ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
មានប្រសាសន៍នៅក្នុងពិធីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ” ភូមិស្អាត សុខភាពល្អ” នាព្រឹកថ្ងៃព្រហស្បត៍ ២កើត ខែមិកសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩, ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាយរិទ្ធិ និងយុវជនកាកបាទក្រហម សរុបជាង ៦០០នាក់ នៅបរិវេណមុខសាលាខេត្តប៉ៃលិន, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ព្រមានផាកពិន័យដោយគ្មានការលើកលែងឡើយចំពោះបុគ្គលណាដែលចោលសំរាមពាសវាលពាសកាល ធ្វើអោយប៉ះពាល់ដល់បរិស្ថាន បង្ករភាពកខ្វក់ក្នុងទីក្រុង និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា៖ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវធ្វើអនាម័យ សំអាត គេហដ្ឋានរបស់ខ្លួនអោយបានស្អាត និងទុកដាក់សំរាមអោយបានត្រឹមត្រូវ សំរាប់ក្រុមហ៊ុនដឹកសំរាមយកទៅចាក់ចោលនៅទីកន្លែងមានសុវត្ថភាព។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ទិវាអនាម័យ បរិស្ថានជាតិ ២៣វិច្ឆិកានេះ គឺធ្វើឡើងក្នុងគោលបំណងបណ្តុះគំនិតប្រជាពលរដ្ឋអោយចេះស្រលាញ់បរិស្ថាន ធ្វើអោយបរិស្ថានស្អាត គ្មានសំរាមពាសវាលពាសកាល និងបណ្តុះគំនិតស្មារតី អោយមហាជនទូទៅមានការយល់ដឹង និងការទុកដាក់សំរាមអោយបានត្រឹមត្រូវ ក្រោមប្រធានបទ «ភូមិស្អាត សុខភាពល្អ» ដើម្បីទីក្រុងរបស់យើងស្អាត មានផាសុខភាព ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងកំសាន្ត ពិសេសយកចំណាត់ថ្នាក់ល្អ ក្នុងការចូលរួមចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តប៉ៃលិន បានអោយដឹងថា៖ ខេត្តប៉ៃលិន រយៈពេល៤ ឆ្នាំ ចុងក្រោយ ទិន្នន័យសំណល់រឹង មានការកើនឡើងជាលំដាប់ ដោយក្នុងឆ្នាំ២០១៦-២០១៧ បរិមាណសំរាមមានចំនួន ៣០.៥០តោនក្នុងមួយថ្ងៃ និងក្នុងឆ្នាំ២០១៨-២០១៩ បរិមាណសំរាមមានចំនួន ៣៦.៤០ តោនក្នុងមួយថ្ងៃ ដែលមានវិសាលភាពនៃការគ្រប់គ្រងបរិស្ថានមានផ្ទៃដីរួម១០៦២ គីឡូម៉ែត្រការ៉េ។ ពិនិត្យ កែសម្រួល៖ វួច ពឿន