ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ជំរុញឱ្យអ្នកសារព័ត៌មានត្រូវខិតខំពង្រឹងសមត្ថភាព និងជំនាញឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នា ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ


ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន

ប៉ៃលិន៖ លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ជំរុញឱ្យអ្នកសារព័ត៌មានត្រូវខិតខំពង្រឹងសមត្ថភាព និងជំនាញឱ្យបានច្បាស់លាស់ ហើយត្រូវខិតខំកសាងស្នាដៃផលិតព័ត៌មានល្អៗ ព័ត៌មានមានប្រយោជន៍ដល់សង្គម ព័ត៌មានពិត និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លែង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។

លោកប្រធានមន្ទីរព័ត៌មាន បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ជំនាញសារព័ត៌មាន ដែលរៀបចំឡើងដោយមន្ទីរ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលមានសមាសភាពចូលរួមពីមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ប្រមាណ ជិត ៤០នាក់។

លោក យូ ពៅ បានមានប្រសាសន៍បន្តថា៖ ធ្វើជាអ្នកសារព័ត៌មាន ត្រូវទាមទារឲ្យមានការខិតខំស្វិតស្វាញ ក្លាហាន រិះរកចំណុច សត្យានុមត័ច្បាស់លាស់ ត្រឹមត្រូវប្រាកដប្រជា ថ្លឹងថ្លែង មិនលំអៀង មុននឹងសំរេចយកទៅផ្សព្វផ្សាយ ដូច្នេះ វគ្គបណ្តុះបណ្តាលជំនាញ សម្រាប់ អ្នកសារព័ត៌មានអាជីព នាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងន័យចែករំលែកនូវពុទ្ធិ ដើម្បីពង្រឹង និងពង្រីកកម្រិតសមត្ថភាពជំនាញវិជ្ជាជីវៈ ដល់អ្នកយកព័ត៌មាន ប៉ុណ្ណោះទេ ប៉ុន្តែវាបានឲ្យយើងទទួលបាននូវអ្វីដែលថ្មី ប្លែក លឿន ទុកចិត្តបានទៀតផង។ លោកប្រធានមន្ទីរក៏បានមានប្រសាសន៍បញ្ជាក់ថា៖ ជួនកាលមានព័ត៌មានមួយចំនួន មិនមែនយើងសុទ្ធតែអាចសរសេរត្រង់ៗ ឬតាមរឿងរ៉ាវដែលកើតឡើងភ្លាមៗ នោះបានទេ ដោយទាមទារឱ្យយើងតាមដានស្រាវជ្រាវរកប្រភព ឬអង្គហេតុ ដែលនៅពីក្រោយរឿងនោះឲ្យលំអិត ច្បាស់លាស់ប្រាកដប្រជា និងគ្រប់ជ្រុងជ្រោយជាមុនសិន ទើបពេលផ្សាយទៅមិនមានកំហុសឆ្គង ហើយស្របតាមវិជ្ជាជីវៈថែមទៀតផង។ នៅក្នុងឱកាសនោះផងដែរ លោក យូ ពៅ ក៍បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំក្រេបយកចំណេះជំនាញ ពីគ្រូឧទ្ទេសនាម ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជា អ្នកព័ត៌មានអាជីព ប្រកបដោយវិជ្ជាជីវៈ ក្នុងន័យចូលរួមលើកស្ទួយវិស័យសារព័ត៌មានយើងឲ្យមានតម្លៃ ពិសេសបង្កើនគុណភាពព័ត៌មាន គុណភាពអ្នកសារព័ត៌មាន ឈរលើគោលការណ៍សន្តិភាព និងវិជ្ជាជីវៈយ៉ាងពិតប្រាកដ៕

សូមបញ្ជាក់ថា៖ ដោយអង្គភាពមានតម្រូវការផ្នែកធនធានមនុស្ស ទាំងបច្ចប្បន្ន និងទៅអនាគត លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ក៍បានផ្តួចផ្តើមគំនិត បើកវគ្គបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស លើវិស័យព័ត៌មាន រយៈពេល ៣ខែ ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តទាំងអស់ ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីពង្រឹងសមត្ថភាព និងជំនាញបន្ថែមទៀត ដោយមានគ្រូឧទ្ទេសនាមចំនួន ៣នាក់ ដែលមានបទពិសោធន៍លើវិស័យព័ត៌មានជាច្រើនឆ្នាំ គឺលោក គង់ ប៊ុនធីម និងលោក គង់ ជឺ (បង្រៀនពីច្បាប់របបសារព័ត៌មាន, ការសរសេរព័ត៌មាន, បទយកការណ៍)  និងលោក ញ៉ឹប បូរី (បង្រៀនផ្នែកបច្ចេកទេស ដូចជា៖ ការប្រើប្រាស់កាមេរ៉ា, បច្ចេកទេសថត និងការ Edite វីឌីអូ និងរូបភាពហ្វិច)

ញ៉ឹប បូរី ប៉ៃលិន