ក្រុមប្រឹក្សាខេត្តប៉ៃលិនប្រជុំសាមញ្ញលើកទី៩ អាណត្តទី៣ របស់ខ្លួន


ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានរៀប​ចំ​កិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ខ្លួន ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម ផាន់ ចាន់ធុល អភិ​បាលខេត្ត ព្រមទាំងឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត  អភិ​​បាលរងខេត្ត  អភិបាលក្រុងស្រុក  លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ  ព្រមទាំងប្រធានក្រុមប្រឹក្សាក្រុងស្រុកមេឃុំ ចៅសង្កាត់ និងស្មៀន ឃុំសង្កាត់ផងដែរ។

កិច្ចប្រជុំក្រុមប្រឹក្សាខេត្តសាមញ្ញលើកទី៩ អាណត្តទី៣ មានរបៀប​វារៈ​ដូចជា៖ ទី១/ ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ច​ប្រជុំ​សាមញ្ញ​​លើកទី៨ ទី២/ ពិនិត្យនិងអនុម័តរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាល​ខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ និងទី៣/ បញ្ហាផ្សេងៗ ។

​​      បន្ទាប់ពីលោក ស៊ុន គ្រឿង ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សា​បានអានសេចក្តី​ព្រាង​កំណត់​​ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត​រួចមក សមាជិក​ក្រុមប្រឹក្សាបានលើកបញ្ហាប្រឈមមួយចំនួនដូចជា៖ ទី១/ បញ្ហាការធ្វើប្លង់ដី​មិន​ទាន់​ចេញប្លង់ជូនប្រជាពលរដ្ឋ និងធ្វើប្លង់ដីយក​លុយពីប្រជាពលរដ្ឋ​ហើយ​មិនចេញ​ប្លង់ដីអោយ ទី២/ បញ្ហាសម្រាមនៅតាមដងផ្លូវទាំងក្រុងស្រុក ទី៣/ បញ្ហាកង្វះទឹក​នៅ​តាមស្ទឹងអូរមួយចំនួន ទី៤/បញ្ហាប្រព័ន្ធតុលា​ការ និង​បញ្ហាទី៥ ការលើក​កម្ពស់​ស្រ្តី ។

