(12-11-2015) ប៉ៃលិន៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន លោកជំទាវគង់ស្តី កើតសុធា លោកជំទាវ ជាលាភអភិបាលរងខេត្តប៉ៃលិន លោកជំទាវស៊ុម ហៀង ប្រធាន សភាពាណិជ្ជកម្មខេត្តប៉ៃលិន ព្រមទាំងមន្រ្តីរាជការ ពុទ្ធបរិស័ទ ជាច្រើនទៀតបានដង្ហែរអង្គកឋិនទាន សាមគ្គីទៅវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តភ្នំក្រិញ ស្ថិតក្នុងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
អង្គកឋិនទានសាមគ្គីនេះ បានធ្វើពីធីសែនក្រុងពាលី សូត្រមន្ត សំដែងព្រះបរិត ពុទ្ធជ័យ និងសំដែងធម៌ទេសនា នៅគេហដ្ឋានឯកឧត្តម កើត សុធា នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ លុះព្រឹកឡើងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀបចំក្បួនដង្ហែរអង្គកឋិនសាមគ្គី ចេញពីគេហដ្ឋានឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន លោកជំទាវគង់ស្តី កើតសុធា ឆ្ពោះទៅកាន់វត្តភ្នំក្រិញ ដើម្បីវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅទីអារាមនោះតែម្តង។
កឋិនទាន គឺជាបុណ្យមួយ ក្នុងប្រពៃណីព្រះពុទ្ធសាសនា ដែលជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ កឋិនទាន អាចធ្វើបានតែក្នុងរយៈពេល ២៩ថ្ងៃប៉ុណ្ណោះ ដោយចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ។ ក្នុងវត្តមួយ បើការចាំវស្សា គ្មានភិក្ខុនោះទេ ក៏មិនអាចហែរកឋិនចូលបានដែរ ព្រោះសាមណេរ គ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះត្រាតែយ៉ាងហោចណាស់ក៏ត្រូវមានភិក្ខុ ១អង្គដែរ ហើយដែលបានគង់ចាំវស្សា អស់៣ខែ បានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន។ ការធ្វើកឋិន គឺសំដៅយកតែស្បង់ និងចីវរតែប៉ុណ្ណោះ ប៉ុន្តែការដែលពុទ្ធបរិស័ទ មានសទ្ធាជ្រះថ្លា នាំសម្ភារៈ ថវិកា ត្រៃ ចីវរ លើសពីនេះទៅទៀត ក៏រឹតតែប្រសើរ គឺបានផល្លានិសង្សដល់អ្នកធ្វើកឋិន កាន់តែច្រើន តាមសម្ភារៈបរិក្ខារ ដែលជាបរិវារកឋិននោះ។
ក្នុងឱកាសនៃការដង្ហែរអង្គកឋិនទានទៅវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តភ្នំក្រិញ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន លោកជំទាវគង់ស្តី កើតសុធា លោកជំទាវ ជាលាភអភិបាលរងខេត្តប៉ៃលិន លោកជំទាវស៊ុម ហៀង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន ព្រមទាំងមន្រ្តីរាជការពុទ្ធបរិស័ទ បានប្រមូលបច្ច័យសំរាប់តំកល់កសាងសមិទ្ធផលនានាក្នុងវត្តភ្នំក្រិញចំនួន ៣០លាន ៩៨ម៉ឺនរៀល។
[youtube id= “3Z-dwGZ9j6E”]