(09-11-2015) ប៉ៃលិន៖ ថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៥ មានរៀបចំពិធីសម្ពោធបើកការតាំងពិព័រណ៌ពាណិជ្ជកម្ម និងដាក់បង្ហាញផលិតផលចងសម្ព័ន្ធមេត្រីភាព រវាងខេត្តប៉ៃលិននៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលពិធីនេះស្ថិតក្រោមវត្តមាន ឯកឧត្តម ប៉ាន់ សូរស័ក្កិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ឯកឧត្តមឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុមស័កិ្ក បរិសុទ្ធោ ហេមថាណុណ អភិបាលខេត្តចាន់បូរី នៃព្រះរាជាណាចក្រថៃ ។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ការដាក់បង្ហាញផលិតផលចងសម្ព័ន្ធមេត្រីភាព រវាងខេត្តប៉ៃលិននៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ក្នុងន័យផ្តល់ឱកាសដោះដូរផលិតផល និងសេវាកម្មទៅវិញទៅមកដែលមានរយះពេល៧ថ្ងៃចាប់ពីថ្ងៃទី៩វិច្ឆិកាដល់ថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០១៥ដោយភ្ជាប់ជាមួយពិធីអបអរសាទរ ពិធីបុណ្យខួបលើកទី៦២ នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣ ,៩វិច្ឆិកា ២០១៥និងទិវាខួបកំណើតកងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឯកឧត្តម ស៊ុមស័កិ្ក បរិសុទ្ធោ ហេមថាណុណ អភិបាលខេត្តចាន់បូរី បានមានប្រសាសន៍ថា ការរៀបចំបើកការតាំងពិពរណ៍ពាណិជ្ជកម្មនៅក្នុងខេត្តប៉ៃលិនពេលនេះគឺបង្ហាញពីទំនាក់ទំនង និងកិច្ចសហការ ដ៏ល្អរវាងខេត្តទាំងពីរជាប់ព្រំដែនលើវិស័យពាណិជ្ជកម្ម។ ឯកឧត្តមបានបន្តថា ខេត្តចាន់បុរីមានគោលនយោបាយ យកចិត្តទុកដាក់ជាខ្លាំងលើការតាំងពិព័រណ៍ពាណិជ្ជកម្មដើម្បីបង្ហាញពីផលិតផលដែលមាននៅក្នុងខេត្ត។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តចាន់បុរីក៏បានសំដែងនូវការចូលរួម ពិធីអបអរសាទរ បុណ្យខួបលើកទី៦២ នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣ ,៩វិច្ឆិកា ២០១៥និងទិវាខួបកំណើតកងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រជាជនកម្ពុជាផងដែរ។
ឯកឧត្តម ប៉ាន់ សូរស័ក្កិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាៈក្នុងអាណត្តិទី៥នៃរាជរដ្ឋាភិបាលកម្ពុជាក្រសួងពាណិជ្ជកម្មបានកំពុងកែទម្រង់ស៊ីជំរៅដើម្បីឆ្លើយតបទៅនិងសភាពការណ័វិវឌ្ឍន៍ នៃបរិយាសពាណិជ្ជកម្ម និងសេដ្ឋកិច្ចពេលបច្ចុប្បន្ន។ ក្រសួងពាណិជ្ជកម្មបានអនុវត្តកម្មវិធីកែទម្រង់ រួមមានការសម្របសម្រួលរចនាសម្ព័ន្ធក្រសួង ការធ្វើស្វ័យប្រវត្តិកម្ម (Online System)ចំពោះដាក់ពាក្យសុំ និងចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសំរាប់ការនាំចេញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីផ្លាកសញ្ញាពាណិជ្ជកម្ម។ ឯកឧត្តមបន្តថាៈក្រសួងពាណិជ្ជកម្មបានកំពុងខិតខំធ្វើយ៉ាងណាអោយបណ្តាខេត្តទូទាំងប្រទេសកម្ពុជាអាចមានឱកាសពង្រឹក និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រកបដោយភាពរីកចំរើន និងមានសកម្មភាពកាន់តែខ្លាំងក្លាឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយប្រទេសជិតខាង និងជាមួយបណ្តាដៃគូរពាណិជ្ជកម្មផ្សេងៗ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខេត្តអោយមានការរីកចំរើន និងប្រជាជនក្នុងខេត្តមានជីវភាពកាន់តែប្រសើឡើង។
បន្ទាប់ពីកាត់ខ្សែបូសម្ពោធបើកការតាំងពិព័រណ៌ពាណិជ្ជកម្ម និងដាក់បង្ហាញផលិតផលចងសម្ព័ន្ធមេត្រីភាព រវាងខេត្តប៉ៃលិននៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ រួចមកគណៈអធិបតីក៏បានអញ្ជើញទស្សនាស្តង់ដាក់តាំងលក់ទំនិញនានាផងដែរ។
[youtube id= “4jAwuHabf0k”]