ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
ប៉ៃលិន៖ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សារបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០១៩ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ជា លាភ អភិបាលរងខេត្តនិងមានការអញ្ជើញពីសមាជិកសមាជិកាគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តប៉ៃលិនផងដែរ។
បន្ទាប់ពីលោកស្រី គុំ ចាន់ធាវី នាយករងរដ្ឋបាលខេត្តបានអានរបាការណ៏ប្រចាំខែវិច្ឆិការបស់គណកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តរួចមក លោកជំទាវ ជា លាភ អភិបាលរងខេត្តបានមានប្រសាសន៏ថា ក្នុងរយះពេល១ខែ គិតពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ គណះកម្មាធិកា គ.ខ.ប.ជ បានអនុវត្តតាមផែនការដូច ដែលបានកំណត់ក្នុងការពង្រឹងនិរន្តរភាពការងារ សំដៅកាត់បន្ថយជាអប្បបរិមា នៃអត្រាគ្រោះថ្នាក់ដោយសារអំពើជួញដូរមនុស្ស និងការធ្វើចំណាកស្រុកចេញទៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋខ្មែរដើម្បីស្វែងរកការងារធ្វើប្រថុយប្រថាន។ លោកជំទាវបានបន្តទៀតថា ទន្ទឹមនិងនេះ គ.ខ.ប.ជ បានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលដៃគូរ អភិវឌ្ឍន៏នានា ដែលបានមកបំពេញបេសកម្មនៅក្នុងដែនសមត្ថកិច្ចខេត្ត និងសហការជាប្រចាំជាមួយអាជ្ញាធរខេត្តចាន់បូរី ប្រទេសថៃបានល្អប្រសើរ បានទប់ស្កាត់នូវអំពើជួញដូមនុស្សទទួលបានជោគជ័យ។
លោកជំទាវបានផ្តាំផ្ញើរដល់ក្រុមការងារគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តត្រូវបន្តលើកកម្ពស់ការងារផ្សព្វផ្សាយច្បាប់ គោលនយោបាយ និងពង្រឹងការអប់រំតាមគ្រប់រូបភាព និងការប្រើគ្រប់លទ្ធភាព និងធនធាន ដើម្បីលើកកម្ពស់ការយល់ដឹងជាសកលអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ទំនាក់ទំនងរវាង ទេសន្តប្រវេសន៍ និងអំពើជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធដទៃទៀត។-ជំរុញតាមដានត្រួតពិនិត្យក្រុមហ៊ុនបញ្ជូនពលករ ទៅធ្វើការនៅក្រៅ ប្រទេស ឲ្យអនុវត្តតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលឲ្យ បានត្រឹម ត្រូវដើម្បីការពារសុវត្ថិភាព។- បន្តរៀបចំវិធានការគ្រប់គ្រងលំហូរពលករទេសន្តប្រវេសន៍ ការងារឆ្លង ដែនមិនប្រក្រតី។- ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌជាពិសេស ការពង្រឹងកិច្ចសហការ ក្នុងការជួយគ្នាទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌជាមួយប្រទេសពាក់ព័ន្ធ។- បន្តអនុវត្ត និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និង ការចុះតាមដានអនុវត្តគោល នយោបាយនៅថ្នាក់ក្រោមជាតិ។-ពង្រឹងសកម្មភាពទទួលពលករ ការស្រាវជ្រាវទិន្នន័យ និងផ្ដល់សេវាជូនពលករដែលត្រូវបានបញ្ជូនត្រឡប់ពីអាជ្ញាធរបរទេស និងពលករវិលត្រឡប់វិញនៅតាមច្រកព្រំដែនសំខាន់ៗ៕