ជាការឆ្លើយតបចំពោះបញ្ហាខាងលើឯកឧត្ត ផាន់ ចាន់ធុល អភិបាល​​ខេត្ត​​​ប៉ៃលិន បានយល់​ស្របនូវ​ការ​​​លើកឡើងរបស់​សមាជិកក្រុមប្រឹក្សា  អំពីបញ្ហាប្រឈម នានាហើយរដ្ឋបាលខេត្ត​នឹង​ខិត​ខំយកទៅដោះស្រាយបន្តទៀត ជាពិសេសសូមអោយប្រធានមន្ទីរ​រៀបចំ​ដែន​ដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវពិនិត្យតាមដានរាល់មន្រ្តីរបស់ខ្លួនជាប្រចាំក្នុងការធ្វើប្លង់ដីជូនបងប្អូនប្រជាពលរដ្ឋ  និងស្រាវ​​ជ្រាវមន្រ្តី​ណាដែលខិលខូច​ដើម្បីណែនាំ បើមិនព្រមស្តាប់ត្រូវតែអនុត្តន៍អភិក្រមទី៥ របស់សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន ​សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម​បានបន្តថា៖ ចំពោះបញ្ហាប្រព័ន្ធតុលាការសូមអោយសមត្ថកិច្ចពាក់ព័ន្ធត្រូវដោះ​ស្រាយ​ក្រៅប្រព័ន្ធតុលាការអោយបានច្រើន  លើកលែងតែបទល្មើសនោះធ្ងន់ធ្ងរ។ ចំពោះបញ្ហាសម្រាមរដ្ឋបាលខេត្តនឹងខិតខំបន្ត  និងស្នើរអោយរដ្ឋបាល​ក្រុងស្រុកត្រូវដោះស្រាយបញ្ហាសម្រាមនេះចាប់ពីព្រំដែនរហូតដល់ទីប្រជុំជន។ រីឯបញ្ហាការលើកកម្ពស់ស្រ្តី  ថ្នាក់ដឹកនាំទាំងអស់ត្រូវតែយកចិត្តដាក់ជួយលើ ការលើកកម្ពស់ដល់ស្រ្តី ព្រោះស្រ្តីត្រូវបានផ្តល់ជាអទិភាព​ក្នុងការដឹកនាំ​នៅ​តាមក្រសួងស្ថាប័ននានារហូតដល់ថ្នាក់មូលដ្ឋានផងដែរ និងបញ្ហាផ្សេងៗទៀតរដ្ឋបាលខេត្តនឹងបន្តខំដោះស្រាយអោយបានទាន់ពេលវេលា។  ឯកឧត្តមក៏​បានផ្តាំផ្ញើ​ដល់គ្រប់អង្គភាព​មន្ទីរស្ថាប័នទាំងអស់ត្រូវតែខិតខំប្រឹងប្រែងដោះស្រាយ​បញ្ហា និង​បម្រើសេវាសធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។ ក្នុងឱកាសនោះ​ផង​ដែរ​ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ក៏បានអានសេចក្តី​ប្រកាសរបស់​ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតនិងដាក់អោយប្រើប្រាស់នូវនិម្មិតសញ្ញាខេត្តប៉ៃលិន តាមប្រកាសលេខ១៥៨៨ ប្រក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ ថា៖ កិច្ចប្រជុំក្រុម​ប្រឹក្សា​​​ខេត្ត​ធ្វើឡើងមួយខែម្តង  ដូច្នេះសូមអោយប្រធាននិងតំណាង​អង្គភាពមន្ទីរ​ស្ថាប័ន​ជុំវិញ​ខេត្តទាំងអស់ត្រូវមកចូលរួមកុំបីអាកខានឡើយ  ជាពិសេស​គឺប្រធាន​អង្គភាព ដើម្បីងាយ​ស្រួល​សម្រេច​និងដោះស្រាយបានភ្លាមៗទាន់ពេលវេលា។  ឯកឧត្តមក៏បានអំពាវនាវ​ដល់អាជ្ញាធរ​ក្រុងស្រុក បើមានបញ្ហាអ្វីមួយត្រូវបញ្ចប់ត្រឹមសមត្ថកិច្ចក្រុងស្រុកបានហើយកុំ​អោយ​​មកបន្ត​ដោះស្រាយនៅតុលា​ការ វាធ្វើអោយរឿងតូចក្លាយជារឿងធំអស់ទ្រព្យ​សម្បត្តិ​ផ្សេងៗ​។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការ​ទប់ស្កាត់គ្រោះ អគ្គីភ័យ នៅរដូវប្រាំងនេះអោយបាន​ទាន់​ពេលវេលា​ ជាពិសេសរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវជំរុញអោយបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ន្នខ្ពស់ និងបង្ការទប់ស្កាត់ភ្លើងឆេះព្រៃ។  ឯកឧត្តម បានកោតសសើរដល់រដ្ឋបាលខេត្តដែលបានខិតខំបន្តអភិវឌ្ឍន៍ខេត្តអោយមានការរីកចម្រើនគួអោយកត់សម្គាល់។  ក្នុងឱកាសនោះផងដែរឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តក៏បានលើកឡើងបន្ថែមថា៖ ពាក់ព័ន្ធទៅនឹងជំងឺឆ្លងកូវិដ-១៩ (Corona)​ដែលក្លាយទៅការភ័យខ្លាចពាសពេញលើសកលលោក  សូមអោយរដ្ឋបាលខេត្តក្រុងស្រុក និងប្រធានមន្ទីរស្ថាប័នជុំវិញខេត្ត ជួយផ្សព្វ​ផ្សាយដល់មន្រ្តីក្រោមឱវាទ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអោយយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ និងកុំរើសអើង កុំខ្លាចគ្នា ជាពិសេសត្រូវណែនាំអោយបងប្អូនប្រជាពលរដ្ឋពាក់ម៉ាស់អោយបានត្រឹមត្រូវ និងលាងដៃជាមួយសាប៊ូរជាប្រចាំ។