ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការប្រជុំផ្សព្វផ្សាយអំពីរបបគោលនយោបាយសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និង តំណាងកម្ម និយោជិត ម្ចាស់គ្រឹះស្ថាន សហគ្រាសនានាជុំវិញខេត្តសរុបជាង១០០ នាក់។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គម និងមានការចូលរួមពីសំណាក់លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញនានានៅ ជុំវិញខេត្តផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានសំដែងការកោតសរសើរចំពោះ បេឡាជាតិរបបសន្តិសុខសង្គម ដែលខិតខំអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា។ ឯកឧត្តម បានសំណូមពរដល់អង្គភាពបេឡាជាតិរបបសន្តិសុខសង្គមខេត្តប៉ៃលិន ក៏ដូចជា ម្ចាស់គ្រឹះស្ថាន សហគ្រាសទាំងឡាយក្នុងខេត្តប៉ៃលិន ត្រូវអនុវត្តអោយ មានប្រសិទ្ធភាពខ្ពស់ នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖១-ត្រូវខិតខំអនុវត្តផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពជូនសមាជិក អោយបានកាន់តែល្អប្រសើរបន្ថែមទៀត។ ផ្តល់ឱកាស អោយនិយោជកចូលរួមកិច្ចប្រជុំយ៉ាងតិចម្តង ក្នុងឆ្នាំ។ ២-និយោជក នាយកម្ចាស់ សហគ្រាស គ្រឹះស្ថាន ទាំងអស់ ត្រូវរួមអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ អោយមានប្រសិទ្ធភាពខ្ពស់ និងត្រូវមកចុះបញ្ជីការសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត និងបង់ភាគទានអោយទាន់ពេលវេលា សម្រាប់ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដើម្បីកុំអោយបាត់បង់ដល់អត្ថប្រយោជន៍របស់កម្មករនិយោជិត។ ៣-សូមអោយមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ចូលរួមសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្នុងការអនុវត្តច្បាប់នេះអោយមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍សង្គមជាតិអោយមានការរីកចំរើន និងភាពសុខដុមរមនា។
ឯកឧត្តម ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គម បានមានប្រសាសន៍ថា៖ គ្រោះថ្នាក់ការងារ គឺជាគ្រោះថ្នាក់ដែលកើតឡើងទៅលើកម្មករ និយោជិត ដែលកំពុងធ្វើការនៅរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រមហ៊ុន ខណៈពេលធ្វើការ និងពេលកម្មករនិយោជិត ទៅ និងត្រឡប់មកពីធ្វើការ។ បច្ចុប្បន្ននេះ ប.ស.ស. មានសាខានៅតាមបណ្ដារាជធានី/ ខេត្ត ទាំង២៥ និងមានសហគ្រាស គ្រឹះស្ថាន ចុះបញ្ជីការសរុបចំនួន ១៤,៩៣៥សហគ្រាស និងមានសមាជិក សរុប ១,៥៧៦,២២៥នាក់។ ក្នុងនោះមានមន្ទីរពេទ្យ មណ្ឌលសុខភាព ចុះកិច្ចព្រមព្រៀងក្នុងការផ្តល់សេវាជូន សមាជិក ប.ស.ស. ចំនួន ១,៣៩៣កន្លែង។ លោកបានបន្តថា៖ តាវកាលិក (អត្ថប្រយោជន៍) ដែលសហគ្រាស គ្រឹះស្ថាន និងសមាជិក អាចទទួលបានពី ប.ស.ស. រួមមាន៖ ការសង្គ្រោះបន្ទាន់ ការថែទាំ និងព្យាបាលជំងឺ ការទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ការទទួលបានប្រាក់ធនលាភ និងប្រាក់វិភាជន៍ សាហ៊ុយបូជាសព តាវកាលិកឧត្តរជីវី សេវាបុននីតិសម្បទា និងការសម្របសម្រួលវិជ្ជាជីវៈឡើងវិញ។
សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍ លោក រាម សុមិត្រ ប្រធានសាខា ប.ស.ស ខេត្តប៉ៃលិនបានអោយដឹងថា៖ បច្ចុប្បន្នសហគ្រាស គ្រឹះស្ថានបានចុះបញ្ជីការជាមួយ ប.ស.ស ខេត្តប៉ៃលិនរួមមាន៖ គ្រឹះស្ថានសរុបចំនួន ១៥០សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ៤,៨២៣នាក់ ស្រី២,៦១៩នាក់។ ក្នុងនោះរួមមាន៖ សហគ្រាសកំពុងដំណើរការបង់វិភាគទានក្នុងខេត្តចំនួន ១១៥សហគ្រាស មានកម្មករនិយោជិតចំនួន ៣,២៨១នាក់ ស្រី១,៧៣៥នាក់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន