ដោយ៖ វួច ពឿន វិទ្យុជាតិ ខេត្តប៉ៃលិន
ព្រឹកថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរសុខាភិបាលខេត្តប៉ៃលិន សហការជាជួយមួយម្ចាស់គំរោង2H បានបើកវគ្គបណ្តុះបណ្តាលស្តីពីមាតុភាពគ្មានគ្រោះថ្នាក់រយៈពេល២ថ្ងៃ (ពីថ្ងៃទី២៥ ដល់២៦ ខែវិច្ឆិកា) ជូនដល់ក្រុមគ្រូពេទ្យផ្នែកឆ្មប នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តប៉ៃ លិន។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួម ពីសំណាក់ លោកអនុបណ្ឌិត ស្លេះ យូ ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្តប៉ៃលិន លោក KEVIN ប្រធានគម្រោង២H ព្រមទាំងលោក-លោកស្រីប្រធាន អនុប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យឆ្មប នៅទូទាំងខេត្តប៉ៃលិនសរុបចំនួន៣០នាក់។
លោក KEVIN ប្រធានគម្រោង២H បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលស្តីពីមាតុភាពគ្មានគ្រោះថ្នាក់នេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាព ចំនេះដឹងបន្ថែមទៀតជូនដល់ក្រុមគ្រូពេទ្យផ្នែកឆ្មប ក្នុងខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ និងការកាត់បន្ថយគ្រោះថ្នាក់មាតា និងទារក អោយបានកាន់តែមានកំរិតទាប។ លោកបានបន្តថា៖ គម្រោង២H ចាប់ផ្តើមប្រតិប័ត្តការនៅក្នុងប្រទេសកម្ពុជាអស់រយៈ២០ឆ្នាំមកហើយ ក្នុងការចូលរួមបណ្តុះបណ្តាលពេទ្យឆ្មប ដែលមកដល់ពេលនេះ បានបណ្តុះបណ្តាលពេទ្យឆ្មបសរុបចំនួន៤០០០នាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកសំរាប់ខេត្តប៉ៃលិន ទើបជាលើកទី១ ប៉ុណ្ណោះដែលគំរោង2H បានធ្វើការបើកវគ្គបណ្តុះបណ្តាលជំនាញនេះ។
ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលនាពេលនេះពិតជាមានសារៈសំខាន់ណាស់ដល់ក្រុមគ្រូពេទ្យជំនាញឆ្មបរបស់យើងទាំងអស់ ដើម្បីពង្រឹងនូវសមត្ថភាព គុណភាពការងាររបស់ខ្លួន ក្នុងការពិនិត្យ ការ សង្គ្រោះដល់មាតា និងទារក ព្រោះថាបញ្ហាសុខភាពមាតា និងទារក នៅតែជាបញ្ហាមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងចាត់បញ្ជូលទៅក្នុងកិច្ចការជាអាទិភាពមួយក្នុងចំណោមកិច្ចការជាអាទិភាពនានា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី០៦នៃរដ្ឋសភា។ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកំពុងមានការយកចិត្តទុកដាក់ជម្រុញការអនុវត្តនូវផែនការកាត់បន្ថយ អត្រាមរណភាពរបស់មាតា អោយនៅត្រឹម១៤០ ក្នុងចំណោម១០០,០០០ កំណើតរស់ និងអត្រាមរណភាពទារកត្រឹម១៤នាក់ ក្នុងចំណោម១០០០កូនកើតរស់ នាឆ្នាំ២០២០ខាងមុខនេះ។ ឯកឧត្តមបានណែនាំដល់ក្រុមគ្រូពេទ្យផ្នែកឆ្មបក្នុងខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ អំពីជំនាញរបស់ខ្លួនអោយបានច្បាស់លាស់ សំរាប់យកទៅអនុវត្តជាក់ស្តែងអោយទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការគ្រោះថ្នាក់របស់មាតា និងទារក។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យទាំងអស់ត្រូវខិតខំពង្រឹងនូវសីលធម៌ ភាពសេចក្តីថ្លៃថ្នូ មានទំនាក់ទំនងល្អ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីព្យាបាលជំងឺរបស់ពួកគាត់អោយបានល្អ ទាន់ពេលវេលា។ ទន្ទឹមនឹងនេះឯកឧត្តម ជំរុញដល់មន្ទីរសុខាភិបាលខេត្តត្រូវខិតខំធ្វើយ៉ាងបន្តសហការជាមួយគម្រោង2H អោយបានជាប់ជាប្រចាំ ដើម្បីគុណប្រយោជន៍ដល់ខេត្តប៉ៃលិនយើង ក្នុងការផ្តល់នូវចំនេះដឹងជំនាញ ផ្នែកឆ្មប សំរាប់យកទៅបំរើដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងមូល៕ ពិនិត្យ កែសម្រួល៖ វួច ពឿន