភេទ អាយុ កន្លែង អោយបានត្រឹម​ត្រូវ ច្បាស​លាស់ ស្រប​តាមច្បាប់ គតិយុទ្ធនានា និងកាណែនាំរបស់​មន្រ្តី​ជំនាញ​រៀបចំដែនដី នគ​រូប​នីយកម្ម សំណង់ និ​ង​ភូមិបាល ក្នុងការចូលរួម​គាំទ្រអនុវត្ត​គោល​នយោ​បាយ​​​របស់រាជរដ្ឋាភិបាល​អោយ​មានប្រសិទ្ធិភាព​ខ្ពស់ ។ ឯកឧត្តមបន្តថា៖ក្រោមការដឹកនាំរបស់សម្តេច ហ៊ុនសែន នាយករដ្ឋ​មន្ត្រី​​ព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសមានសន្តិភាព និងបានកសាងអភិវឌ្ឍន៍លើគ្រប់​វិស័យ​ សាសារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រឡាយទឹក ជាដើម និងជាពិសេសបានដាក់ចេញ​នូវគោល​នយោបាយកែទម្រង់ស៊ីជំរៅ គឺបានរៀបចំក្រុមការងារក្នុងការចុះបញ្ចីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពជាក់លាក់  និងការកាត់បន្ថយការទំនាស់ដីធ្លី កាត់បន្ថយចំណាយថវិកា រួមគ្នាលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរ។ទន្ទឹមនិងនេះឯកឧត្តមក៍បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសហការ និងផ្តល់ព័ត៍មានច្បាស់​លាស់ ជូន​ដល់​មន្រ្តីជំនាញ ដើម្បីអោយងាយស្រួលអនុវត្តទទួលបានជោគជ័យ  ហើយមន្ទីររៀបចំដែនដី នគរូបនី​យកម្ម សំណង់ និង សុរិយោដី ខេត្តប៉ៃលិនត្រូវធ្វើការអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ពីច្បាប់គតិ​យុទ្ធ​នានាពាក់ព័ន្ធដីធ្លី ការសាងសងសំណង់ ជាដើម ដើម្បីងាយស្រួលដល់អាជ្ញាធរដែនដី​ក្នុងការ​អភិ​វឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ។​

ក្នុងឱកាសនោះដែរឯកឧត្តមក៍បានណែនាំដល់មន្រ្តីជំនាញវាស់វែងដីធ្លី រៀបចំដែនដី នគរូប​នីយ​កម្ម សំណង់ និង សុរិយោដី ត្រូវយកចិត្តទុកដាក់បន្តខិតខំបង្កើន កិច្ចការងារផ្តល់សេវាចុះ​បញ្ចី​ដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីងាយស្រួលចុះត្រួតពិនិត្យ ជាក់ស្តែងការអនុវត្តទៅទទួលបានប្រសិទ្ធិភាព។

បើតាមការបញ្ជាក់ពីលោក សូ សុខុន ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តប៉ៃលិន បានអោយដឹងថា៖ការ​បិទផ្សាយជាសាធារណៈ​នូវឯកសារនៃការវិនិច្ឆិយ​សម្រាប់ការ ចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិអូរតាពុកក្រោម ដែលមានផ្ទៃ​ដីសរុប​ក្នុង​ភូមិមានចំនួន១១៦,៥៩ ហិកតា និង១,១៦៥,៩០០ម៉ែត្រការ៉េ និងមានក្បាលដីសរុបចំនួន១៣៤៩ ក្បាលដី ដីលំនៅដ្ឋានមានចំនួន១២៩៤ ក្បាលដី ដីកសិកម្មមានចំនួន៥ក្បាលដី និងម្ចាស់មិ​ន​មក​បំពេញ​ទិន្ន័យមានចំនួន៥០ក្បាលដី។