(25-11-2015) ប៉ៃលិន៖ នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនព្រមទាំងមន្រ្តីរាជការជុំវិញខេត្ត និង ប្រជាពលរដ្ឋជាច្រើនកុះករបានអញ្ជើញចូលរួមពិធីបុណ្យ អកអំបុកសំពះព្រះខែ នៅវត្តរតនៈសោភ័ណ្ឌ (ហៅវត្តកោងកាង )ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ពិធីនេះដែរឯកឧត្តមក៏បានបូជាទានធូប ធ្វើបទនម្សការ ថ្វាយបង្គំព្រះរតនត្រ័យសមាទានសីល និងបានប្រគេនបច្ច័យដល់ព្រះសង្ឃសំរាប់តំកល់កសាងសមិទ្ធិផលក្នុងវត្តផងដែរ។
ព្រះគ្រូ ក្តៀង សារ៉ាត់ ព្រះចៅអធិកាវត្តរតនសោភ័ណ្ឌបានមានសង្ឃដីការថា៖ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យ ប្រពៃណីជាតិផ្សេងៗទៀត ដែលប្រជាជាតិខ្មែរ បានរក្សាការពារអោយថិតថេរតាំងដើមរៀងមក។ ពិធីបុណ្យ អកអំបុក សំពះព្រះខែនេះ ត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ នៅថ្ងៃ១៥ខែកត្ដិកពេញបរមី។
ព្រះចៅអធិការមានសង្ឃដីការបន្តថា៖ ពិធីបុណ្យនេះមានកំណើត តាំងពីបុរាណកាលមកហើយ បានចែង ទុកក្នុង ឯកសារ ជាតិ និងអន្ដរជាតិ ឬ តាមសិលាចារឹក នៃប្រាសាទជាដើម។ ពិធីបុណ្យនេះរីក ចម្រើន យ៉ាងខ្លាំង នៅក្នុងសង្គមខ្មែរ នាសម័យអង្គរ ក្នុងរាជព្រះបា ទជ័យវរ្ម័នទី៧ សតវត្សទី១២ និង សម័យលង្វែក ។ពិធីបុណ្យនេះគឺធ្វើឡើងដើម្បីឧទ្ទិសដល់ការបំពេញបុណ្យបារមី របស់ព្រះពោធិសត្វក្នុងពេលដែលព្រះអង្គយានយកកំណើតជាសត្វទន្សាយ។
ឯកឧត្តមកើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏សំដែងនូវសេចក្តីរីករាយដោយឃើញបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានមកជួបជុំគ្នាពោពេញទៅដោយទឹកមុខសប្បាយរីករាយ ចេះរួមសាមគ្គីគ្នាធ្វើបុណ្យទាន ហើយឯកឧត្តមក៏សំនូមពរអោយប្រជាពលរដ្ឋត្រូវចេះថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិយើងអោយគង់វង្សតរហូតទៅ ហើយត្រូវចេះ សាមគ្គីគ្នាដើម្បីជាកំលាំងដ៏រឹងមាំថែរក្សាការពារនូវទំនៀមទំលាប់ដ៏ល្អរបស់ជាតិយើង ទុកជាគំរូសំរាប់កូនចៅយើងជំនាន់ក្រោយ ។ឯកឧត្តមបានបន្តថា៖ ដោយសារគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងបានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាពពេញលេញ បងប្អូនរស់នៅមានសេចក្តីសុខមានឱកាសធ្វើបុណ្យទាន និងប្រកបមុខរបររកស៊ី ចិញ្ចឹមជីវិតបានល្អប្រសើរ ។ហេតុនេះយើងទាំងអស់គ្នាត្រូវគាំទ្រនិងការពារដាច់ខាត គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី។
[youtube id= “K1xFVCz2PNw”]