អភិបាលខេត្តប៉ៃលិនបំពាក់ឯកសណ្ឋានប្រជាការពារភូមិទាំង៧ក្នុងសង្កាត់បយ៉ាខា


(13-11-2015) ប៉ៃលិន៖ ​ល្ងាច​ថ្ងៃ​ទី១៣​ ខែវិច្ឆិកា ​ឆ្នាំ​២០​១៥​ នៅ​សាលា​ខេត្ត​ប៉ៃលិន​ មាន​រៀប​ចំ​ពិធី​បំពាក់​ឯក​សណ្ឋាន​ជូន​ប្រជា​ការពារ​ភូមិ​ទាំង​៧ ​ក្នុង​សង្កាត់​បយ៉ាខា ​ក្រោម​អធិ​បតី​ភាព​ ឯក​ឧត្តម​ កើត​ សុធា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ឯក​ឧត្តម ​ផាន់ ​ចាន់​ធុល ​អភិបាល​រង​ខេត្ត ​ លោក​ឧត្តម​សេនីយ៍​ត្រី​ជា ​ចាន់ឌិន ​ស្នង​ការ​នគរ​បាល​ខេត្ត ​លោក​មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ​លោក​ប្រធាន​ អនុ​ប្រធាន​មន្ទីរ​ លោក​ចៅ​សង្កាត់​ ព្រម​ទាំង​លោក​មេភូមិ​ អនុ​ភូមិ ​នីមួយ​ៗ​ក្នុង​សង្កាត់​បយ៉ាខា​ផង​ដែរ​។​

​ប្រជា​ការពារ​ភូមិ​ដែល​បាន​មក​ទទួល​ឯក​សណ្ឋាន​មាន​សរុប​ទាំង​អស់​ចំនួន ​៧០​នាក់ ​ដោយ​ម្នាក់​ៗ​ទទួល​បាន ​អាវ​មួយ ​ខោ​មួយ ​មួក​មួយ ​និង​កាត​សំគាល់​ខ្លួន​មួយ​សន្លឹក​ ។​ ឯក​សណ្ឋាន​ប្រជា​ការពារ​ភូមិ​ទាំង​អស់​នេះ ​ បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​របស់​ឯក​ឧត្តម ​ផាន់ ​ចាន់​ធុល​ ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បយ៉ាខា ​លោក​អនុ​ប្រធាន​ក្រុម ​និង​សមា​ជិក​ សមា​ជិការ​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ចុះ​ជួយ​សង្កាត់​បយ៉ាខា​ទាំង​អស់​។​

​លោក​ឧត្តម​សេនីយ៍ត្រី​ជា ​ចាន់​ឌិន​ ស្នង​ការ​នគរ​បាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​ ប្រជា​ការពារ​ភូមិ ​ជា​ជំនួយ​ការ​អោយ​លោក​មេភូមិ ​និង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ឃុំ​/​សង្កាត់​នីមួយ​ៗ​។​ ប្រជា​ការពារ​ភូមិ​ជា​មាន​តួនាទី​ក្តាប់​អោយ​បាន​នូវ​សភាព​ការ​សន្តិ​សុខ ​សណ្តាប់​ធ្នាក់​ក្នុង​ភូមិ​ ផ្តល់​ព័ត៌មាន​ពិត​អោយ​លោក​មេភូមិ ​ប៉ុស្តិ៍​រដ្ឋបាល ​និង​អ្នក​ពាក់​ព័ន្ធ​ឯ​ទៀត​  ទាក់​ទង​ទៅ​នឹង​សភាព​ការរណ៍​សន្តិ​សុខ ​មុខ​សញ្ញា​បទ​ល្មើស ​បញ្ហា​សុខ​មាល​ភាព​ និង​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ ។​

​ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍​ ថ្លែង​អំណ​គុណ​ដល់​ឯក​ឧត្តម​ ផាន់ ​ចាន់​ធុល ​ប្រធាន​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បយ៉ាខា ​លោក​អនុ​ប្រធាន​ក្រុម ​និង​សមា​ជិក ​សមា​ជិការ​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ចុះ​ជួយ​សង្កាត់​បយ៉ាខា​ទាំង​អស់​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ឯក​សណ្ឋាន​ដល់​ប្រជា​ការពារ​ភូមិ​ក្នុង​សង្កាត់​បយ៉ាខា​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​ថា ​ទឹក​ចិត្ត​ដ៏​ថ្លៃថ្លា​នេះ​ គឺ​បាន​បង្ហាញ​ពី​ស្មារតី​សាមគ្គី​ភាព​ ឯក​ភាព​ជា​ធ្លុង​មួយ​ក្នុង​គោល​ដៅ​ចូល​រួម​ការ​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថ​ភាព​របស់​រាជ​រដ្ឋា​ភិបាល​អោយ​មាន​ប្រសិទ្ធ​ភាព​ និង​កាត់​បន្ថយ​នូវ​បទ​ល្មើស​ផ្សេង​ៗ​ រក្សា​បាន​នូវ​សេចក្តី​សុខ ​សុវត្តិ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្ត​ថា ​ប្រជា​ការពារ​ភូមិ​ទាំង​អស់​ដែល​បាន​មក​ទទួល​ឯក​សណ្ឋាន ​នា​ពេល​នេះ​ គឺ​ក្លាយ​ជា​មនុស្ស​ដែល​មាន​ការ​ចាត់​តាំង ​ដឹកនាំ​ត្រឹម​ត្រូវ​ លែង​ជា​ប្រជា​ពល​រដ្ឋ​សាមញ្ញ​ទៀត​ហើយ ​។​ដូច្នេះ ​ប្រជា​ការពារ​ភូមិ​ទាំង​អស់​ត្រូវ​លះបង់​អោយ​អស់​នូវ​គំនិត​អស​កម្ម​ទាំង​ឡាយ​ដែល​ធ្លាប់​មាន​ពី​មុន​មក ​មិន​ត្រូវ​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​ ល្បែង​ស៊ី​សង​ ផឹក​ស៊ី​ពាលា​អាវា​សែ​ជា​ដាច់​ខាត​។ ​ប្រជា​ការពារ​ភូមិ​ទាំង​អស់​ត្រូវ​មាន​សីលធម៌​ល្អ ​គោរព​ចាស់​ទំ ​មាន​អធ្យា​ស្រ័យ​ល្អ ​និង​មាន​សាមគ្គី​ភាព ​ឯក​ភាព​រឹងមាំ ​ស្តាប់​តាម​ដឹក​នាំ  ​ចាត់​ចែង​​របស់​លោក​មេភូមិ ​និង​មេក្រុម​របស់​ខ្លួន​៕​

cpp-13-11-2015-005 cpp-13-11-2015-006 cpp-13-11-2015-007 cpp-13-11-2015-008

[youtube id= “VVwetaPJj6k”]