មន្ទីរសុខាភិបាលខេត្តប៉ៃលិនប្រារព្ធទិវាប្រយុទ្ធប្រឆាំងជំងឺអេដស៏ ១ធ្នូ ២០១៥


(01-12-2015) ប៉ៃលិន៖ ​ព្រឹក​ថ្ងៃ​ទី១​ ធ្នូ ​២០១៥​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​បាន​ប្រារព្ធ​ទិវា​ពិភព​លោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៏ ​ក្រោម​អធិប​តី​ភាព​ ឯក​ឧត្តម​ ម៉ី​ មគ្គ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​ ព្រម​ទាំង​មាន​ការ​អញ្ចើញ​ចូល​រួម​ពី​សំណាក់​លោក​លោក​ស្រី​ប្រធាន​ អនុ​ប្រធាន​មន្ទីរ​ អង្គការ​គ្រប់​ស្ថាប័ន ​កង​កំលាំង​ប្រដាប់​អាវុធ​ លោក​គ្រូ​ អ្នក​គ្រូ​ សិស្សា​នុសិស្ស​ និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​ផង​ដែរ​។​

​លោក​ វិជ្ជ​បណិ្ឌត ​សេង ​រ៉ន ​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថា​៖​ សព្វ​ថ្ងៃ​នេះ​ស្ថាន​ភាព​រីក​រាល​ដាល​នៃ​មេ​រោគ​អេដស៏​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ថយ​ចុះ​បាន​ឈាន​ដល់​ដំណាក់​កាល​មួយ​គឺ​អត្រា​ប្រេ​វ៉ា​ឡង់​នៃ​មេ​រោគ​អេដស៏​ក្នុង​ចំណោម​ប្រជា​ជន​ពេញ​វ័យ​ចាប់​ពី​អាយុ​១៥ឆ្នាំ​ ទៅ​៤៥ឆ្នាំ​ តាម​ការ​អង្កេត​ឈាម​ អត្រា​ឆ្លង​រាល​ដាល​ថយ​ចុះ​ពី​២%​ ក្នុង​ឆ្នាំ​១៩​៩៨​ មក​នៅ​ត្រឹម​០.៨%​ ក្នុង​ឆ្នាំ​២០១០​ និង​០.៦%​ក្នុង​ឆ្នាំ​២០១៣​។​ លោក ​បន្ត​ថា​៖​ខេត្ត​ប៉ៃលិន​ តាម​របាយ​ការណ៏​ធ្វើ​តេស្ត​ឈាម​រក​មេ​រោគ​អេដស៏​ដោយ​ស្ម័គ្រ​ចិត្ត​ និង​រក្សា​ការ​សំងាត់​ បាន​បង្ហាញ​ថា​ត្រឹម​៣ត្រី​មាស​ឆ្នាំ​២០១៥​ ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើ​តេស្ត​ឈាម​ចំនួន​៤០​២៩​នាក់​ មាន​អ្នក​ផ្ទុក​មេ​រោគ​អេដស៏​ចំនួន​២៧​នាក់​គិត​ជា​ភាគ​រយ​ស្មើ​នឹង​០.៧%​។​ក្នុង​នោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​បាន​ធ្វើ​តេស្ត​ឈាម ​លើក​ទី០១​បាន​ចំនួន ​៩៨%​មាន​ផ្ទុក​មេរោគ​អេដស៏​ចំនួន​០.៣%​។​ ការ​ឆ្លើយ​តប​រួមគ្នា​ឆ្នាំ​២០០៩​ ដល់​ត្រីមាស​ទី៣​ ឆ្នាំ​២០១៥ ​ក្នុង​ចំណោម​ទារក​ប្រឈម​ដែល​កើត​ពី​ម្តាយ​ផ្ទុក​មេរោគ​អេដស៏​ចំនួន​៦៦នាក់​ មិន​មាន​ទារក​ឆ្លង​មេ​រោគ​អេដស៏​ទេ​។​

​ឯក​ឧត្តម ​ម៉ី ​មគ្គ​អភិ​បាល​នៃ​គណ​អភិបាល​រង​ខេត្ត​បាន​មាន​ប្រសាសន៏​ថា​៖​ទិវា​ពិភព​លោក​ប្រយុទ្ធ​និង​ជំងឺ​អេដស៏​០១​ធ្នូ ​ឆ្នាំ​២០១៥​នេះ ​ក្រោម​ប្រធាន​បទ​មួយ​យ៉ាង​សំខាន់​គឺ​ ឈាន​ឆ្ពោះ​ទៅ​រក​ គ្មាន​ការ​ឆ្លង​ថ្មី​ គ្មាន​ការ​រើស​អើង​ គ្មាន​ការ​ស្លាប់​មាន​ន័យ​ថា​យើង​ទាំង​អស់​គ្នា​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ចូល​រួម​ទប់​ស្កាត់​និង​កាត់​បន្ថយ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេ​រោគ​អេដស៏​និង​ជំងឺ​អេដ៍ ​ដោយ​ឈ​លើ​គោល​ការណ៏​សិទ្ធិ​មនុស្ស​ និង​ ការ​ធ្វើ​អោយ​សំរេច​បាន​ ការ​ទទួល​សេវា​ជា​សាកល​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។​ ឯក​ឧត្តម​មាន​ប្រសាសន៏​បន្ត​ថា​៖​ជំងឺ​អេដស៏​ជា​ជំងឺ​មួយ​ដែល​ពុំ​ទាន់​មាន​ឱសថ​ព្យាបាល​អោយ​ជា​សះ​ស្បើយ​នៅ​ឡើយ​ទេ​ ហើយ​ជំងឺ​នេះ​បាន​និង​កំពុង​រីក​រាល​ដាល​និង​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់​បំផុត​សំរាប់​បុគ្គល​ គ្រួសារ​ សហ​គមន៏​ សង្គម​ជាតិ​ ក៏​ដូច​ជា​ពិភព​លោក​ទាំង​មូល ​ហើយ​ផល​វិបាក​នៃ​ជំងឺ​នេះ​បាន​ធ្វើ​អោយ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការ​អភិវឌ្ឍន៏​ប្រទេស​ជាតិ​ តាម​ការ​រយៈ​ការ​បាត់​បង់​នូវ​ធន​ធាន​មនុស្ស​និង​សេដ្ឋ​កិច្ច​សង្គម​ផង​ដែរ​។​ដូច្នោះ​ហើយ​សូម​អោយ​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ត្រូវ​បំផុស​គំនិត​ និង ​ពន្យល់​ណែនាំ​អំពី​ជំងឺ​អេដស៏ ​ ដល់​សិស្សា​នុសិស្ស ​ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ទាំង​អស់​អោយ​ចេះ​ ការ​ពារ​ទប់​ស្កាត់​និង​ត្រូវ​ចេះ​ប្រើ​ស្រោម​អនាម័យ​អោយ​បាន​១០០%​ ដើម្បី​ជៀស​វៀង​ការ​កើត​ជំងឺ​អេដស៏​។​ទន្ទឹម​នឹង​នេះ ​សិស្សា​នុសិស្ស​ និង​ប្រជា​ពល​រដ្ឋ​ទាំង​អស់​កុំ​រើស​អើង​អ្នក​កើត​ជំងឺ​អេដស៏​ព្រោះ​ថា​ជំងឺ​អេដស៏​មិន​ឆ្លង​តាម​ការ​មើល​ឃើញ​ រឺ​ ការ​រស់នៅ​ជា​មួយ​គ្នា​នោះ​ទេ​វា​ឆ្លង​តាម​ការ​រួម​ភេទ​ និង​ប្រើសា​រាំង​រួម​គ្នា​ប៉ុណ្ណោះ​

ក្នុង​នោះ​ដែរ​ ឯក​ឧត្តម​ ម៉ី ​មគ្គ ​ក៏​បាន​ចែក​ជូន​សារ៉ុង​ និង​ក្រមា​ ដល់​ ក្មេង​ៗ ​និង​ប្រជា​ពល​​រដ្ឋ​ដែល​ផ្ទុក​មេរោគអេដស៏​ផង​ដែរ​។​

cpp-01-12-2015-001 cpp-01-12-2015-002 cpp-01-12-2015-003 cpp-01-12-2015-004 cpp-01-12-2015-005 cpp-01-12-2015-006vv

[youtube id= “0SYDnjNWRpc”]