ខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ ប្រជុំពិភាគ្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ


ប៉ៃលិន៖ នៅសាលាស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ប្រទេសថៃ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំប្រតិភូ ចូលរួម​ប្រជុំ​ពិភាគ្សា​ការងារ ជាមួយរដ្ឋបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយ ឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្ត ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅ​ជាប់ព្រំដែននៃប្រទេសទាំង២ ឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសការផ្លាស់ប្តូរ​កសិផលឆ្លងព្រំដែនរវាងខេត្តទាំង២។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានស្នើរដល់​សមភាគីខេត្តចាន់បុរី បន្តបង្កើនកិច្ចសហប្រតិបត្តិការ​ក្នុងការធ្វើចរាចរណ៍​ផ្លាស់ប្តូរទំនិញ​ឆ្លង​កាត់​ព្រំដែនរវាងខេត្តទាំង២ឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសគឺកសិផល ដែលជាដង្ហើម​សេដ្ឋកិច្ចដ៍សំខាន់ ចំពោះ​ប្រជាពលរដ្ឋដែលរស់នៅតាម​បណ្តោយព្រំដែន។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍​បញ្ជាក់​ថា៖ កន្លងមករដ្ឋបាលខេត្តចាន់បុរី នៃព្រះរាជា​ណា​ចក្រថៃ និងខេត្តប៉ៃលិន បានខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ដើម្បី​បម្រើ​ឱ្យផលប្រយោជន៍របស់ប្រជាជន និង​ប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។​ក្នុង​ឱកាស​នោះដែរឯកឧត្តម ផាន់ ចាន់ធុល ក៍បានសំណូមពរដល់ភាគីថៃ ត្រូវបន្តសហប្រតិបត្តិ​ការ​នូវបញ្ហាមួយចំនួនដូចជា៖ ការពន្លឿនការកសាងស្ពានឆ្លងព្រំដែន បញ្ហាពលករខ្មែរឆ្លង​ដែន​ខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែននានា និងការធ្វើពាណិជកម្មឆ្លងដែនរវាង​ខេត្ត​ច័ន្ទបុរី-ប៉ៃលិន ជាពិសេសជួយសម្រួលដល់ការនាំចេញស្វាយកែវល្មៀត និងផ្លែមៀន​ប៉ៃលិន​ទៅកាន់ប្រទេសថៃអោយបានកាន់ងាយស្រួលនិងមានភាពល្អប្រសើរជាងមុនផងដែរ។

ជាការឆ្លើយតប ឯកឧត្តម វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ បានសន្យាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងខេត្តទាំង២ និងខិតខំដោះ​ស្រាយ​នូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ហើយនឹងនាំយកនូវរាល់សំណូមពរទាំងអស់នេះ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីរកលទ្ធភាព និងដំណោះស្រាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំង២ឱ្យបានកាន់តែល្អប្រសើរឡើង។